៩ វិធីជួយបំបាត់អាការក្អក ងាយៗ បាត់លឿន និងមានប្រសិទ្ធភាពខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
៩ វិធីជួយបំបាត់អាការក្អក ងាយៗ បាត់លឿន និងមានប្រសិទ្ធភាពខ្ពស់

៩ វិធីជួយបំបាត់អាការក្អក ងាយៗ បាត់លឿន និងមានប្រសិទ្ធភាពខ្ពស់

អាការក្អក មិនថាក្អកស្ងួត ឬក្អកមានស្លេស្ម សុទ្ធសឹងតែអាចជះផលរំខានដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ជាពិសេសនៅពេលដែលអ្នកស្ថិតនៅក្នុងទីសាធារណៈ។

Advertisement

ដើមហេតុនៃអាការក្អកអាចកើតចេញពីកត្តាជាច្រើន ដូចជា ជំងឺផ្តាសាយ អាលែកហ្ស៊ី ការជក់បារី ឬសូម្បីតែខ្យល់ពុលជាដើម។ ប្រសិនបើអ្នកកំពុងតែជួបប្រទះអាការក្អកមិនធូរស្រាល សាកល្បងអនុវត្ត ៩ វិធីនេះ ដើម្បីជួយបំបាត់ផលរំខាននេះចេញពីជីវិតប្រចាំថ្ងៃរបស់អ្នក៖

១. ញ៉ាំទឹកឱ្យបានច្រើន
ការញ៉ាំទឹក គឺជាវិធីសាស្ត្រគ្រឹះមួយដែលមានប្រសិទ្ធភាពបំផុត។ សម្រាប់អ្នកដែលមានស្លេស្មខាប់ស្អិតជាប់ក ទឹកនឹងចូលទៅជួយធ្វើឱ្យស្លេស្មរាវ និងរលាយ ងាយស្រួលខ្ជាក់ចេញ។ ចំណែកអ្នកដែលមានអាការក្អកស្ងួត ទឹកនឹងជួយបន្ថែមសំណើមដល់បំពង់ក និងកាត់បន្ថយហានិភ័យពីការរលាក។

២. ញ៉ាំទឹកក្តៅឧណ្ហៗជំនួសទឹកត្រជាក់
ក្នុងពេលដែលជួបនឹងបញ្ហាក្អកខ្លាំង អ្នកគួរចៀសវាងញ៉ាំទឹកត្រជាក់ ហើយងាកមកញ៉ាំទឹកក្តៅឧណ្ហៗជំនួសវិញ។ ទឹកក្តៅឧណ្ហៗអាចជួយរំលាយស្លេស្ម និងជួយសម្រួលបំពង់កបានល្អ។ ក្រៅពីនេះ អ្នកក៏អាចឆុងទឹកក្តៅឧណ្ហៗលាយទឹកឃ្មុំ និងក្រូចឆ្មារ សម្រាប់ក្រែបបន្តិចៗដើម្បីជួយឱ្យបំពង់កស្រឡះផងដែរ។

៣. ងូតទឹកក្តៅឧណ្ហៗ
ការងូតទឹកក្តៅឧណ្ហៗ និងការដកដង្ហើមស្រូបយកចំហាយទឹកក្តៅពេលកំពុងងូតទឹក ក្រៅពីជួយសម្រួលសាច់ដុំរបស់អ្នកហើយ វាក៏ជួយកាត់បន្ថយអាការតឹងច្រមុះ ធ្វើឱ្យសំបោរ និងស្លេស្មរាវជាងមុន ដែលអាចជាជំនួយមួយដ៏ពិសេសសម្រាប់អ្នកកើតផ្តាសាយ និងជំងឺអាលែកហ្ស៊ី។

៤. ប្រើប្រាស់ថ្នាំ ឬស្ករគ្រាប់បំបាត់ក្អក
ការក្អកខ្លាំងៗ ក្នុងរយៈពេលយូរអាចធ្វើឱ្យអ្នកជួបនឹងបញ្ហារលាកតាមពីក្រោយ។ ដូច្នេះ កុំបណ្តោយឱ្យអាការក្អកបាត់ទៅវិញដោយឯងៗ ប្រសិនបើវាចាប់ផ្តើមប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។ ការប្រើប្រាស់ថ្នាំបំបាត់ក្អក ឬស្ករគ្រាប់បំបាត់ក្អក អាចជួយឱ្យអាការរបស់អ្នកប្រសើរឡើងវិញ។ ជាពិសេស វាអាចជួយទប់ស្កាត់អាការក្អកបានភ្លាមៗក្នុងមួយរយៈពេលផងដែរ។

៥. ផ្អាកជក់បារី
ផ្សែងបារីមានសារធាតុគីមីដែលបង្កើតឱ្យមានការរលាកដល់ផ្លូវដង្ហើមដោយផ្ទាល់ ធ្វើឱ្យស្លេស្មខាប់ និងក្អកកាន់តែខ្លាំង។ ប្រសិនបើអ្នកជក់បារី គួរផ្អាកក្នុងចន្លោះពេលនេះសិន ឬប្រសិនបើអ្នកមិនបានជក់បារីទេ ក៏គួរនៅឱ្យឆ្ងាយពីទីតាំងដែលមានមនុស្សជក់បារី ដើម្បីការពារការស្រូបយកផ្សែងបារីពីអ្នកដទៃផងដែរ។

៦. ចៀសវាងទឹកអប់ និងផលិតផលប្រភេទស្ព្រាយ
លម្អង និងសារធាតុគីមីពីទឹកអប់ ស្ព្រាយបាញ់សក់ ឬស្ព្រាយក្រអូបបាញ់បន្ទប់ អាចធ្វើឱ្យច្រមុះ និងបំពង់ខ្យល់អ្នកកាន់តែប្រឈមនឹងការរលាក បណ្តាលឱ្យអ្នកមានស្លេស្មកាន់តែច្រើន ឯអាការក្អកក៏កាន់តែរ៉ាំរ៉ៃដូចគ្នា។

៧. ពាក់ម៉ាស
ការបំពុលបរិស្ថានក្នុងខ្យល់ ដូចជា ធូលីដី PM 2.5 ឬផ្សែងចេញពីរថយន្ត សុទ្ធសឹងជាកត្តាដ៏ធំមួយដែលបំផ្លាញប្រព័ន្ធផ្លូវដង្ហើម។ ដូច្នេះ ការពាក់ម៉ាសនៅពេលដែលត្រូវចេញទៅក្រៅ គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការការពារសុខភាពរបស់អ្នក។

៨. សម្រាកឱ្យបានគ្រប់គ្រាន់
ជាញឹកញយ មូលហេតុដែលធ្វើឱ្យអាការក្អកអូសបន្លាយមិនព្រមជាសះស្បើយ អាចមកពីការសម្រាកមិនបានគ្រប់គ្រាន់ ដែលធ្វើឱ្យរាងកាយមិនមានពេលសម្រាប់ព្យាបាលខ្លួនឯងឱ្យបានល្អ។ ដូច្នេះ នៅពេលចាប់ផ្តើមមានអាការក្អក អ្នកគួរចូលគេងឱ្យបានលឿន និងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យប្រព័ន្ធការពាររាងកាយអាចធ្វើការបានយ៉ាងមានប្រសិទ្ធភាព។

៩. ទៅជួបគ្រូពេទ្យ
ប្រសិនបើអាការក្អកមិនប្រសើរឡើង និងអូសបន្លាយដល់ ១ ទៅ ២ សប្តាហ៍ ឬមានអាការផ្សេងទៀតរួមផ្សំ ដូចជា ក្អកមានឈាមលាយ រាងកាយឡើងកម្តៅខ្ពស់ ឬឈឺទ្រូង អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងធ្វើរោគវិនិច្ឆ័យឱ្យបានលម្អិត ព្រោះវាអាចជាសញ្ញាព្រមាននៃជំងឺផ្លូវដង្ហើម៕
 

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា