Hara Hachi Bu គន្លឹះញ៉ាំឆ្ងាញ់ រាងស្អាតរបស់ជនជាតិជប៉ុន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Hara Hachi Bu គន្លឹះញ៉ាំឆ្ងាញ់ រាងស្អាតរបស់ជនជាតិជប៉ុន​

Hara Hachi Bu គន្លឹះញ៉ាំឆ្ងាញ់ រាងស្អាតរបស់ជនជាតិជប៉ុន​

បច្ចុប្បន្ន មនុស្សម្នាក់ៗបានផ្ដោតមកស្វែងរកវិធីដែលជួយឱ្យអាយុវែង តែក៏មកព្រមគ្នាជាមួយនឹងសុខភាពល្អដូចគ្នា។ ហេតុដូច្នេះទើប Hara Hachi Bu ដែលជាទម្លាប់នៃការទទួលទានអាហាររបស់ប្រជាជនអូគីណាវ៉ា ជាខេត្តដែលគេស្គាល់ថាជាតំបន់ Blue Zone ឬជាតំបន់ដែលមានប្រជាជនអាយុវែងជាងគេបំផុតនៅលើពិភពលោក កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

Advertisement

ដ្បិតទម្លាប់នេះល្បីល្បាញលើការទទួលទានឱ្យឆ្អែតត្រឹម ៨០​ភាគរយក្ដី ក៏ប៉ុន្តែវាមិនមែនគ្រាន់តែជាការកាត់បន្ថយបរិមាណអាហារនោះទេ។ វាក៏ជាការសង្កេតរាងកាយ និងការបង្កើតតុល្យភាពក្នុងការរស់នៅផងដែរ។

តើ Hara Hachi Bu គឺជាអ្វី?

Hara Hachi Bu គឺជាពាក្យស្លោករបស់ប្រជាជនអូគីណាវ៉ា ដែលមានន័យថា “ញ៉ាំឱ្យឆ្អែតត្រឹមតែ ៨០ ភាគរយ”។ នេះគឺជាទម្លាប់ដែលប្រជាជនអូគីណាវ៉ាបានប្រកាន់ខ្ជាប់ជាយូរណាស់មកហើយ និងបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ គេជឿជាក់ថា ការញ៉ាំអាហារមិនឱ្យឆ្អែតហួសប្រមាណ នឹងជួយរក្សាសុខភាពឱ្យបានល្អ និងជួយឱ្យមានអាយុវែង។

ហេតុអ្វីត្រូវញ៉ាំឆ្អែត ៨០ភាគរយ?

មូលហេតុនៃការញ៉ាំឆ្អែតត្រឹម ៨០ភាគរយនេះ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែក៏ផ្អែកទៅលើការធ្វើការរបស់ប្រព័ន្ធរំលាយអាហារ និងទំនាក់ទំនងរវាងខួរក្បាលជាមួយរាងកាយផងដែរ។

  • ការពារការញ៉ាំច្រើនជ្រុល៖ នៅពេលដែលញ៉ាំរហូតដល់ឆ្អែតខ្លាំង ឬណែនពោះ រាងកាយនឹងទទួលបានកាឡូរីលើសពីតម្រូវការ ដែលនាំឱ្យរាងកាយនាំយកកាឡូរីដែលលើសនោះបំប្លែងទៅជាខ្លាញ់រក្សាទុក នាំឱ្យទម្ងន់ខ្លួនកើនឡើង និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។
  • ផ្តល់ពេលឱ្យក្រពះ និងខួរក្បាលទាក់ទងគ្នា៖ ជាមធ្យម ខួរក្បាលត្រូវការចំណាយពេលប្រហែល ១៥-២០ នាទី ដើម្បីដឹងថា ក្រពះចាប់ផ្ដើមឆ្អែត។ ការញ៉ាំលឿនពេក ឬញ៉ាំរហូតដល់ណែនដោយមិនរង់ចាំសញ្ញាពីខួរក្បាល តែងតែធ្វើឱ្យញ៉ាំច្រើនលើសពីរាងកាយត្រូវការ។
  • បន្ថយបន្ទុករបស់ប្រព័ន្ធរំលាយអាហារ៖ ការញ៉ាំក្នុងបរិមាណសមល្មម ជួយឱ្យប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងមានប្រសិទ្ធភាពជាងមុន កាត់បន្ថយអាការចុកពោះ ហើមពោះ និងជួយឱ្យរាងកាយទាញយកសារធាតុចិញ្ចឹមទៅប្រើប្រាស់បានពេញលេញ។

អត្ថប្រយោជន៍នៃការញ៉ាំបែប Hara Hachi Bu

  • គ្រប់គ្រងទម្ងន់៖ Hara Hachi Bu ជាវិធីដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រងទម្ងន់ខ្លួន ព្រោះវាជួយការពារកុំឱ្យរាងកាយទទួលបានកាឡូរីលើសពីភាពចាំបាច់។
  • សុខភាពល្អជាងមុន៖ កាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺធាត់ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺបេះដូង និងជំងឺមហារីកមួយចំនួន។
  • បង្កើនថាមពល៖ នៅពេលដែលប្រព័ន្ធរំលាយអាហារមិនធ្វើការខ្លាំងហួសកម្លាំង រាងកាយនឹងមានអារម្មណ៍ស្រស់ស្រាយ មានថាមពលច្រើន និងមិនងងុយគេងក្រោយទទួលទានរួច។
  • ពន្យារអាយុជីវិត៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ការកម្រិតបរិមាណកាឡូរី នឹងជួយឱ្យមានអាយុវែងជាងមុន ស្របគ្នាទៅនឹងទម្លាប់របស់ប្រជាជនដែលរស់នៅក្នុងតំបន់ Blue Zone។

វិធីអនុវត្ត Hara Hachi Bu ក្នុងជីវិតប្រចាំថ្ងៃ

  • ញ៉ាំយឺតៗ និងផ្ដោតអារម្មណ៍៖ ចំណាយពេលទំពាអាហារឱ្យម៉ត់ល្អ និងផ្ដោតអារម្មណ៍ទៅលើរសជាតិ។ ការញ៉ាំយឺតៗនឹងជួយឱ្យខួរក្បាលមានពេលគ្រប់គ្រាន់ដើម្បីទទួលដឹងពេលក្រពះឆ្អែត។
  • ស្តាប់រាងកាយ៖ គួរងាកមកសង្កេតសញ្ញាឆ្អែតរបស់ខ្លួនឯង នៅពេលដែលដឹងថា ពោះចាប់ផ្តើមឆ្អែតប្រហែល ៨០ ភាគរយហើយ គួរតែឈប់ញ៉ាំភ្លាម។
  • ប្រើចានដែលមានទំហំតូចជាងមុន៖ ការប្រើចានដែលមានទំហំតូចនឹងជួយឱ្យមើលទៅឃើញថា អាហារមានបរិមាណច្រើន ដែលជួយគ្រប់គ្រងបរិមាណអាហារបានល្អ។
  • ញ៉ាំទឹកមុនពេលញ៉ាំអាហារ៖ ការញ៉ាំទឹក ១ កែវ មុនពេលញ៉ាំអាហារប្រហែល ១៥-២០ នាទី អាចជួយឱ្យមានអារម្មណ៍ឆ្អែតលឿន និងកាត់បន្ថយបរិមាណអាហារ។
  • ជៀសវាងកត្តារំខាន៖ ខណៈពេលកំពុងញ៉ាំអាហារ គួរកាត់បន្ថយការមើលទូរទស្សន៍ លេងទូរស័ព្ទ ឬធ្វើការងារក្នុងពេលតែមួយ ព្រោះវាអាចធ្វើឱ្យអ្នកញ៉ាំអាហារលើសកម្រិតដោយមិនដឹងខ្លួន។
លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា