យល់ដឹងពីខ្លួនឯង ៖ តើអ្វីទៅជាបុគ្គលិកលក្ខណៈរបស់មនុស្ស Introvert? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យល់ដឹងពីខ្លួនឯង ៖ តើអ្វីទៅជាបុគ្គលិកលក្ខណៈរបស់មនុស្ស Introvert?

យល់ដឹងពីខ្លួនឯង ៖ តើអ្វីទៅជាបុគ្គលិកលក្ខណៈរបស់មនុស្ស Introvert?

មនុស្សភាគច្រើនតែងគិតថា មនុស្សដែលមានចរិត Introvert (បុគ្គលិកលក្ខណៈបែបឯកជននិយម) គឺជាមនុស្សដែលស្ងប់ស្ងាត់ អៀនប្រៀន និងមិនចូលចិត្តសង្គម។ ប៉ុន្តែ តាមបែបវិទ្យាសាស្ត្រ ការពិតវាមិនមែនសាមញ្ញបែបនោះឡើយ។

Advertisement

តោះ! មកស្វែងយល់ទាំងអស់គ្នាថា តើវិទ្យាសាស្ត្រនិយាយអ្វីខ្លះពី Introvert ហើយតើអ្នកដែលមានចរិតបែបនេះគួរថែរក្សាសុខភាពផ្លូវចិត្តរបស់ខ្លួនដោយរបៀបណា?

១. តើ Introvert គឺជាអ្វី? (តាមទស្សនៈវិទ្យាសាស្ត្រ)

ពាក្យថា “Introvert” ត្រូវបានបង្កើតឡើងដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ១៩២០ ដោយចិត្តវិទូ Carl Jung ដើម្បីពិពណ៌នាអំពីមនុស្សដែលផ្ដោតលើពិភពខាងក្នុងចិត្តរបស់ខ្លួន។

ទោះជាយ៉ាងណា ក្នុងការសិក្សាស្រាវជ្រាវចិត្តវិទ្យាទំនើប (ដូចជាទ្រឹស្ដីបុគ្គលិកលក្ខណៈ Big Five ផ្អែកលើកត្តា ៥ យ៉ាង) អ្នកវិទ្យាសាស្ត្របានរកឃើញថា វាមិនមែនជាការបែងចែកដាច់ខាតនោះទេ មនុស្សយើងមិនមែនកើតមកដឹងតែជា Introvert ឬ Extrovert ១០០% នោះឡើយ ប៉ុន្តែយើងស្ថិតនៅលើខ្សែកោងមួយ ដោយមនុស្សភាគច្រើនគឺស្ថិតនៅចន្លោះកណ្ដាល។

មនុស្ស Introvert មិនមែនស្អប់ការចូលសង្គមនោះទេ ពួកគាត់នៅតែរីករាយក្នុងការជួបជុំមិត្តភក្តិ ។ ប៉ុន្តែ ខុសពីមនុស្ស Extrovert ដែលទទួលបានថាមពលពីការជួបជុំ មនុស្ស Introvert នឹងត្រូវចំណាយថាមពលច្រើនក្នុងការប្រាស្រ័យទាក់ទងទៅវិញ ដូច្នេះពួកគាត់ត្រូវការពេលវេលានៅម្នាក់ឯងដើម្បី «សាកថ្ម» ឬបំពេញថាមពលឡើងវិញ។

២. សញ្ញាសម្គាល់ថាអ្នកអាចជាមនុស្ស Introvert

ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិដូចខាងក្រោមនេះភាគច្រើន អ្នកអាចជាមនុស្សដែលមានទំនោរទៅរក Introvert៖
-ចូលចិត្តភាពឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង
-មានការផ្តោតអារម្មណ៍ខ្ពស់ មិនងាយរំខានដោយមជ្ឈដ្ឋានជុំវិញ
-គិតគូរបានហ្មត់ចត់ និងដកថយមកក្រោយដើម្បីសង្កេត ជាជាងការលោតទៅកាត់មុខគេ
-គិតមុននិយាយ និងចូលចិត្តស្តាប់ច្រើនជាងនិយាយ
-ចូលចិត្តមានមិត្តភក្តិស្និទ្ធស្នាលតែពីរបីនាក់ ជាជាងមានមិត្តភក្តិច្រើននាក់តែមិនស៊ីជម្រៅ
-ចូលចិត្តកន្លែងស្ងប់ស្ងាត់ និងមិនសូវចូលចិត្តប្រថុយប្រថាន
-អស់កម្លាំង ឬល្វើយខ្លាំងក្រោយពេលត្រឡប់មកពីកម្មវិធីជួបជុំធំៗ

៣. ផលប៉ះពាល់លើសុខភាព និងការរស់នៅ

ការស្រាវជ្រាវបានបង្ហាញពីចំណុចវិជ្ជមាន និងចំណុចប្រឈមមួយចំនួនរបស់មនុស្ស Introvert ដូចជា៖

ការពេញចិត្តក្នុងជីវិត ៖ ការសិក្សាខ្លះបង្ហាញថា មនុស្ស Introvert អាចមានកម្រិតនៃការពេញចិត្តនឹងជីវិតទាបជាង Extrovert បន្តិច ដោយសារពួកគាត់មិនសូវបង្ហាញអារម្មណ៍រំភើបញាប់ញ័រខ្លាំង និងមានបណ្តាញសង្គមតូចជាង។ ប៉ុន្តែ នេះមិនមែនមានន័យថាពួកគាត់មិនអាចរស់នៅដោយមានសេចក្តីសុខនោះទេ។

ភាពធន់នឹងការនៅម្នាក់ឯង ៖ មនុស្ស Introvert អាចទប់ទល់នឹងស្ថានភាពឯកោ ឬការកាត់ផ្តាច់ពីសង្គមបានល្អ (ឧទាហរណ៍៖ អំឡុងពេលបិទខ្ទប់ឆ្លងជំងឺកូវីដ-១៩ ពួកគាត់មិនសូវមានអារម្មណ៍ឯកោខ្លាំងដូចមនុស្ស Extrovert ឡើយ)។

សុខភាពរាងកាយ ៖ ជាទូទៅ មនុស្ស Introvert មានសុខភាពល្អមិនចាញ់ Extrovert ទេ ហើយពួកគាត់មានទំនោរមិនសូវប្រថុយប្រថាននឹងការជក់បារី ឬការប្រើប្រាស់គ្រឿងស្រវឹងឡើយ។

មិនមែនសុទ្ធតែភ័យខ្លាចសង្គម (Social Anxiety) ទេ ៖ ត្រូវចាំថា Introvert និងរោគភ័យខ្លាចសង្គម គឺជារឿងពីរខុសគ្នាដាច់ស្រឡះ។ មនុស្ស Introvert គ្រាន់តែជ្រើសរើសមិនចូលរួម ព្រោះចង់រក្សាថាមពល មិនមែនព្រោះតែខ្លាចរអាឡើយ។

៤. គន្លឹះថែទាំផ្លូវចិត្ត និងខ្លួនឯង (Self-Care) សម្រាប់ Introvert

ដើម្បីរស់នៅក្នុងពិភពលោកដ៏អ៊ូអរនេះបានយ៉ាងមានក្តីសុខ មនុស្ស Introvert គួរអនុវត្តគន្លឹះទាំងនេះ៖

ចំណាយពេលនៅម្នាក់ឯងដើម្បីសាកថ្ម ៖ ក្រោយពេលត្រឡប់ពីការធ្វើការ ឬកម្មវិធីជួបជុំ ត្រូវផ្តល់ពេលឱ្យខ្លួនឯងដើម្បីធ្វើអ្វីដែលស្ងប់ស្ងាត់ ដូចជាការធ្វើសមាធិ ដកដង្ហើមវែងៗ ឬអានសៀវភៅ។

ស្វែងរកក្រុមមនុស្សដែលមានចរិតដូចគ្នា ៖ ការបង្កើតទំនាក់ទំនងជាមួយមនុស្ស Introvert ដូចគ្នា ជួយឱ្យអ្នកមានអារម្មណ៍ថាមានគេយល់ចិត្ត និងអាចបង្កើតទំនាក់ទំនងដែលស៊ីជម្រៅ មិនហត់នឿយ។

ឱ្យតម្លៃលើចំណុចខ្លាំងរបស់ខ្លួនឯង ៖ ភាពច្នៃប្រឌិត ការធ្វើជាអ្នកស្តាប់ដ៏ល្អ ការគិតស៊ីជម្រៅ និងការយកចិត្តទុកដាក់លើព័ត៌មាន គឺជា «ថាមពលពិសេស» របស់អ្នក។

រៀនសូត្រជំនាញបន្ថែមដែលខ្វះខាត ៖ ប្រសិនបើអ្នកចង់មានទំនាក់ទំនងល្អជាងមុន ឬចង់ហ៊ាននិយាយនៅកន្លែងធ្វើការ អ្នកអាចហាត់រៀនជំនាញទំនាក់ទំនង ឬការនិយាយជាសាធារណៈបាន។ វាជាការបង្កើតទម្លាប់ជួយខ្លួនឯង មិនមែនជាការបង្ខំដូរចរិតនោះទេ។

ទទួលស្គាល់ និងស្រឡាញ់ខ្លួនឯង ៖ កុំព្យាយាមធ្វើជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាអ្នក។ ការរស់នៅខុសពីគេបន្តិចនៅក្នុងពិភពលោកដែលពោរពេញដោយភាពអ៊ូអរ គឺជារឿងធម្មតា និងមិនមានអ្វីខុសឆ្គងឡើយ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា