អ្នកគ្រូពេទ្យបទពិសោធន៍ ៤០ ឆ្នាំខាងមើលថែមនុស្សចាស់ ចែករំលែក «វិធីសាស្ត្ររស់នៅឱ្យមានអាយុវែង» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកគ្រូពេទ្យបទពិសោធន៍ ៤០ ឆ្នាំខាងមើលថែមនុស្សចាស់ ចែករំលែក «វិធីសាស្ត្ររស់នៅឱ្យមានអាយុវែង»

អ្នកគ្រូពេទ្យបទពិសោធន៍ ៤០ ឆ្នាំខាងមើលថែមនុស្សចាស់ ចែករំលែក «វិធីសាស្ត្ររស់នៅឱ្យមានអាយុវែង»

បច្ចុប្បន្នមានអាយុ ៧៤ ឆ្នាំ លោកស្រីវេជ្ជបណ្ឌិត Dr. Rosanne Leipzig បានចំណាយពេលជាង ៤០ ឆ្នាំក្នុងនាមជាគ្រូពេទ្យឯកទេសផ្នែកមនុស្សចាស់ ដោយធ្លាប់មើលថែទាំអ្នកជំងឺដែលមានអាយុចាប់ពី ៨០ ឆ្នាំឡើងទៅរាប់ពាន់នាក់ ហើយឥឡូវនេះលោកស្រីនៅតែបន្តធ្វើការ ហាត់ប្រាណ និងរស់នៅដោយមានគោលដៅជារៀងរាល់ថ្ងៃ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ លោកស្រីមិនបាននិយាយអំពីថ្នាំទិព្វ ឬរូបមន្តសម្ងាត់ណាមួយនោះទេ ប៉ុន្តែបានប្រាប់ថា ភាពរីករាយ និងសុខភាពល្អក្នុងវ័យជរា គឺបានមកពីអ្វីដែលយើងធ្វើដដែលៗជារៀងរាល់ថ្ងៃ។

ទម្លាប់ ៨ យ៉ាងដែលលោកស្រី Dr. Leipzig ធ្វើជារៀងរាល់ថ្ងៃ

១. រាងកាយចាប់ផ្តើមទ្រុឌទ្រោមនៅពេលយើងឈប់ប្រើប្រាស់វាជាប្រចាំ៖

Dr. Leipzig ចាប់ផ្តើមរៀងរាល់ព្រឹកដោយការធ្វើកាយវិការយ៉ូហ្គាសន្ធឹងរាងកាយ «Salute to the Sun» និងទៅហាត់ប្រាណជាមួយគ្រូបង្វឹកនៅកន្លែងហាត់ប្រាណជាច្រើនដងក្នុងមួយសប្តាហ៍។ អ្នកស្រីប្រាប់ថា ត្រឹមតែប៉ុន្មានខែ គាត់មានអារម្មណ៍ថា រាងកាយកាន់តែរឹងមាំ ស្មារតីល្អជាងមុន ការរក្សាលំនឹងរាងកាយបានល្អជាងមុន និងគេងលក់បានស្កប់ស្កល់ជាងមុនយ៉ាងច្បាស់។

២. ខួរក្បាលនឹងអន់ថយជារៀងរាល់ថ្ងៃ ប្រសិនបើមិនត្រូវបានរំញោចឱ្យគិត៖

រៀងរាល់ព្រឹក អ្នកស្រីលេងហ្គេមស្វែងរកពាក្យរបស់ New York Times ដើម្បីដាស់ខួរក្បាលឱ្យស្វាហាប់។ គាត់បានប្រាប់ថា គោលការណ៍ “បើមិនប្រើវា នឹងបាត់បង់វា” គឺអាចប្រើបានពិតប្រាកដជាមួយខួរក្បាល ហើយទម្លាប់ងាយៗនេះធ្វើឱ្យគាត់នឹកឃើញពាក្យពេចន៍ និងតភ្ជាប់គំនិតបានល្អជាងមុនយ៉ាងខ្លាំង។

៣. ធម្មជាតិអាចព្យាបាលអ្វីដែលថ្នាំមិនអាចព្យាបាលបាន ពន្លឺព្រះអាទិត្យ និងខ្យល់អាកាសបរិសុទ្ធ គឺជាអ្វីដែលខ្វះមិនបាន៖

អ្នកស្រីរុញច្រានខ្លួនឯងឱ្យចេញទៅខាងក្រៅជារៀងរាល់ថ្ងៃ ជាពិសេសនៅថ្ងៃដែលមានពន្លឺព្រះអាទិត្យ។ សូម្បីតែថ្ងៃដែលមិនចង់ចេញទៅណា យ៉ាងហោចណាស់ក៏គាត់បានអង្គុយនៅរ៉ង់ដា ឬដើរទៅសួនសាធារណៈជិតផ្ទះ ព្រោះពន្លឺព្រះអាទិត្យផ្តល់ផលល្អទាំងចំពោះអារម្មណ៍ និងគុណភាពនៃការគេង។

៤. ការដាច់ឆ្ងាយពីសង្គម គឺជាចំណុចចាប់ផ្តើមនៃការទ្រុឌទ្រោមលឿនបំផុត៖

ទោះដល់វ័យចូលនិវត្តន៍ តែលោកស្រីនៅតែច្រៀងក្នុងក្រុមចម្រៀងព្រះវិហារ ធ្វើការងារស្ម័គ្រចិត្ត ធ្វើជាអ្នកណែនាំដល់និស្សិតពេទ្យ និងជួយថែទាំអ្នកជំងឺដែលមានជំងឺវង្វេង។ តាមរយៈសកម្មភាពទាំងនេះ គាត់បានបង្កើតមិត្តភាពដែលមានន័យជាមួយមនុស្សគ្រប់វ័យ ដែលគាត់មើលឃើញថាជាផ្នែកសំខាន់បំផុតមួយនៃការមានជីវិតដ៏ល្អ។

៥. ការបដិសេធឧបករណ៍ជំនួយ ធ្វើឱ្យគុណភាពជីវិតធ្លាក់ចុះដោយមិនដឹងខ្លួន៖

Dr. Leipzig ចាប់ផ្តើមពាក់ឧបករណ៍ជំនួយការស្តាប់តាំងពីអាយុ ៦០ ជាង ហើយវាបានផ្លាស់ប្តូរជីវិតគាត់ទាំងស្រុង។ មិនត្រឹមតែស្តាប់បានល្អជាងមុនប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងមានកម្លាំងថាមពលច្រើនជាងមុន ព្រោះមិនបាច់ចំណាយកម្លាំងព្យាយាមបកស្រាយអ្វីដែលអ្នកដទៃនិយាយ។ គាត់តែងតែប្រាប់អ្នកជំងឺជានិច្ចថា គ្មានអ្វី​ពិបាកមើលជាងការអង្គុយក្នុងវង់សន្ទនាហើយស្តាប់គេមិនទាន់នោះទេ។

៦. ពឹងពាក់ខ្លួនឯងជ្រុលពេក ធ្វើឱ្យបាត់បង់រឿងខ្លះដែលជីវិតអាចផ្តល់ឱ្យ៖

គាត់មើលឃើញថាការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមក គឺល្អជាងការជម្នះថាត្រូវតែធ្វើគ្រប់យ៉ាងដោយខ្លួនឯង។ លោកស្រីបានរៀបរាប់អំពីមិត្តភក្តិដែលឈឺធ្ងន់ប៉ុន្តែចង់ទៅមើលការសម្តែងរបស់សិល្បករដែលខ្លួនស្រឡាញ់។ គាត់បានប្រើរទេះរុញ និងនាំអ្នកថែទាំទៅជាមួយ ហើយក៏ទទួលបានអារម្មណ៍ថានោះគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយនៅក្នុងជីវិត។

៧. ការយល់ព្រមឱ្យគេមើលរំលងដោយសារអាយុ គឺការអនុញ្ញាតឱ្យសង្គមកំណត់តម្លៃរបស់អ្នកជំនួសខ្លួនឯង៖

លោកស្រីប្រឆាំងនឹង Ageism ឬការរើសអើងអាយុយ៉ាងខ្លាំងក្លា។ គាត់តែងតែប្រាប់អាយុខ្លួនឯងត្រង់ៗជានិច្ច និងអះអាងថា មនុស្សត្រូវតែក្លាហានក្នុងការនិយាយដើម្បីខ្លួនឯង និងអ្នកដទៃនៅពេលត្រូវបានប្រព្រឹត្តដោយអយុត្តិធម៌ ព្រោះការស្រាវជ្រាវបានបង្ហាញហើយថា អារម្មណ៍អវិជ្ជមានរបស់យើងចំពោះភាពជរា ផ្តល់ផលប៉ះពាល់ដោយផ្ទាល់ដល់អាយុកាលរស់នៅ។

៨. ឈប់រង់ចាំឱ្យខ្លួនឯងរួចរាល់ ១០០% ហើយចាប់ផ្តើមដោយជំហានតូចៗដែលធ្វើបាននៅថ្ងៃនេះ៖

គាត់ចាប់ផ្តើមប្រើប្រាស់ម៉ាស៊ីនហាត់ប្រាណបែបអុំទូកដំបូងៗត្រឹមតែ ២ នាទី ប៉ុណ្ណោះ បន្ទាប់មកក៏បន្ថែមមួយនាទីៗរៀងរាល់មួយសប្តាហ៍។ ឥឡូវនេះគាត់ធ្វើបាន ១០ នាទីហើយ ហើយបានដាក់គោលដៅនៅ ១៥ នាទី។ គាត់ក៏បានលើកឧទាហរណ៍ស្រ្តីវ័យ ៨២ ឆ្នាំម្នាក់ដែលរត់ Boston Marathon ដោយប្រើពេល ៥ ម៉ោង ៥៤ នាទី ដោយទើបតែចាប់ផ្តើមរត់នៅអាយុ ៦០ ឆ្នាំប៉ុណ្ណោះ។

អ្វីដែលលោកស្រីបានបកស្រាយបង្ហាញឱ្យឃើញ មិនមែនត្រឹមតែនៅក្នុងបន្ទប់ស្រាវជ្រាវ ឬបន្ទប់ពិនិត្យជំងឺនោះទេ ប៉ុន្តែតាមរយៈការរស់នៅរបស់ខ្លួនផ្ទាល់ជារៀងរាល់ថ្ងៃ គឺជាការពិតដែលថា អាយុមិនមែនជាឧបសគ្គនោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃបទពិសោធន៍ថ្មីជានិច្ច ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា