៥ ទម្លាប់ពេលព្រឹកអាចជួយដល់ការសម្រកទម្ងន់ ដោយមានប្រសិទ្ធភាពនិងសុខភាពល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៥ ទម្លាប់ពេលព្រឹកអាចជួយដល់ការសម្រកទម្ងន់ ដោយមានប្រសិទ្ធភាពនិងសុខភាពល្អ

៥ ទម្លាប់ពេលព្រឹកអាចជួយដល់ការសម្រកទម្ងន់ ដោយមានប្រសិទ្ធភាពនិងសុខភាពល្អ

ទម្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងដំបូងក្រោយពេលភ្ញាក់ពីគេង អាចប៉ះពាល់ដល់កម្រិតនៃការឃ្លាន ថាមពល និងការប្រឹងប្រែងសម្រកទម្ងន់ពេញមួយថ្ងៃ។ ការរក្សាទម្លាប់ពេលព្រឹកដែលមានសុខភាពល្អអាចជួយគ្រប់គ្រងការទទួលទានកាឡូរី បង្កើនការប្រើប្រាស់ថាមពល និងរួមចំណែកដល់ការសម្រេចបាននូវទម្ងន់ដែលមានសុខភាពល្អ នៅពេលដែលរួមផ្សំជាមួយនឹងរបបអាហារ និងការហាត់ប្រាណត្រឹមត្រូវ។

Advertisement

ផឹកទឹកមួយកែវក្រោយពេលភ្ញាក់ពីគេង

បន្ទាប់ពីគេងលក់អស់ជាច្រើនម៉ោង រាងកាយត្រូវការបំពេញជាតិទឹកឡើងវិញ។ ការផឹកទឹកនៅពេលព្រឹកមិនត្រឹមតែជួយបំពេញជាតិទឹកឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការសម្រកទម្ងន់ផងដែរ។

យោងតាម Healthline ការផឹកទឹកមុនពេលញ៉ាំអាហារអាចបង្កើនអារម្មណ៍ឆ្អែត ដែលជួយឱ្យអ្នកញ៉ាំអាហារពេលព្រឹកបានតិចជាងមុន។ ទឹកក៏អាចជួយបង្កើនការប្រើប្រាស់ថាមពលបន្តិចបន្តួចក្នុងរយៈពេលខ្លីផងដែរ ដោយសាររាងកាយប្រើប្រាស់ថាមពលដើម្បីកម្ដៅទឹកឱ្យស្មើនឹងសីតុណ្ហភាពរាងកាយ។

ញ៉ាំអាហារពេលព្រឹកសម្បូរប្រូតេអ៊ីន

អាហារពេលព្រឹកដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងទប់ស្កាត់ការឃ្លានអាហារផ្អែម ឬអាហារផ្សេងៗនៅពេលព្រឹក។ ពងមាន់ យ៉ាអួ ទឹកដោះគោស្ករទាប គ្រាប់ធញ្ញជាតិ និងសាច់គ្មានខ្លាញ់ គឺជាជម្រើសអាហារពេលព្រឹកដែលមានសុខភាពល្អ ដែលជួយគ្រប់គ្រងបរិមាណអាហារក្នុងពេលអាហារបន្ទាប់។

ជ្រើសរើសកាហ្វេដោយប្រុងប្រយ័ត្ន

មនុស្សជាច្រើនមានទម្លាប់ផឹកកាហ្វេនៅពេលព្រឹក។ ទោះយ៉ាងណាក៏ដោយ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ អ្វីដែលសំខាន់មិនមែនគ្រាន់តែការផឹកកាហ្វេនោះទេ ប៉ុន្តែគឺវិធីនៃការឆុង និងគ្រឿងផ្សំដែលបានដាក់បន្ថែម។ ភេសជ្ជៈកាហ្វេដែលបានឆុងរួច ឬកាហ្វេពិសេសដែលមានការបន្ថែមគ្រឿងផ្សំច្រើនមុខ អាចមានកាឡូរីខ្ពស់ក្នុងមួយកែវ ដែលធ្វើឱ្យការទទួលទានកាឡូរីសរុបកើនឡើង។

ដើម្បីកម្រិតការទទួលទានកាឡូរី អ្នកអាចប្រើទឹកដោះគោខ្លាញ់ទាប និងសារធាតុផ្អែមគ្មានជាតិស្ករ ឬផឹកកាហ្វេខ្មៅតែម្ដង។ ប្រសិនបើអ្នកចង់ប្តូររសជាតិ តែបៃតងគឺជាជម្រើសដ៏ល្អមួយផ្សេងទៀតសម្រាប់ជួយឱ្យខួរក្បាលស្រស់ស្រាយនៅពេលព្រឹក។

តែបៃតងមានផ្ទុកសារធាតុ catechins ដែលជាក្រុមសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលត្រូវបានគេជឿជាក់ថាជួយដល់ការសម្រកទម្ងន់ នៅពេលដែលរួមផ្សំជាមួយនឹងរបបអាហារ និងការហាត់ប្រាណដែលមានសុខភាពល្អ។

ការហាត់ប្រាណ

ការចំណាយពេល ២០ ទៅ ៣០ នាទីដើរ រត់យឺតៗ ជិះកង់ ឬធ្វើលំហាត់ប្រាណផ្សេងៗក្រោយពេលភ្ញាក់ពីគេង ក៏អាចជួយដល់ការសម្រកទម្ងន់ផងដែរ។ ការហាត់ប្រាណពេលព្រឹកជួយបង្កើនអារម្មណ៍ឆ្អែត និងជួយកម្រិតការញ៉ាំអាហារហួសប្រមាណក្នុងអំឡុងពេលថ្ងៃ។ ការហាត់ប្រាណនាពេលព្រឹកព្រលឹម ក៏អាចជួយធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាពផងដែរ។

នៅពេលដែលជាតិស្ករក្នុងឈាមធ្លាក់ចុះទាបពេក វាងាយនឹងធ្វើឱ្យមានអារម្មណ៍ឃ្លាន និងចង់ញ៉ាំអាហារផ្សេងៗ ដែលធ្វើឱ្យការគ្រប់គ្រងបរិមាណអាហារកាន់តែពិបាក។ ប្រសិនបើអ្នកមិនទាន់ធ្លាប់នឹងការហាត់ប្រាណទេ អ្នកអាចចាប់ផ្តើមជាមួយនឹងការហាត់ប្រាណខ្លីៗ ហើយសឹមបង្កើនរយៈពេល និងកម្រិតនៃការហាត់ប្រាណបន្តិចម្ដងៗ។

រៀបចំផែនការអាហារប្រចាំថ្ងៃ

ការចំណាយពេលត្រឹមតែប៉ុន្មាននាទីនៅពេលព្រឹកដើម្បីរៀបចំផែនការថាតើត្រូវញ៉ាំអ្វីខ្លះក្នុងអំឡុងពេលថ្ងៃ អាចជួយកម្រិតការជ្រើសរើសអាហារដែលមិនមានសុខភាពល្អនៅពេលរវល់។ យោងតាម Health Shots ការរៀបចំអាហារថ្ងៃត្រង់ ឬអាហារសម្រន់ ឬការរៀបចំម៉ឺនុយទុកជាមុន ជួយកាត់បន្ថយហានិភ័យនៃការញ៉ាំអាហារហួសប្រមាណ ឬការជ្រើសរើសអាហារដែលមានជាតិស្ករ ខ្លាញ់ និងកាឡូរីខ្ពស់។

ប្រសិនបើអាច សូមយកអាហារសម្រន់ដែលមានសុខភាពល្អជាប់ខ្លួនដូចជា ផ្លែឈើ យ៉ាអួគ្មានជាតិស្ករ ឬគ្រាប់ធញ្ញជាតិផ្សេងៗ ដើម្បីជៀសវាងការស្វែងរកហ្វាសហ្វ៊ូដ (Fast Food) នៅពេលឃ្លាន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា