បាញ់ទឹកអប់នៅ«ក»គ្រោះថ្នាក់ពិតមែនឬ? បង្ហាញការបកស្រាយមន្ទិលសង្ស័យ និងវិធីប្រើទឹកអប់ឱ្យបានត្រឹមត្រូវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បាញ់ទឹកអប់នៅ«ក»គ្រោះថ្នាក់ពិតមែនឬ? បង្ហាញការបកស្រាយមន្ទិលសង្ស័យ និងវិធីប្រើទឹកអប់ឱ្យបានត្រឹមត្រូវ

បាញ់ទឹកអប់នៅ«ក»គ្រោះថ្នាក់ពិតមែនឬ? បង្ហាញការបកស្រាយមន្ទិលសង្ស័យ និងវិធីប្រើទឹកអប់ឱ្យបានត្រឹមត្រូវ

កន្លងមក មានព័ត៌មានលេចមួយចំនួនដែលធ្វើឱ្យមនុស្សជាច្រើនមានការបារម្ភថា ការបាញ់ទឹកអប់នៅត្រង់ក នឹងធ្វើឱ្យសារធាតុគីមីជ្រាបចូលទៅកាត់ និងបំផ្លាញក្រពេញទីរ៉ូអ៊ីត (Thyroid) ដោយផ្ទាល់ ដែលមែនទែនទៅ ព័ត៌មាននេះគឺមិនពិតនោះឡើយ ព្រោះទឹកអប់មិនអាចជ្រាបឆ្លងកាត់ស្រទាប់ស្បែកចុះទៅបំផ្លាញក្រពេញទីរ៉ូអ៊ីតចំគោលដៅដល់ថ្នាក់នោះទេ។

Advertisement

ប៉ុន្តែបើគិតក្នុងរូបភាពវិទ្យាសាស្ត្រ អ្វីដែលគួរឱ្យព្រួយបារម្ភមិនមែនជាទីតាំងដែលត្រូវបាញ់នោះទេ ប៉ុន្តែវាគឺជាសារធាតុគីមីដែលលាក់ខ្លួននៅក្នុងទឹកអប់ ដែលយើងប៉ះពាល់ និងស្រូបចូលទៅក្នុងរាងកាយជាប្រចាំថ្ងៃទៅវិញទេ។ សូមមកស្វែងយល់ពីការពិតរឿងនេះឱ្យស៊ីជម្រៅទាំងអស់គ្នា៖

១. ស្គាល់ពីសារធាតុ Phthalates មេក្លោងសម្ងាត់ដែលធ្វើឱ្យក្រអូបជាប់បានយូរ

មូលហេតុដែលទឹកអប់ដបសំណព្វចិត្តរបស់អ្នកមានក្លិនក្រអូបជាប់បានយូរនោះ គឺដោយសារតែក្នុងឧស្សាហកម្មគ្រឿងសម្អាងតែងតែដាក់បញ្ចូលសារធាតុគីមីក្នុងក្រុមផាតាឡាត (ជាពិសេសប្រភេទម៉ូលេគុលតូចដូចជា DEP) ដើម្បីមាននាទីជាសារធាតុទប់ក្លិនឱ្យនៅបានយូរមុនពេលវារំហួតបាត់ទៅ។ ចំណុចដែលត្រូវប្រុងប្រយ័ត្នគឺ ច្បាប់អនុញ្ញាតឱ្យប្រេនផ្សេងៗលាក់បាំងសមាសធាតុទាំងនេះនៅក្រោមពាក្យសរុបនៅលើស្លាកសញ្ញាថា Fragrance ឬ Parfum បានកប់បាត់ទៅហើយ ដែលធ្វើឱ្យយើងមិនអាចដឹងច្បាស់ប្រាកដថាមានសារធាតុផាតាឡាតលាក់ខ្លួននៅខាងក្នុងដែរឬទេ។ ទោះបីជាយើងមាន App ជួយពិនិត្យដូចជា EWG’s Healthy Living ក៏ដោយ ក៏វេជ្ជបណ្ឌិតឯកទេសផ្នែកប្រព័ន្ធអង់ដូគ្រីនបានសង្កត់ធ្ងន់ដដែលថា សមាសធាតុផ្សំរបស់ទឹកអប់ច្រើនតែត្រូវបានការពារក្នុងនាមជាការសម្ងាត់ផ្នែកពាណិជ្ជកម្មដែលមានន័យថា នៅលើស្លាកសញ្ញាប្រហែលជាមិនបានបង្ហាញបញ្ជីឈ្មោះសារធាតុគីមីទាំងអស់ដែលលាក់ខ្លួននៅខាងក្នុងនោះឡើយ។

២. គ្រោះថ្នាក់កើតឡើងពីការទទួលបានសារធាតុទាំងនេះយូរៗ (Cocktail Effect)

ពេលដែលយើងបាញ់ទឹកអប់ សារធាតុគីមីមិនត្រឹមតែចូលទៅក្នុងរាងកាយតាមរយៈការស្រូបតាមដង្ហើមចូលទៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានស្រូបចូលតាមស្បែកដោយផ្ទាល់ (Dermal absorption) ទៀតផង។ ជាពិសេសប្រសិនបើស្បែកមានអាការរលាក ឬរបាំងការពារស្បែកខ្សោយ ការស្រូបចូលកាន់តែមានកម្រិតខ្ពស់។ គ្រោះថ្នាក់នៃសារធាតុទាំងនេះមិនមែនកើតឡើងក្នុងរយៈពេលតែមួយថ្ងៃនោះទេ ប៉ុន្តែវាកើតមកពីការទទួលបានសារធាតុបន្តិចម្តងៗពីគ្រឿងសម្អាង ឡេ ឬទឹកអប់ជាច្រើនមុខបញ្ចូលគ្នា រួមបញ្ចូលគ្នាជាបន្តបន្ទាប់រយៈពេលជាច្រើនឆ្នាំ ដែលក្នុងផ្លូវវិទ្យាសាស្ត្រហៅថា បាតុភូត Cocktail Effect។

៣. ផលប៉ះពាល់មកលើអរម៉ូន និងទីរ៉ូអ៊ីតពិតប្រាកដ

សារធាតុផាតាឡាតត្រូវបានចាត់ថ្នាក់ស្ថិតក្នុងក្រុម សារធាតុរំខានអរម៉ូន (Endocrine Disrupting Chemicals ឬ EDCs)។ ការទទួលបានសារធាតុទាំងនេះក្នុងរយៈពេលវែងអាចផ្ដល់ផលប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយដូចខាងក្រោម៖

  • ប្រព័ន្ធទីរ៉ូអ៊ីត៖ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការទទួលបានសារធាតុផាតាឡាតមានទំនាក់ទំនងជាមួយកម្រិតអរម៉ូនទីរ៉ូអ៊ីតសេរី (FT3 និង FT4) ដែលបានថយចុះ ដែលឆ្លុះបញ្ចាំងពីការរំខានដល់ការដំណើរការរបស់ប្រព័ន្ធទីរ៉ូអ៊ីត។
  • ប្រព័ន្ធរំលាយអាហារ (Metabolism)៖ ផាតាឡាតអាចរំខានដល់ដំណើរការបង្កើតកោសិកាខ្លាញ់ និងការរំលាយគ្លុយកូស ដែលទៅបង្កើនហានិភ័យនៃការមានរង្វង់ចង្កេះកើនឡើង ទម្ងន់ខ្លួនកើនឡើង (BMI) និងស្ថានភាពធន់អាំងស៊ុយលីន (Insulin resistance)។
  • ប្រព័ន្ធបន្តពូជ៖ អាចរំខានដល់ប្រព័ន្ធបន្តពូជទាំងក្នុងភេទស្រីនិងភេទប្រុស ហើយប្រសិនបើទទួលបានសារធាតុនេះក្នុងអំឡុងពេលមានផ្ទៃពោះ សារធាតុគីមីអាចឆ្លងកាត់សុកទៅរំខានដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ។

៤. វិធីសាស្ត្រប្រើប្រាស់ទឹកអប់យ៉ាងមានសុវត្ថិភាព ក្រអូបបានដោយមិនបាច់បារម្ភ

យើងមិនចាំបាច់មានការភ្ញាក់ផ្អើលរហូតដល់ថ្នាក់បោះទឹកអប់ចោលនោះទេ! គ្រាន់តែលៃតម្រូវវិធីសាស្ត្រប្រើប្រាស់ឱ្យយល់ដឹងកាន់តែច្បាស់តាមបែបខាងក្រោម៖

  • បាញ់លើខោអាវជំនួសឱ្យស្បែក៖ ដើម្បីកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ សូមប្តូរមកបាញ់ទឹកអប់លើខោអាវជំនួសឱ្យការបាញ់លើស្បែកត្រង់ក ឬកដៃ ដែលនឹងជួយកាត់បន្ថយការស្រូបសារធាតុគីមីចូលទៅក្នុងចរន្តឈាមបាន។
  • អានស្លាកសញ្ញាមុនពេលទិញ៖ រកមើលផលិតផលដែលមានបញ្ជាក់ថា Phthalate-Free ឬជ្រើសរើសប្រើប្រាស់ Skincare បែប Fragrance-Free ជំនួសវិញ។
  • ក្រុមមនុស្សដែលងាយរងគ្រោះត្រូវប្រុងប្រយ័ត្នជាពិសេស៖ ស្ត្រីដែលកំពុងមានផ្ទៃពោះ កំពុងបំបៅដោះកូន រួមទាំងក្មេងតូចៗ គួរតែជៀសវាងផលិតផលដែលមានទឹកអប់សំយោគយ៉ាងតឹងរ៉ឹង ព្រោះវាជាកំលុងពេលដែលរាងកាយងាយរងគ្រោះ និងងាយទទួលរងនូវផលប៉ះពាល់ពីការរំខានអរម៉ូនខ្លាំងបំផុត ៕
លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា