ខែចេត្រមេឃក្ដៅ! ចង់ដើរលេងចូលឆ្នាំ គួរដឹងពីវិធីមើលថែសុខភាព កុំឱ្យរំខានដល់ដំណើរកម្សាន្ត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខែចេត្រមេឃក្ដៅ! ចង់ដើរលេងចូលឆ្នាំ គួរដឹងពីវិធីមើលថែសុខភាព កុំឱ្យរំខានដល់ដំណើរកម្សាន្ត

ខែចេត្រមេឃក្ដៅ! ចង់ដើរលេងចូលឆ្នាំ គួរដឹងពីវិធីមើលថែសុខភាព កុំឱ្យរំខានដល់ដំណើរកម្សាន្ត

នៅថ្ងៃទី១៤ ខែមេសានេះ ប្រជាជនកម្ពុជាកំពុងត្រៀមខ្លួនទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២៥៦៩។ បន្ទាប់ពីនេះ នៅថ្ងៃទី១៤ ១៥ និង១៦ ប្រជាជនខ្មែរខ្លះក៏មានគម្រោងដើរលេងតាមទីតាំងរៀបចំកម្មវិធីសង្ក្រាន្ត ក៏ដូចជាបណ្ដារមណីយដ្ឋាននានាដូចគ្នា។​

Advertisement

យ៉ាងណាមិញ ខែមេសា ឬខែចេត្រនេះ អាកាសធាតុនៅក្នុងប្រទេសកម្ពុជាក៏ឡើងក្ដៅខ្លាំង ដែលអាចបង្កផលរំខានដល់សុខភាព ជាពិសេសសម្រាប់មនុស្សចាស់ និងកូនក្មេងដែលងាយនឹងជួបអាការ Heatstroke។ ហេតុនេះ ការយល់ដឹងពី រោគសញ្ញា វិធីសាស្រ្តការពារ និងការសង្គ្រោះបឋមពី Heatstroke គឺជារឿងសំខាន់ កុំបណ្ដែតបណ្ដោយ។

អ្វីទៅជា​ Heatstroke?

Heatstroke គឺជាស្ថានភាពដែលរាងកាយឡើងកម្តៅខ្ពស់ខ្លាំង ដែលកើតឡើងដោយសារតែការធ្វើការ ហាត់ប្រាណ ឬស្ថិតនៅក្នុងទីតាំងដែលមានសីតុណ្ហភាពខ្ពស់។ វាច្រើនតែកើតឡើងនៅពេលដែលសីតុណ្ហភាពរាងកាយឡើងដល់ ៤០ អង្សាសេ ឬលើសពីនេះ ដែលអាចបង្កគ្រោះថ្នាក់ដល់សរីរាង្គសំខាន់ៗដូចជា ខួរក្បាល បេះដូង សួត តម្រងនោម សាច់ដុំ ខណៈក្នុងករណីធ្ងន់ធ្ងរ ក៏អាចប៉ះពាល់ដល់ជីវិតបានដូចគ្នា។

សញ្ញាព្រមាននៃ Heatstroke

រោគសញ្ញាដែលព្រមានថា អ្នកអាចនឹងជួបនឹងអាការ Heatstroke មានដូចជា៖

  • រាងកាយឡើងកម្តៅខ្លាំង (សីតុណ្ហភាពខ្ពស់ជាង ៤០ អង្សាសេ)
  • ស្បែកស្ងួតនិងក្តៅ រាងកាយក្តៅឡើងជាលំដាប់ តែមិនបែកញើស
  • សម្ពាធឈាមធ្លាក់ចុះ
  • បេះដូងលោតញាប់ខ្លាំង ញ័រទ្រូង ជីពចរដើរលឿន
  • ស្រេកទឹកខ្លាំង
  • វិលមុខ ឈឺក្បាល វង្វេងវង្វាន់ ងងឹតមុខ
  • ចង់ក្អួត ក្អួតចង្អោរ អស់កម្លាំងល្ហិតល្ហៃ
  • អាចឈានដល់ការប្រកាច់ រឹងខ្លួន និងបាត់បង់ស្មារតី។

អ្នកដែលមានហានិភ័យខ្ពស់

ក្រុមមនុសុ្សដែលងាយនឹងជួបអាការ Heatstroke រួមមាន៖

១. កុមារអាយុក្រោម ៥ ឆ្នាំ និងមនុស្សចាស់ ដោយសាររាងកាយមិនអាចបញ្ចេញកម្តៅបានល្អដូចមនុស្សពេញវ័យ។

២.​ អ្នកមានជំងឺរ៉ាំរ៉ៃ ឬជំងឺប្រចាំកាយ ដូចជា លើសឈាម ជំងឺបេះដូង និងទឹកនោមផ្អែម។

៣. ​​អ្នកដែលមានទម្ងន់ខ្លួនលើស ឬធាត់។

៤.​ អ្នកដែលសម្រាកមិនបានគ្រប់គ្រាន់។

៥.​ អ្នកដែលធ្វើការ ឬធ្វើសកម្មភាពក្រោមពន្លឺថ្ងៃយូរ ដូចជា អ្នកហាត់ប្រាណ កសិករ និងអ្នកធ្វើការងារក្រៅផ្ទះ។

៦.​ អ្នកដែលនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ រួចចេញមកជួបអាកាសធាតុក្ដៅខ្លាំងភ្លាមៗ រហូតដល់រាងកាយមិនអាចសម្របខ្លួនទាន់។

៧.​ អ្នកដែលទទួលទានគ្រឿងស្រវឹង ព្រោះរាងកាយបានបាត់បង់ជាតិទឹក រួមជាមួយជាតិរ៉ែច្រើនជាងធម្មតា។ ខណៈគ្រឿងស្រវឹងធ្វើឱ្យបេះដូងលោតញាប់ និងខ្លាំងជាងមុន ស្របពេលដែលសម្ពាធឈាមឡើងខ្ពស់។  

ការសង្គ្រោះបឋមមុនបញ្ជូនទៅមន្ទីរពេទ្យ

ក្នុងករណីជួបនឹងបញ្ហានេះ វិធីសាស្ត្រសង្គ្រោះបឋមមុនបញ្ជូនទៅមន្ទីរពេទ្យមានដូចជា៖

  • ប្រញាប់នាំអ្នកជំងឺចូលទៅក្នុងម្លប់ កន្លែងដែលមានខ្យល់ចេញចូលល្អ ដើម្បីបន្ថយសីតុណ្ហភាពរាងកាយ
  • ឱ្យអ្នកជំងឺគេងសន្ធឹងខ្លួន រួចលើកជើងទាំងពីរឱ្យខ្ពស់ ដើម្បីបង្កើនលំហូរឈាមទៅចិញ្ចឹមខួរក្បាល
  • បន្ធូរសម្លៀកបំពាក់ឱ្យធូរ ដើម្បីឱ្យរាងកាយអាចបញ្ចេញកម្តៅបានលឿន
  • ប្រើក្រណាត់ជក់ទឹកត្រជាក់ ឬទឹកកកស្អំត្រង់បរិវេណក ក្លៀក ក្រលៀន និងថ្ងាស រួចប្រើកង្ហារជួយបក់ខ្យល់ ដើម្បីបន្ថយសីតុណ្ហភាពឱ្យធ្លាក់ចុះលឿនបំផុត
  • ប្រសិនបើមិនទាន់បាត់បង់ស្មារតី អ្នកជំងឺត្រូវញ៉ាំទឹកស្អាតឱ្យបានច្រើន និងប្រញាប់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។

វិធីការពារខ្លួនពីបញ្ហា Heatstroke

ដូចសុភាសិតខ្មែរដែលចែងថា “ការពារប្រសើរជាងព្យាបាល” វិធីសាស្រ្តការពារខ្លួនពីបញ្ហានេះ រួមមាន​៖

  • ជៀសវាងការធ្វើសកម្មភាពក្រៅផ្ទះ ឬនៅកន្លែងដែលមានកម្តៅខ្លាំង
  • ស្លៀកសម្លៀកបំពាក់ពណ៌ស្រាល សាច់ស្តើង មិនក្រាស់ ទម្ងន់ស្រាល អាចឱ្យខ្យល់ចេញចូលបានល្អ
  • ញ៉ាំទឹកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ ៦-៨ កែវក្នុងមួយថ្ងៃ ទោះបីមិនស្រេកទឹកក្ដី
  • ជៀសវាងគ្រឿងស្រវឹង តែ កាហ្វេ និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់
  • កុំទុកកុមារ មនុស្សចាស់ ឬសត្វចិញ្ចឹមចោលក្នុងឡានដែលចតក្រោមថ្ងៃក្តៅ
  • កុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ មិនគួរនៅម្នាក់ឯងក្នុងកន្លែងក្តៅ
  • សម្រាប់អ្នកហាត់ប្រាណ គួរជ្រើសរើសពេលព្រឹកព្រលឹម ឬពេលល្ងាច និងគួរកម្តៅសាច់ដុំមុនពេលហាត់ជានិច្ច
  • ពាក់វ៉ែនតាការពារកម្តៅថ្ងៃ និងពាក់មួកដែលមានគែមធំជួយបាំងកម្ដៅ
  • អ្នកដែលមានជំងឺប្រចាំកាយ ប្រសិនបើមានអាការៈមិនប្រក្រតី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់៕
លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា