តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ?

តើពេលវេលាណាដែលល្អបំផុតក្នុងការទទួលទានកាហ្វេ?

សម្រាប់មនុស្សជាច្រើន ការក្រេបកាហ្វេមួយពែងនៅពេលព្រឹក គឺជាទម្លាប់ដែលមិនអាចខ្វះបានដើម្បីដាស់ស្មារតីឱ្យស្រស់ថ្លា។ ក៏ប៉ុន្តែ មនុស្សភាគច្រើនតែងចោទជាសំណួរថា តើពេលណាជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលទាន?

បើយោងតាមការលើកឡើងរបស់លោកបណ្ឌិត Jose Antonio សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកីឡា និងលំហាត់ប្រាណនៅសាកលវិទ្យាល័យ Nova Southeastern រដ្ឋផ្លរីដា បានបញ្ជាក់ថា ពេលវេលាល្អបំផុតគឺ «អាស្រ័យទៅលើគោលដៅសុខភាពរបស់បុគ្គលម្នាក់ៗ»។ ដោយសារកត្តាហ្សែន ស្ថានភាពសុខភាព និងការប្រើប្រាស់ថ្នាំមានភាពខុសគ្នា ជាតិកាហ្វេអ៊ីន (Caffeine) តែងផ្តល់ផលប៉ះពាល់ដល់រាងកាយមិនដូចគ្នាឡើយ។

ខាងក្រោមនេះជាពេលវេលាសមស្របតាមតម្រូវការជាក់ស្តែង៖

១. មុនពេលហាត់ប្រាណ ឬចាប់ផ្តើមការងារផ្តោតអារម្មណ៍ខ្លាំង

ពេលវេលាល្អ៖ ៦០ នាទីមុនពេលចាប់ផ្តើមសកម្មភាព។

មូលហេតុ៖ សមាគមអាហារូបត្ថម្ភកីឡាអន្តរជាតិ (ISSN) បង្ហាញថា ការទទួលទានកាហ្វេមុន ៦០ នាទី ជួយបង្កើនសមត្ថភាពស៊ូទ្រាំនៃរាងកាយ ជួយដល់ការរត់ ការលោត និងការលើកទម្ងន់។ ក្រៅពីនេះ ជាតិកាហ្វេអ៊ីនក៏ជួយបង្កើនការចងចាំ ការផ្ចង់អារម្មណ៍ និងភាពរហ័សរហួនក្នុងការសម្រេចចិត្តផងដែរ។

២. ពេលព្រឹកព្រលឹម ដើម្បីជំនួយដល់ការបន្ទោរបង់

ពេលវេលាល្អ៖ ពេលព្រឹក ក្រោយភ្ញាក់ពីគេង។

មូលហេតុ៖ អ្នកជំនាញអាហារូបត្ថម្ភ Kelly Burgess ពន្យល់ថា កាហ្វេជួយភ្ញោចអ័រម៉ូន Gastrin ដែលជំរុញឱ្យពោះវៀនធំកន្ត្រាក់ និងធ្វើចលនា។ ដោយសារប្រព័ន្ធរំលាយអាហារដំណើរការខ្លាំងនៅពេលព្រឹក ការញ៉ាំកាហ្វេពេលនេះអាចជួយឱ្យការបន្ទោរបង់កាន់តែស្រួល ប៉ុន្តែត្រូវប្រាកដថាអ្នកនៅជិតបន្ទប់ទឹក ព្រោះវាអាចផ្តល់ប្រសិទ្ធភាពត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

៣. បញ្ឈប់ការទទួលទានឱ្យបាន ៨ ម៉ោងមុនពេលចូលគេង

ពេលវេលាដែលត្រូវចៀសវាង៖ យ៉ាងតិច ៨ ម៉ោងមុនពេលគេង។

មូលហេតុ៖ ជាតិកាហ្វេអ៊ីនត្រូវការពេលយូរដើម្បីរំលាយចេញពីរាងកាយ។ ការទទួលទានកាហ្វេនៅពេលរសៀលពេក ឬល្ងាច នឹងធ្វើឱ្យពិបាកគេងលក់ គេងមិនស្កប់ និងកាត់បន្ថយគុណភាពដំណេក ជាពិសេសចំពោះអ្នកដែលមានបញ្ហាគេងមិនលក់ស្រាប់។

ចំណុចប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងការប្រើប្រាស់ថ្នាំ

ជំងឺក្រពះ និងច្រាលអាស៊ីត (GERD)៖ គួរញ៉ាំអាហារទ្រាប់ពោះជាមុន និងជ្រើសរើសកាហ្វេដែលមានកម្រិតអាស៊ីតទាប (Dark roast ឬ Cold brew)។
ការវាស់សម្ពាធឈាម៖ ត្រូវចៀសវាងញ៉ាំកាហ្វេ ១ ម៉ោងមុនពេលជួបគ្រូពេទ្យ ព្រោះវាអាចធ្វើឱ្យបេះដូងលោតញាប់ និងសម្ពាធឈាមឡើងខ្ពស់បណ្តោះអាសន្ន។
អ្នកប្រើប្រាស់ថ្នាំពេទ្យ៖ ជាតិកាហ្វេអ៊ីនអាចរារាំងការស្រូបយកថ្នាំក្រពេញទីរ៉ូអ៊ីត ជំងឺពុកឆ្អឹង ជំងឺស្លេកស្លាំង និងថ្នាំលើសឈាម។ គួរលេបថ្នាំជាមួយទឹកស្អាតមុន ១ ម៉ោង ឬក្រោយញ៉ាំកាហ្វេ ២ ម៉ោង៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា