«រអ៊ូច្រើន» មិនមែនជារឿងអាក្រក់រហូតទេ តែជាវិធីមួយដែលជួយដល់សុខភាពផ្លូវចិត្តបានល្អលើសពីការគិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«រអ៊ូច្រើន» មិនមែនជារឿងអាក្រក់រហូតទេ តែជាវិធីមួយដែលជួយដល់សុខភាពផ្លូវចិត្តបានល្អលើសពីការគិត

«រអ៊ូច្រើន» មិនមែនជារឿងអាក្រក់រហូតទេ តែជាវិធីមួយដែលជួយដល់សុខភាពផ្លូវចិត្តបានល្អលើសពីការគិត

សាកសង្កេតខ្លួនឯងមើលថា ក្នុងមួយថ្ងៃយើង «រអ៊ូ» ប៉ុន្មានដង? មិនថាជារឿងផ្លូវស្ទះ ធាតុអាកាស ម្ហូបចេញយឺត ឬការងារមានបញ្ហានោះទេ មនុស្សជាច្រើនមើលឃើញថាការរអ៊ូគឺជាឥរិយាបថដែលបង្កើតថាមពលអវិជ្ជមាន រហូតយូរៗធ្វើឱ្យអ្នកនៅជុំវិញខ្លួនធុញ និងថយឃ្លាតចេញបន្តិចម្ដងៗ។

Advertisement

ប៉ុន្តែបើមើលមួយជ្រុងទៀត អ្នកចិត្តវិទ្យាវិញយល់ថា ការត្អូញត្អែរមិនមែនជារឿងអាក្រក់ជានិច្ចនោះទេ ព្រោះប្រសិនបើធ្វើឡើងដោយសមស្រប វាអាចជួយឱ្យយើងគ្រប់គ្រងអារម្មណ៍ និងភាពអាក់អន់ស្រពន់ចិត្តបានល្អជាងមុន ដោយហេតុថាថាយើងតែងតែចង់ត្អូញត្អែរនៅពេលដែលការពិតមិនបានដូចការរំពឹងទុក រហូតកើតមានភាពមិនពេញចិត្ត មិនថាជារឿងតូច ឬរឿងធំនោះទេ។

លោកស្រី Robin Kowalski សាស្ត្រាចារ្យផ្នែកចិត្តវិទ្យាពីសាកលវិទ្យាល័យ Clemson បានពន្យល់ថា ការរអ៊ូជួយកាត់បន្ថយភាពក្រហល់ក្រហាយក្នុងចិត្ត ក្នុងបែបបទដែលការលាក់រឿងគ្រប់យ៉ាងទុកចិត្តមិនអាចធ្វើបាន ព្រោះការនិយាយអ្វីដែលធ្វើឱ្យតឹងទ្រូងចេញមក ជួយឱ្យយើងប្រឈមមុខនឹងអារម្មណ៍អវិជ្ជមានបានល្អប្រសើរជាងមុន។

ប៉ុន្តែអ្វីដែលពិបាកជាងនេះគឺថាតើ «គួររអ៊ូច្រើនកម្រិតណា» និង «គួររអ៊ូជាមួយអ្នកណា»។

ទន្ទឹមនឹងនេះលោក Guy Winch អ្នកចិត្តវិទ្យា និងជាអ្នកនិពន្ធសៀវភៅ The Squeaky Wheel បានពន្យល់ថា ការទទួលបានការស្តាប់ រួមទាំងការបញ្ជាក់ពីអ្នកជុំវិញខ្លួនថាអ្វីដែលពួកយើងជួបប្រទះគឺ ‘គួរឱ្យខកចិត្តពិតមែន’ ជួយឱ្យដឹងថាពួកយើងមិនបានគិតច្រើនជ្រុលពេកនោះទេ។

ក្រៅពីនេះ ការរអ៊ូក៏អាចជាមធ្យោបាយមួយដើម្បីឱ្យអ្នកដទៃទទួលខុសត្រូវចំពោះឥរិយាបថរបស់ខ្លួនឯង ឬប្រើជាកិច្ចសន្ទនាបើកទូលាយជាមួយមនុស្សប្លែកមុខដែលកំពុងជួបប្រទះស្ថានភាពដូចគ្នា។

ចុះបើការរអ៊ូមានតែគុណសម្បត្តិពិតមែន ហេតុអ្វីបានជាអ្នកជុំវិញខ្លួនមិនចង់ស្តាប់ទៅវិញ?

ក្នុងបញ្ហានេះលោក Winch យល់ថា បញ្ហាមិនមែនស្ថិតនៅលើការរអ៊ូនោះទេ ប៉ុន្តែវាស្ថិតនៅលើការរអ៊ូររហូតដល់ ‘ក្លាយជាទម្លាប់’ ជាពិសេសក្នុងសម័យកាលដែលការបញ្ចេញអារម្មណ៍មិនពេញចិត្តតាមរយៈបណ្តាញសង្គមអាចធ្វើទៅបានយ៉ាងងាយស្រួល រហូតដល់ពេលខ្លះយើងមិនទាន់ដឹងខ្លួនថាខ្លួនឯងកំពុងជាប់គាំងនៅក្នុងគំនិតដដែលៗ។

ប្រសិនបើបន្តបញ្ចេញរឿងដដែលៗជាមួយមនុស្សដដែលជានិច្ច អ្នកស្តាប់ក៏អាចមានអារម្មណ៍អស់កម្លាំងហត់នឿយ ម្យ៉ាងទៀតក៏មានអ្វីដែលអ្នកចិត្តវិទ្យាហៅថា ‘Co-rumination’ ឬការផ្លាស់ប្តូរវេនគ្នារអ៊ូរឿងដដែលៗ ដែលទោះបីជាវាធ្វើឱ្យមានអារម្មណ៍ស្និទ្ធស្នាលជាងមុនក៏ដោយ ប៉ុន្តែវាក៏មាននិន្នាការធ្វើឱ្យអ្នកទាំងពីរគ្របដណ្តប់ទៅដោយអារម្មណ៍អវិជ្ជមានច្រើនជាងមុនដែរ។

អ៊ីចឹងគួរ «រអ៊ូ» ដូចម្តេចទើបកើតជាប្រយោជន៍?

លោកស្រី Kowalski យល់ថា «ការរអ៊ូដែលល្អ គឺជាការរអ៊ូដែលមានយុទ្ធសាស្ត្រ» ឬនិយាយម្យ៉ាងទៀតគឺ ដឹងថាគួររអ៊ូពេលណា ជាមួយអ្នកណា និងរំពឹងទុកអ្វីពីការនិយាយម្តងនោះ ព្រោះនៅពេលដែលដឹងគោលដៅហើយ យើងនឹងជ្រើសរើសទាំងវិធីសាស្ត្រនិយាយ និងអ្នកស្តាប់បានយ៉ាងសមស្របជាងមុន ដូចជាការរអ៊ូត្អូញត្អែរដើម្បីឱ្យនរណាម្នាក់ផ្លាស់ប្តូរឥរិយាបថជាដើម។

ចំណែកលោក Winch វិញ ក៏បានណែនាំបច្ចេកទេសមួយដែលហៅថា ‘Complaint Sandwich’ ឬការចាប់ផ្តើមពីការនិយាយរឿងល្អៗ បន្តដោយបញ្ហាដែលកើតឡើង និងបិទបញ្ចប់ដោយអ្វីដែលចង់ឱ្យកើតមានឡើងបន្តទៀត។

យ៉ាងណាក៏ដោយ បើសិនជាយើងត្រូវការត្រឹមតែបញ្ចេញអារម្មណ៍ គឺមិនចាំបាច់ត្រូវតែមានអ្នកស្តាប់ជានិច្ចនោះទេ ការសរសេរកំណត់ហេតុ ឬសូម្បីតែការនិយាយម្នាក់ឯងក៏អាចជួយកាត់បន្ថយអារម្មណ៍អាប់អួបានដោយមិនបង្កើតបន្ទុកដល់អ្នកជុំវិញខ្លួនឡើយ។

ជាចុងក្រោយ ការរអ៊ូដ៏ល្អ មិនមែនជាការខិតខំបដិសេធមិនរអ៊ូនោះទេ ព្រោះការបញ្ចេញអារម្មណ៍ដ៏ល្អ មិនគួរ​ចប់​ត្រឹមការនិយាយឱ្យអារម្មណ៍ល្អបណ្តោះអាសន្ននោះឡើយ ប៉ុន្តែវាគឺជាការនាំយើងឱ្យឈានដល់ការទទួលយកអារម្មណ៍ខ្លួនឯង ការទទួលបានការយល់ដឹង ដើម្បីរកផ្លូវចេញឱ្យផុតពីបញ្ហា ឬឆ្លងកាត់ស្ថានភាពនោះបានល្អប្រសើរជាងមុន។

ពេលដល់ចំណុចនោះ ការរអ៊ូក៏លែងជារឿងដែលជំរុញអ្នកជុំវិញខ្លួនឱ្យឃ្លាតចេញទៀតដែរ ប៉ុន្តែវាបានក្លាយជាឧបករណ៍មួយដែលជួយឱ្យយើងអាចគ្រប់គ្រងទាំងអារម្មណ៍ និងជីវិតបានកាន់តែល្អប្រសើរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា