ជាងធ្វើសក់ជប៉ុនណែនាំរឿង ៤ យ៉ាងដែលមិនគួរធ្វើក្រោយពេលលាបពណ៌សក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាងធ្វើសក់ជប៉ុនណែនាំរឿង ៤ យ៉ាងដែលមិនគួរធ្វើក្រោយពេលលាបពណ៌សក់

ជាងធ្វើសក់ជប៉ុនណែនាំរឿង ៤ យ៉ាងដែលមិនគួរធ្វើក្រោយពេលលាបពណ៌សក់

ខំលាបពណ៌សក់ឡើងស្អាត ប្រសិនបើបណ្តោយឱ្យពណ៌ហើរលឿនក្នុងរយៈពេលតែប៉ុន្មានថ្ងៃ មុខជាគួរឱ្យស្តាយខ្លាំងណាស់! ប្រិយមិត្តៗ​ជាច្រើនប្រហែលជាធ្លាប់បានឮការណែនាំពីជាងធ្វើសក់​មកខ្លះហើយថា «កុំអាលប្រញាប់កក់សក់ភ្លាមៗអី» ប៉ុន្តែ​ដឹងអត់ថា នៅមានទម្លាប់ប្រចាំថ្ងៃជាច្រើនទៀតដែលយើងធ្វើដោយមិនដឹងខ្លួន ហើយ​ជាមូលហេតុចម្បងដែលធ្វើឱ្យពណ៌សក់ដ៏ស្រស់ស្អាត ប្រែជាហើរពណ៌ទៅវិញគួរឱ្យសោកស្តាយ។

Advertisement

ខាងក្រោមនេះគឺបម្រាម ៤ យ៉ាង ដែលប្រសិនបើបើធ្វើតាមការណែនាំនេះបាន ធានាថាពណ៌សក់របស់អ្នកនឹងនៅតែស្អាតឥតខ្ចោះ ដូចទើបតែដើរចេញពីហាងធ្វើសក់បានយូរជាងមុនជាក់ជាមិនខាន។

. ឈប់ត្រាំសក់ក្នុងអាងទឹកក្តៅ (សីតុណ្ហភាពលើសពី 36°C គឺជាសត្រូវធំ)

វប្បធម៌នៃការត្រាំទឹកក្តៅអាចជារឿងជួយឱ្យធូរស្បើយអារម្មណ៍ ប៉ុន្តែសម្រាប់ពណ៌សក់ថ្មីរបស់អ្នក វាគឺជាការបំផ្លិចបំផ្លាញ។ សីតុណ្ហភាពដែលខ្ពស់ពេកចន្លោះពី 39-41 អង្សាសេ នឹងធ្វើឱ្យស្រទាប់ការពារសក់ (Hair cuticles) បើកចំហធំ ហើយធ្វើឱ្យពណ៌សក់ហូរចេញមកក្រៅយ៉ាងលឿន។ ប្រសិនបើចង់ត្រាំអាងទឹកក្តៅមែននោះ ណែនាំឱ្យចងសក់ឱ្យខ្ពស់ កុំឱ្យប៉ះពាល់នឹងទឹកក្តៅ ឬកែសម្រួលសីតុណ្ហភាពឱ្យទាបជាង 36 អង្សាសេ ដើម្បីចាក់សោពណ៌សក់ឱ្យជាប់ណែនបំផុត។

. ពិនិត្យសីតុណ្ហភាពទឹកផ្កាឈូក កុំឱ្យលើសពី ៣៧ អង្សាសេ

មិនមែនត្រឹមតែនៅក្នុងអាងទឹកនោះទេ ប៉ុន្តែវារួមបញ្ចូលទាំងការងូតទឹកពីផ្កាឈូកផងដែរ។ ជាពិសេសក្នុងរដូវក្តៅដែលសីតុណ្ហភាពទឹកក្នុងទុយោឡើងខ្ពស់ គឺរឹតតែត្រូវប្រយ័ត្នជាពិសេស។ ការកក់សក់ដោយទឹកក្តៅឧណ្ហៗញឹកញាប់ពេក គឺជារឿងពន្លឿនឱ្យពណ៌សក់ឆាប់ស្លេក។

គន្លឹះសំខាន់មួយទៀតគឺ គួរជ្រើសរើសប្រើសាប៊ូកក់សក់សម្រាប់ទប់ពណ៌សក់ (Color Depositing Shampoo) ឱ្យត្រូវនឹងស្រមោលពណ៌ដែលអ្នកបានធ្វើ ដូចជា រើសសាប៊ូពណ៌ស្វាយសម្រាប់សក់ទង់ដែង ឬសាប៊ូពណ៌ផ្កាឈូក/ពណ៌ត្នោតសម្រាប់​ស្រឡាយពណ៌នោះ ដើម្បីរក្សាពណ៌ឱ្យមើលទៅស្រស់ឆើតឆាយជានិច្ច។

. ចិត្តត្រជាក់ៗជាមួយវិធានការ ២៤-៤៨ ម៉ោង

ចំណុចនេះចាត់ទុកជាវិធានការដ៏សំខាន់របស់ជាងសក់ជប៉ុនតែម្តង។ ត្រូវព្យាយាមចៀសវាងការកក់សក់ដោយសាប៊ូយ៉ាងហោចណាស់ ២៤ ម៉ោងក្រោយពេលលាបពណ៌ ហើយប្រសិនបើអាចធ្វើទៅបាន «ទុកដល់ ៤៨ ម៉ោង» គឺល្អបំផុត ដើម្បីឱ្យគ្រាប់ពណ៌សក់ជ្រាបខ្លួនបានសព្វគ្រប់ និងបិទស្រទាប់ការពារសក់ឱ្យជិតល្អ។ ទោះបីជាមានអារម្មណ៍មិនស្រួលសម្រាប់អ្នកដែលចូលចិត្តកក់សក់រាល់ថ្ងៃក៏ដោយ ប៉ុន្តែសូមជឿចុះថា ការ «អត់ធ្មត់រង់ចាំ» គឺមានតម្លៃសមនឹងពណ៌សក់ដែលនឹងនៅជាមួយយើងបានយូរអង្វែងជាងមុន។

. «សក់សើម» គឺជាចំណុចខ្សោយនៃពណ៌សក់

បន្ទាប់ពីងូតទឹកកក់សក់រួច មនុស្សជាច្រើនចូលចិត្តបណ្តោយឱ្យសក់ស្ងួតដោយខ្លួនឯង ឬខ្ជិលផ្លុំសក់រហូតដល់ថ្នាក់គេងលក់ទាំងសក់នៅសើមជោក។ នេះគឺជាទម្លាប់បំផ្លាញសក់យ៉ាងខ្លាំងតែម្ដង។ ជាក់ស្ដែង សំណើមដែលនៅសេសសល់ក្នុងសរសៃសក់ ធ្វើឱ្យពណ៌សក់ងាយនឹងហូរចេញទៅតាមទឹក និងថែមទាំងធ្វើឱ្យសក់ខូចពីខាងក្នុងទៀតផង។ ដូច្នេះ «ជូតសក់ឱ្យស្រស់ទឹក និងផ្លុំឱ្យស្ងួតភ្លាមៗ» គឺជាវិន័យដែលអ្នកលាបពណ៌សក់ត្រូវតែមាន។

ការថែរក្សាពណ៌សក់មិនមែនជារឿងពិបាកនោះទេ ប៉ុន្តែវាទាមទារ «ការយកចិត្តទុកដាក់» លើព័ត៌មានលម្អិតតូចៗ។ អ្នកដែលទើបតែទៅប្តូរស្ទីលសក់ថ្មីមក សាកល្បងយកវិធីសាស្ត្រទាំង ៤ យ៉ាងនេះទៅអនុវត្តមើល ធានាថាពណ៌សក់នឹងនៅតែស្រស់ឆើតឆាយជានិច្ច!

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា