អនុញ្ញាតឱ្យខ្លួនឯងធ្វើរឿងទាំងនេះ ដើម្បីអាចគេងលក់ស្កប់ស្កល់ ព្រោះការគេងល្អ គឺជាកាដូដែលអ្នកអាចផ្ដល់ឱ្យខ្លួនឯងបាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អនុញ្ញាតឱ្យខ្លួនឯងធ្វើរឿងទាំងនេះ ដើម្បីអាចគេងលក់ស្កប់ស្កល់ ព្រោះការគេងល្អ គឺជាកាដូដែលអ្នកអាចផ្ដល់ឱ្យខ្លួនឯងបាន

អនុញ្ញាតឱ្យខ្លួនឯងធ្វើរឿងទាំងនេះ ដើម្បីអាចគេងលក់ស្កប់ស្កល់ ព្រោះការគេងល្អ គឺជាកាដូដែលអ្នកអាចផ្ដល់ឱ្យខ្លួនឯងបាន

ការគេងដែលមានគុណភាពមួយ មិនមែនចាប់ផ្ដើមនៅពេលដែលអ្នកបិទភ្នែកនោះទេ ប៉ុន្តែវាចាប់ផ្ដើមតាំងពីវិនាទីដំបូងដែលអ្នកដើរចូលបន្ទប់គេងម៉្លេះ។

Advertisement

មុននឹងអ្នកបានសម្រាក ខួរក្បាលរបស់អ្នកបានឃើញបន្ទប់គេងមុនគេ។ ​ប្រសិនបើកែវភ្នែករបស់អ្នកមើលឃើញបន្ទប់គេងដែលឥតសណ្ដាប់ធ្នាប់ មានគំនរខោអាវ ឬរបស់របររញ៉េរញ៉ៃ នោះខួរក្បាលរបស់អ្នកនឹងបន្តដំណើរការ “មុខងារគិត ”ជំនួសឱ្យការដំណើរការ “មុខងារសម្រាក” ដោយសារតែចិត្តនៅជំពាក់ជំពិននឹងបន្ទប់ដែលមិនមានរបៀបរៀបរយ ព្រមទាំងគិតថានឹងត្រូវរៀបចំបន្ទប់។ ការរៀបចំបន្ទប់ឱ្យមានរបៀបរៀបរយមិនមែនគ្រាន់តែដើម្បីភាពស្រស់ស្អាតមួយមុខនោះទេ ប៉ុន្តែវាក៏ជាការប្រាប់ទៅខ្លួនឯងថា “ថ្ងៃនេះគឺបញ្ចប់ហើយ មិនមានរឿងដែលត្រូវធ្វើទៀតទេ”។

បន្ថែមពីនេះ មុនពេលចូលគេងមួយម៉ោង អ្នកគួរព្យាយាមទាញខ្លួនឯងចេញពីអេក្រង់នានា។ ពន្លឺពណ៌ខៀវ (Blue light) ចេញពីទូរស័ព្ទដៃ និងអេក្រង់កុំព្យូទ័រ ធ្វើឱ្យខួរក្បាលមានការភាន់ច្រឡំថា ពេលយប់គឺជាពេលថ្ងៃ។ ដូច្នេះហើយ ទើបរាងកាយមិនបញ្ចេញអរម៉ូនដែលធ្វើឱ្យអ្នកងងុយគេង។ ការដាក់ទូរស័ព្ទឱ្យឆ្ងាយពីខ្លួន គឺជាការអនុញ្ញាតឱ្យខ្លួនឯងសម្រាក ដោយមិនចាំបាច់ទទួលដឹងរឿងរ៉ាវបន្ថែមទៀតឡើយ។

ត្រឡប់មកពេលរសៀលវិញ នៅពេលអ្នកងងុយគេង អ្នកអាចនឹងជ្រើសរើសទទួលទានកាហ្វេ ជាជំនួយឱ្យអ្នកស្វាង និងបន្តការងារបានល្អ។ យ៉ាងណាមិញ ការទទួលជាតិកាហ្វេអ៊ីនច្រើន ជាពិសេសនៅពេលល្ងាច អាចរំខានដល់ការគេងនៅពេលយប់។ ជួនកាល ការជ្រើសរើសមិនញ៉ាំអាហារ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន វាគឺជាការជ្រើសរើសឱ្យខ្លួនឯងបានគេងលក់កាន់តែស្កប់ស្កល់នៅពេលរាត្រី។

បន្ថែមពីនេះ ការធ្វើសមាធិតិចតួចនៅពេលថ្ងៃក៏អាចជួយដល់ការគេងបានដែរ។ ការគេងលក់ស្កប់ស្កល់ ចាប់ផ្ដើមពីការដែលចិត្តរបស់អ្នកបានសម្រាកជាមុនសិន។ ដូច្នេះ អនុញ្ញាតឱ្យខ្លួនឯងគិតយឺតជាងមុនខ្លះ ដើម្បីឱ្យចិត្ត និងរាងកាយស្កប់ស្កល់ទៅតាមគ្នា។

លុះមកដល់ពេលថ្ងៃលិច ជំនួសដោយការប្រើប្រាស់អំពូលធំដែលភ្លឺខ្លាំង អ្នកអាចសាកល្បងប្រើប្រាស់ពន្លឺតូចៗដែលជះពន្លឺស្រាលៗវិញ ដើម្បីឱ្យរាងកាយដឹងថា ពេលវេលានេះគឺជាពេលយប់ហើយ។

នាឡិកាជីវសាស្ត្រ ក៏ជាផ្នែកមួយដែលជួយឱ្យអ្នកគេងលក់ស្កប់ស្កល់បានដែរ។ ដូច្នេះ នៅពេលថ្ងៃ អ្នកគួរចេញទៅខាងក្រៅដើម្បីស្រូបយកពន្លឺធម្មជាតិខ្លះ។ ការធ្វើបែបនេះ នឹងជួយឱ្យរាងកាយរបស់អ្នកអាចកំណត់នាឡិកាជីវសាស្ត្របានទៀងទាត់ និងទទួលដឹងថា ពេលណាជាពេលថ្ងៃ ពេលណាជាពេលយប់។

ទម្លាប់ទាំងប៉ុន្មាននេះ មិនមែនជាច្បាប់ទម្លាប់ដ៏តឹងរ៉ឹងនោះទេ ប៉ុន្តែគឺជាការមើលថែខ្លួនឯងបែបងាយៗ ដែលជាវិធីដែលអ្នកធ្វើដើម្បីប្រាប់ចិត្ត និងរាងកាយថា អ្នកស្រឡាញ់ខ្លួនឯងកម្រិតណា៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា