អត្ថប្រយោជន៍​សុខភាព​ទាំង ​៨​ ​របស់​ផ្លែ​ម្នាស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្ថប្រយោជន៍​សុខភាព​ទាំង ​៨​ ​របស់​ផ្លែ​ម្នាស់​

អត្ថប្រយោជន៍​សុខភាព​ទាំង ​៨​ ​របស់​ផ្លែ​ម្នាស់​

​ម្នាស់​មិន​ត្រឹមតែ​ជា​ផ្លែ​ឈើ​តំបន់​ត្រូពិច​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​វា​ក៏​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​លើសលប់​ចំពោះ​សុខភាព​ផងដែរ​។ ​យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឱ្យដឹង​ថា​ ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​ត្រូវបាន​គេ​យកមក​ប្រើប្រាស់​ក្នុង​ឱសថ​បុរាណ​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។​

Advertisement

​បច្ចុប្បន្ន​ ​ម្នាស់​មាន​ច្រើន​ទម្រង់​ដូចជា​ ​ម្នាស់​ស្រស់​ ម្នាស់​កំប៉ុង​ និង​ម្នាស់​ក្រៀម ​ដែល​ធ្វើឱ្យ​យើង​ងាយស្រួល​រក​ទទួលទាន​បាន​គ្រប់​រដូវកាល​។ ​សម្រាប់​ម្នាស់​កំប៉ុង​ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ ​ប៉ុន្តែ​លោក​អ្នក​គួរ​ជ្រើសរើស​ប្រភេទ​ដែល​ត្រាំ​ក្នុង​ទឹក​ម្នាស់​ធម្មជាតិ​ ​ជៀសវាង​ប្រភេទ​ត្រាំ​ទឹក​សេរ៉ូ ​(​Syrup​) ​ដើម្បី​កាត់បន្ថយ​ការ​លើសជាតិ​ស្ករ​។​

​មិន​ថា​អ្នក​ចូលចិត្ត​ទទួលទាន​ម្នាស់​តាម​របៀប​ណា​នោះ​ទេ​ ​មិន​ថា​ញ៉ាំ​ស្រស់ ​ឬ​កិន​ធ្វើជា​ទឹក​ក្រឡុក​ឡើយ​ ​គឺ​សុទ្ធតែ​ជា​ជម្រើស​ដ៏​ល្អ​ដែល​អ្នក​គួរតែ​បញ្ចូល​វា​ទៅក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​។​

​អត្ថប្រយោជន៍​សុខភាព​ទាំង ​៨​ ​យ៉ាង​នៃ​ផ្លែ​ម្នាស់​៖​

​១. ​សម្បូរ​ទៅ​ដោយ​វីតាមីន​ ​C​ ​(​Vitamin​ ​C​)​

​ជីវជាតិ​ដែល​លេចធ្លោ​ជាង​គេ​នៅក្នុង​ផ្លែ​ម្នាស់​គឺ​ វីតាមីន​ ​C​ ​ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ស៊ាំ ​និង​ផ្តល់​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។ ​ម្នាស់​មួយ​ចំណិត​ ​(​ប្រហែល​ ​១៦៥​ ក្រាម​) ​មាន​ផ្ទុក​វីតាមីន​ ​C​ ​រហូតដល់​ ​៧៨.៩​ ​មីលីក្រាម​ ​ដែល​ចំនួន​នេះ​គឺ​លើស​ពី​តម្រូវការ​ប្រចាំ​ថ្ងៃ​សម្រាប់​ស្ត្រី​ (​៧៥​ ​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​) ​និង​ជិត​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​របស់​បុរស​ (​៩០​ ​មីលីក្រាម​ក្នុង​មួយ​ថ្ងៃ​)​។​ វីតាមីន​ ​C​ ​ជួយ​ដល់​ការ​លូតលាស់​ ​និង​ការ​ជួសជុល​កោសិកា​ដែល​ខូចខាត​ក្នុង​រាងកាយ​ ​ដូចជា​ការ​ជំរុញ​ការ​បង្កើត​កូឡា​ជែន​សម្រាប់​ស្បែក​មាន​សុខភាព​ល្អ ​ជួយ​ព្យាបាល​មុខរបួស​ និង​ជួយ​ដល់​ការ​ស្រូបយក​ជាតិ​ដែក​បាន​ល្អ​។​

​២. ​ជួយ​សម្រួល​ដល់​ការ​សម្រក​ទម្ងន់​

​ទោះបីជា​មិន​ទាន់​មាន​ភស្តុតាង​រឹងមាំ​ទាំងស្រុង​ដែល​បញ្ជាក់​ថា​ ​ម្នាស់​ជួយ​បង្កើន​ការ​ដុត​រំលាយ​អាហារ​ (​Metabolism​) ​លើ​មនុស្ស​ក៏ដោយ​ ​ប៉ុន្តែ​ការ​សិក្សា​បាន​រកឃើញ​ថា​ ​ទឹក​ម្នាស់​អាច​ជួយ​កាត់បន្ថយ​ការ​បង្កើត​ជាតិ​ខ្លាញ់​ ​និង​បង្កើន​ការ​បំបែក​ជាតិ​ខ្លាញ់​បាន​។​

​លើស​ពី​នេះ​ ម្នាស់​ជា​ជម្រើស​អាហារ​សម្រន់​ដ៏​ល្អ​បំផុត​ព្រោះ​វា​មាន​កាឡូរី​ទាប ​សម្បូរ​វីតាមីន ​និង​មិន​មាន​ជាតិ​ខ្លាញ់​ឆ្អែត ​(​Saturated​ ​fats​) ​ឡើយ​។ ​ជាតិ​សរសៃ ​(​Fiber​) ​២.៣​ ​ក្រាម​ក្នុង​ម្នាស់​មួយ​ចំណិត​ ​ក៏​ជំនួយ​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ​និង​ធ្វើឱ្យ​លោក​អ្នក​មានអារម្មណ៍​ថា​ឆ្អែត​បាន​យូរ ​ដែល​ជួយ​ក្នុង​ការ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ផ្ដេសផ្ដាស​។​

​៣. ​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​

​នៅក្នុង​ផ្លែ​ម្នាស់​មាន​ផ្ទុក​សារធាតុ​ ​ប្រូមេឡាញ​ ​(​Bromelain​) ​ដែល​ជា​បណ្តុំ​អង់ស៊ីម​ជួយ​កាត់បន្ថយ​ការ​រលាក​ សម្រួល​ការ​ហើម​ពោះ ​និង​ជួយ​ឱ្យ​មុខរបួស​ ​ឬ​របួស​រលាក​ឆាប់​ជាសះស្បើយ​។ ​វា​ក៏​ត្រូវបាន​គេ​ប្រើប្រាស់​តាំងពី​យូរ​លង់​ណាស់​មកហើយ​នៅ​តំបន់​អាមេរិក​កណ្តាល​ ​និង​អាមេរិក​ខាងត្បូង​ ​ដើម្បី​ព្យាបាល​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​ ​ហើយ​ការ​សិក្សា​ក៏​បាន​បង្ហាញ​ថា​ ​វា​អាច​ជួយ​កាត់បន្ថយ​អាការៈ​រាគរូស​ផងដែរ​។​

​៤. ​សារធាតុ​ម៉ង់ហ្គាណែស ​(​Manganese​) ​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​

​ក្រៅពី​កាល់ស្យូម ​សារធាតុ​រ៉ែ​ខនិក​ម៉ង់ហ្គាណែស ​គឺ​ចាំបាច់​ណាស់​សម្រាប់​រក្សា​ឆ្អឹង​ឱ្យ​រឹងមាំ​។ ​ម្នាស់​គឺជា​ប្រភព​អាហារ​ឈាន​មុខ​គេ​មួយ​ នៃ​សារធាតុ​រ៉ែ​នេះ​ ​ដោយ​ម្នាស់​តែ​មួយ​ពែង​អាច​ផ្តល់​សារធាតុ​ម៉ង់ហ្គាណែស​រហូតដល់​ ​៧៦​% ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​ ​ដែល​វា​ជួយ​ការពារ​ជំងឺ​ពុក​ឆ្អឹង​ និង​ពង្រឹង​ដង់ស៊ីតេ​ឆ្អឹង​។​

​៥. ​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​នឹង​ជំងឺ​

​ការ​សិក្សា​បាន​បង្ហាញ​ថា​ ​ផ្លែ​ម្នាស់​ជា​ប្រភព​ដ៏​អស្ចារ្យ​ ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ដូចជា​ ​Phenolics​, ​Flavonoids​ ​និង​ វីតាមីន​ ​C​។ ​សារធាតុ​ទាំង​នេះ​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក​ និង​រ៉ាឌីកាល់​សេរី ​(​Free​ ​radicals​) ​នៅក្នុង​រាងកាយ​ ​ដែល​ជា​ម៉ូលេគុល​បង្ក​ការ​ខូចខាត​ដល់​កោសិកា​ ​និង​នាំឱ្យ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ ​ជំងឺ​បេះដូង​, ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២, ​ជំងឺ​វង្វេង ​(​Alzheimer​) ​និង​បញ្ហា​ភ្នែក​។​

​៦.​ ​ប្រឆាំង​នឹង​ជំងឺ​មហារីក​

​ជំងឺ​មហារីក​កើតឡើង​នៅ​ពេល​ដែល​កោសិកា​មិន​ប្រក្រតី​កើនឡើង​ និង​បំផ្លាញ​កោសិកា​ល្អ​ៗ​។ ​ទោះបីជា​មិន​មាន​វិធី​ណា​ការពារ​ជំងឺ​មហារីក​បាន​ ​១០០​% ​ក៏ដោយ​ ​ប៉ុន្តែ​ការ​ទទួលទាន​របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ដូចជា​ផ្លែ​ម្នាស់​ ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ នៃ​ជំងឺ​នេះ​បាន​ ​ដោយសារ​វា​ចូលទៅ​កំទេច​រ៉ាឌីកាល់​សេរី​។​

​៧.​ ​កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​ ​(​Anti​-​Inflammatory​)

​ការ​រលាក​រ៉ាំរ៉ៃ​នៅក្នុង​រាងកាយ​អាច​នាំឱ្យ​កើត​ជំងឺ​ជាច្រើន​ ​ដូចជា​ជំងឺ​សរសៃ​ឈាម​បេះដូង​ ​ទឹកនោម​ផ្អែម​ មហារីក​ និង​អាល់ហ្សៃ​មឺរ​។ របប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាហារ​ប្រឆាំង​នឹង​ការ​រលាក​ដូចជា​ម្នាស់​ ​អាច​ជួយ​កាត់បន្ថយ​កម្រិត​ ​នៃ​ការ​រលាក​ទាំងនេះ​បាន​យ៉ាង​ប្រសើរ​ ​ដោយសារតែ​វត្តមាន​ ​នៃ​អង់ស៊ីម​ប្រូមេឡាញ​ ​(​Bromelain​)​។​

​៨. ​ជួយ​ពង្រឹង​ប្រព័ន្ធ​ស៊ាំ​រាងកាយ​

​ម្នាស់​អាច​ជួយ​អ្នក​បាន​នៅពេល​អ្នក​មានអារម្មណ៍​ថា​ចង់​ផ្តាសាយ​។ ​ការ​សិក្សា​បាន​រកឃើញ​ថា​ ​កុមារ​ដែល​បាន​ទទួលទាន​ម្នាស់​កំប៉ុង​ ​មាន​ការ​ឆ្លង​មេរោគ​បាក់តេរី​ ​និង​វីរុស​តិច​ជាង​កុមារ​ដែល​មិន​បាន​ញ៉ាំ​។ ​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា​ ​ការ​ទទួលទាន​ម្នាស់​ពី ​១៤០​ ​ទៅ​ ​២៨០​ ​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ​អាច​កាត់បន្ថយ​ឱកាស​ នៃ​ការ​ឆ្លង​មេរោគ​ ​ឬ​ជួយ​ឱ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា