អ្វីដែលអ្នកគួរដឹងអំពីការបំពេញជាតិទឹកសម្រាប់រាងកាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្វីដែលអ្នកគួរដឹងអំពីការបំពេញជាតិទឹកសម្រាប់រាងកាយ

អ្វីដែលអ្នកគួរដឹងអំពីការបំពេញជាតិទឹកសម្រាប់រាងកាយ

ទឹកគឺជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់រស់រានមានជីវិត និងជួយឱ្យរាងកាយ ក៏ដូចជាស្មារតីដំណើរការបានល្អបំផុត។ ប៉ុន្តែ តើយើងពិតជាត្រូវការផឹកទឹក ៨ កែវ ឬ ២,៥លីត្រ ក្នុងមួយថ្ងៃមែនដែរ ឬទេ?

Advertisement

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ យើងត្រូវបានគេប្រាប់ថាត្រូវផឹកទឹកឱ្យបាន ២,៥ លីត្រ ឬ ៨ កែវក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ការសិក្សាស្រាវជ្រាវបានបង្ហាញថា នៅក្នុង​អាហារក៏មានជាតិទឹកដែរ ក្នុងនោះ​ប្រហែល ២០% នៃជាតិទឹកដែលរាងកាយទទួលបាន គឺមកពីអាហារដែលយើងញ៉ាំ (ជាពិសេសបន្លែ និងផ្លែឈើ)។ ចំណែក កាហ្វេ តែ ឬភេសជ្ជៈផ្សេងទៀត ក៏ត្រូវបានរាប់បញ្ចូលក្នុងបរិមាណជាតិទឹកសរុបប្រចាំថ្ងៃផងដែរ (ទោះបីជាទឹកស្អាតនៅតែជាជម្រើសល្អបំផុតក៏ដោយ)។

តើយើងគួរផឹកទឹកប៉ុន្មានទើបគ្រប់គ្រាន់?

ចម្លើយគឺ អាស្រ័យលើបុគ្គលម្នាក់ៗ។ តម្រូវការទឹកប្រែប្រួលទៅតាម ទម្ងន់ ភេទ សីតុណ្ហភាពជុំវិញខ្លួន និងសកម្មភាពរាងកាយ។ រាងកាយរបស់យើងមានប្រព័ន្ធឆ្លាតវៃណាស់ នៅពេលរាងកាយខ្វះជាតិទឹក វានឹងបញ្ជូនសញ្ញា “ស្រេក” មកកាន់ខួរក្បាល។ ដូច្នេះ នៅពេលអ្នកមានអារម្មណ៍ថាស្រេកទឹក នោះគឺជាពេលដែលអ្នកត្រូវផឹក។

របៀបពិនិត្យមើលថាអ្នកខ្វះជាតិទឹកឬទេ?

វិធីដែលងាយស្រួលបំផុតគឺពិនិត្យ “ពណ៌ទឹកនោម”៖
ពណ៌លឿងស្រាល៖ រាងកាយមានជាតិទឹកគ្រប់គ្រាន់។
ពណ៌លឿងចាស់ ឬក្រម៉ៅ៖ រាងកាយកំពុងខ្វះជាតិទឹក អ្នកគួរផឹកទឹកបន្ថែម។

តួនាទីរបស់អេឡិចត្រូលីត (Electrolytes)

ក្រៅពីទឹក រាងកាយក៏ត្រូវការសារធាតុរ៉ែដូចជា សូដ្យូម ប៉ូតាស្យូម កាល់ស្យូម និងម៉ាញ៉េស្យូម ដើម្បីជួយឱ្យជាតិទឹកជ្រាបចូលទៅក្នុងកោសិកា។

ដូច្នេះប្រសិនបើអ្នកញ៉ាំអាហារដែលមានតុល្យភាព (បន្លែ ផ្លែឈើ សាច់) អ្នកមិនចាំបាច់បារម្ភពីរឿងខ្វះអេឡិចត្រូលីតឡើយ។

ករណីដែលត្រូវប្រយ័ត្ន

មានស្ថានភាពខ្លះដែលអ្នកមិនត្រូវចាំទាល់តែស្រេកទើបផឹក ដូចជា ៖
ពេលឈឺ ៖ បញ្ហារាគរូស ឬក្អួត ធ្វើឱ្យរាងកាយបាត់បង់ជាតិទឹកលឿនបំផុត។
អ្នកកីឡាធ្ងន់ធ្ងរ ៖ អ្នករត់ម៉ារ៉ាតុង ឬអ្នកជិះកង់ចម្ងាយឆ្ងាយ អាចប្រឈមនឹងបញ្ហា Hyponatremia ដែលកើតឡើងដោយសារការផឹកទឹកច្រើនជ្រុល រហូតធ្វើឱ្យកម្រិតសូដ្យូមក្នុងឈាមចុះទាបខ្លាំង។

ទម្លាប់ល្អក្នុងការផឹកទឹកប្រចាំថ្ងៃ

សម្រាប់អ្នកដែលធ្វើការផ្ដោតអារម្មណ៍ខ្លាំង រហូតភ្លេចផឹកទឹក អ្នកអាចអនុវត្តវិធីខាងក្រោម៖

  1. ដាក់ដបទឹកក្បែរខ្លួន៖ ប្រើដបទឹកចំណុះប្រហែល ៨០០ មីលីលីត្រ ហើយតាំងចិត្តផឹកឱ្យអស់ ១ ដបក្នុងមួយថ្ងៃ បន្ថែមលើភេសជ្ជៈផ្សេងៗ។
  2. ញ៉ាំអាហារដែលមានជាតិទឹក៖ បង្កើនការញ៉ាំបន្លែ និងផ្លែឈើស្រស់។
  3. កាត់បន្ថយភេសជ្ជៈផ្អែម៖ ប្ដូរពីការផឹកទឹកផ្អែមមកផឹកទឹកស្អាតវិញ នៅពេលអ្នកស្រេកទឹក។

សរុបមកវិញ អ្នកមិនចាំបាច់បង្ខំផឹកទឹកឱ្យគ្រប់ ៨ កែវ ប្រសិនបើអ្នកមិនស្រេកនោះទេ។ គ្រាន់តែស្ដាប់សញ្ញាពីរាងកាយ ញ៉ាំអាហារឱ្យមានតុល្យភាព និងឧស្សាហ៍សង្កេតស្ថានភាពខ្លួនឯងជាការស្រេច៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា