គន្លឹះ ៣ យ៉ាងនៅពេលព្រឹកអាចជួយបង្កើនថាមពលបានពេញមួយថ្ងៃដោយមិនបាច់ផឹកកាហ្វេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គន្លឹះ ៣ យ៉ាងនៅពេលព្រឹកអាចជួយបង្កើនថាមពលបានពេញមួយថ្ងៃដោយមិនបាច់ផឹកកាហ្វេ

គន្លឹះ ៣ យ៉ាងនៅពេលព្រឹកអាចជួយបង្កើនថាមពលបានពេញមួយថ្ងៃដោយមិនបាច់ផឹកកាហ្វេ

អ្នកជំនាញខាងរបបអាហារជនជាតិតៃវ៉ាន់ Gao Minmin បានចង្អុលបង្ហាញថា ស្ថានភាពល្ហិតល្ហៃ និងងុយគេងរហូត ភាគច្រើនមិនមែនមកពី “ការផឹកកាហ្វេមិនគ្រប់គ្រាន់” នោះទេ ប៉ុន្តែមកពីរាងកាយមិនអាហារូបត្ថម្ភជាមូលដ្ឋានបានគ្រប់គ្រាន់។

ដោយធ្វើការផ្លាស់ប្តូរតូចៗតែទៀងទាត់ចំនួន ៣ យ៉ាងនៅពេលព្រឹក អ្នកនឹងលែងមានអារម្មណ៍អស់កម្លាំង និងរក្សាថាមពលពេញមួយថ្ងៃ ដោយមិនបាច់ពឹងផ្អែកលើសារធាតុការហ្វេអ៊ីនឡើយ។

១. ញ៉ាំប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ឱ្យបានច្រើននៅអាហារពេលព្រឹក

យោងតាមសារព័ត៌មាន Yahoo TW ការចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកាហ្វេតែមួយមុខ ឬអាហារពេលព្រឹកដែលមានជាតិម្សៅនិងស្ករខ្ពស់ (Refined carbohydrates) អាចធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់យ៉ាងរហ័ស ហើយបន្ទាប់មកធ្លាក់ចុះមកវិញយ៉ាងគំហុក ដែលនាំឱ្យកម្រិតថាមពលប្រែប្រួលចុះឡើង និងល្ហិតល្ហៃមុនពេលបាយថ្ងៃត្រង់។

ការបន្ថែម “ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់” ទៅក្នុងអាហារពេលព្រឹក ជួយពន្យឺតការរំលាយ និងការស្រូបយកអាហារ ដែលរក្សាសន្ទស្សន៍ជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព ដូច្នេះហើយវាជួយផ្គត់ផ្គង់ថាមពលដែលថេរ និងយូរអង្វែងដល់ទាំងខួរក្បាល និងរាងកាយ។

អ្នកជំនាញណែនាំអាហារធម្មជាតិដែលមានប្រូតេអ៊ីនពេញលេញសម្រាប់អាហារពេលព្រឹក ដូចជា ស៊ុតស្ងោរ ទឹកសណ្តែកសៀងគ្មានស្ករ ឬយ៉ាហួក្រិក។ នេះគឺជាគ្រឹះដ៏រឹងមាំដែលជួយរក្សាភាពស្វាង និងការផ្តោតអារម្មណ៍បានល្អពេញមួយព្រឹក។

២. ផឹកទឹកឱ្យបានទៀងទាត់ក្នុងបរិមាណតិចៗ

ខួរក្បាលមានផ្ទុកទឹកច្រើនជាង ៧០%។ ប្រសិនបើរាងកាយខ្វះជាតិទឹកសូម្បីតែបន្តិចបន្តួច ល្បឿននៃការនាំសញ្ញាប្រសាទ និងប្រសិទ្ធភាពនៃការមេតាប៉ូលីស (ការដុតរំលាយអាហារ) នឹងធ្លាក់ចុះយ៉ាងខ្លាំង ដែលប៉ះពាល់ដោយផ្ទាល់ដល់ការផ្តោតអារម្មណ៍ ល្បឿននៃការគិត និងការចងចាំ។

មនុស្សជាច្រើនយល់ច្រឡំថាពួកគេ “គេងមិនគ្រប់គ្រាន់” ឬ “ធ្វើការហួសប្រមាណ” ប៉ុន្តែតាមពិត ខួរក្បាលកំពុងបញ្ជូនសញ្ញានៃការខ្វះជាតិទឹកប៉ុណ្ណោះ។

អ្នកជំនាញបាននិយាយថា មនុស្សគ្រប់រូបមិនគួរ “រង់ចាំរហូតដល់ស្រេកទឹកទើបផឹកទឹក” ឬ “ផឹកទឹកម្តងច្រើនៗ” នោះទេ។ ដើម្បីឱ្យប្រសើរបំផុត អ្នកគួរតែហូបទឹកបន្តិចៗឱ្យបានញឹកញាប់ពេញមួយថ្ងៃ ដើម្បីជួយឱ្យកោសិកាស្រូបយកទឹកបន្តិចម្តងៗ រក្សាការដុតរំលាយអាហារឱ្យមានសុខភាពល្អ និងរក្សាឱ្យខួរក្បាលដំណើរការបានល្អបំផុត។

យោងតាមគេហទំព័រ Health ការសិក្សានៅឆ្នាំ ២០២១ មួយបានរកឃើញថា ការមិនផឹកទឹករយៈពេល ១២ ម៉ោង បានកាត់បន្ថយភាពស្វាងស្មារតី និងល្បឿនធ្វើការរបស់ខួរក្បាល ខណៈដែលការផឹកទឹក ១កែវនៅពេលព្រឹក អាចជួយកែលម្អការបញ្ហាទាំងពីរនេះឱ្យប្រសើរឡើង។

៣. ចេញទទួលពន្លឺព្រះអាទិត្យពេលព្រឹកជំនួសឱ្យការចាប់កាន់ទូរស័ព្ទ

រឿងដំបូងបំផុតដែលអ្នកធ្វើបន្ទាប់ពីបើកភ្នែកឡើង ជាទូទៅនឹងកំណត់ថាមពលពេញមួយថ្ងៃរបស់អ្នក។ ការចុចមើលទូរស័ព្ទភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង បង្កើតឱ្យមានពន្លឺពណ៌ខៀវ និងការហូរចូលនៃព័ត៌មានយ៉ាងសន្ធឹកសន្ធាប់ ដែលរំខានដល់ចង្វាក់ជីវសាស្ត្រពេលព្រឹក បង្កើនការបាត់បង់ការផ្តោតអារម្មណ៍ និងធ្វើឱ្យខួរក្បាលពិបាកចូលទៅក្នុងស្ថានភាពស្វាងពិតប្រាកដ ដោយហេតុនេះវានឹងធ្វើឱ្យភាពងុយគេងកាន់តែធ្ងន់ធ្ងរ។

ផ្ទុយទៅវិញ ការអនុញ្ញាតឱ្យភ្នែក និងស្បែករបស់អ្នកប៉ះផ្ទាល់ជាមួយពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម នឹងជួយបង្អាក់អ័រម៉ូនមេឡាតូនីន (អ័រម៉ូនធ្វើឱ្យងុយគេង) កំណត់នាឡិកាជីវសាស្ត្រឡើងវិញ និងបញ្ជូនសញ្ញាទៅកាន់ខួរក្បាល និងរាងកាយថា “ថ្ងៃថ្មីបានចាប់ផ្តើមហើយ”។

អ្នកជំនាញ Gao បានណែនាំឱ្យចំណាយពេលប៉ុន្មាននាទីនៅក្រោមពន្លឺព្រះអាទិត្យ ដកដង្ហើមវែងៗ និងនៅឆ្ងាយពីអេក្រង់ទូរស័ព្ទជាបណ្តោះអាសន្នបន្ទាប់ពីភ្ញាក់ពីគេង ដើម្បីជួយឱ្យខួរក្បាល “ចាប់ផ្តើមដំណើរការ” បានយ៉ាងរលូន និងរហ័ស។

នៅពេលអ្នកមានអារម្មណ៍ធ្ងន់ក្បាល និងល្វើយខ្លាំង កុំប្រញាប់ប្រញាល់ទៅរកកែវកាហ្វេដើម្បីចាក់បញ្ចូលសារធាតុកាហ្វេអ៊ីនបន្ថែមទៀតអី។ ផ្ទុយទៅវិញ ចូរត្រឡប់ទៅរកតម្រូវការជាមូលដ្ឋានបំផុតរបស់រាងកាយ៖ ញ៉ាំអាហារពេលព្រឹកដែលមានប្រូតេអ៊ីនគុណភាពខ្ពស់ឱ្យបានគ្រប់គ្រាន់ រក្សាជាតិទឹកដោយការផឹកទឹកឱ្យបានញឹកញាប់ និងស្រូបយកពន្លឺព្រះអាទិត្យនៅពេលព្រឹក។

នៅពេលដែលចង្វាក់ជីវសាស្ត្រខាងក្នុងរបស់អ្នកត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ អ្នកនឹងរួចផុតពីការពឹងផ្អែកលើសារធាតុការហ្វេអ៊ីនដោយធម្មជាតិ និងរក្សាបាននូវថាមពលពេញលេញជារៀងរាល់ថ្ងៃ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា