Slow Dopamine៖ សិល្បៈនៃការរស់នៅបែបយឺតៗ ដើម្បី Reset ខួរក្បាល ព្យាបាលបេះដូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Slow Dopamine៖ សិល្បៈនៃការរស់នៅបែបយឺតៗ ដើម្បី Reset ខួរក្បាល ព្យាបាលបេះដូង

Slow Dopamine៖ សិល្បៈនៃការរស់នៅបែបយឺតៗ ដើម្បី Reset ខួរក្បាល ព្យាបាលបេះដូង

តើអ្នកធ្លាប់មានអារម្មណ៍ទេថា មួយថ្ងៃៗអ្នកអង្គុយលេងទូរស័ព្ទ អូសមើលបណ្ដាញសង្គមរាប់ម៉ោង ក៏ប៉ុន្តែបែរជាមានអារម្មណ៍ហេងហាង មានតែទុក្ខ អត់ភាពរីករាយ ហើយថែមទាំងអស់កម្លាំងទៀត?

Advertisement

នេះមកពីខួរក្បាលរបស់អ្នកតែងតែត្រូវរំញោចដោយកត្តាជាច្រើនជាប្រចាំ មិនថាសំឡេងជូនដំណឹង ឬវីដេអូខ្លីៗដែលបុកចូលមកក្នុង New Feed របស់អ្នករៀងរាល់នាទី។ សកម្មភាពទាំងនេះ បានធ្វើឱ្យខួរក្បាលរបស់អ្នកញៀននឹងសេចក្ដីសុខរយៈពេលខ្លី ឬហៅថា Quick Dopamine។

ដើម្បីអាចយល់ពី Quick Dopamine ឱ្យកាន់តែច្បាស់ អ្នកត្រូវដឹងថា Dopamine មិនមែនត្រឹមតែជាអ័រម៉ូននៃសេចក្ដីសុខនោះទេ​ ប៉ុន្តែវាជាសារធាតុគីមីដែលជួយរុញច្រានកម្លាំងចិត្ត និងការរំពឹងទុកផងដែរ។ នៅពេលដែលយើងទទួលបាន Dopamine ងាយស្រួលពេក ដោយមិនចាំបាច់ខិតខំអ្វីច្រើន ខួរក្បាលនឹងចាប់ផ្ដើមស៊ាំនឹងវា ដែលធ្វើឱ្យអ្នកត្រូវស្វែងរកការរំញោចដែលខ្លាំងជាងមុនជាបន្តបន្ទាប់ ដើម្បីឱ្យខ្លួនឯងមានសេចក្ដីសុខដូចដើម។ លទ្ធផលដែលតាមមកគឺ អ្នកអាចនឹងជួបនឹងបញ្ហាស្មារតីទាប អារម្មណ៍មិនស្ងប់ អស់កម្លាំងចិត្ត ព្រួយបារម្ភ និងភាពតានតឹងជាប្រចាំ។

នៅពេលដែល Quick Dopamine គឺជាថ្នាំពុលដែលកំពុងតែធ្វើបាបអ្នក Slow Dopamine គឺជាថ្នាំបន្សាប។

អ្នកនឹងទទួលបាន Slow Dopamine តាមរយៈការធ្វើសកម្មភាពដែលត្រូវប្រើប្រាស់ពេលវេលា ការព្យាយាម និងការអត់ធ្មត់ ដើម្បីបំពេញអារម្មណ៍ដែលខ្លួនត្រូវការ។ ប្រសិនបើប្រៀបធៀបឱ្យងាយយល់ Quick Dopamine ប្រៀបដូចជា Fast Food របស់ខួរក្បាល ដែលលឿន ហើយឆ្ងាញ់ ប៉ុន្តែបើញ៉ាំញឹកញាប់នឹងប៉ះពាល់ដល់សុខភាព ខណៈដែល Slow Dopamine ប្រៀបដូចជាអាហារធ្វើនៅផ្ទះ ដែលត្រូវចំណាយពេលរង់ចាំ តែល្អចំពោះសុខភាព។

ជាក់ស្ដែង Slow Dopamine អាចជួយ Reset ខួរក្បាលបានយ៉ាងមានប្រសិទ្ធភាព ព្រោះវា៖

  • ជួសជុលប្រព័ន្ធប្រសាទ៖ ការរស់នៅតាមបែបផែនដែលយឺតជាងមុន ជួយផ្លាស់ប្ដូរប្រព័ន្ធប្រសាទដែលតែងតែដំណើរការត្រៀមខ្លួនទទួលអ្វីថ្មីៗ (Sympathetic) ត្រឡប់មកសម្រាក (Parasympathetic) ដែលជួយកាត់បន្ថយ Cortisol ដែលជាអ័រម៉ូននៃភាពតានតឹង។
  • ចេះអត់ធ្មត់៖ ការធ្វើសកម្មភាពដែលត្រូវចំណាយពេលវេលា នឹងជួយបង្វឹកខួរក្បាលឱ្យចេះអត់ធ្មត់ និងបង្កើនការផ្ដោតអារម្មណ៍។
  • មានក្ដីសុខងាយជាងមុន៖ នៅពេលដែល Quick Dopamine ធ្វើឱ្យអ្នកពិបាកស្វែងរកសេចក្ដីសុខ Slow Dopamine នឹងធ្វើឱ្យអ្នកអាចមានសេចក្ដីសុខជាមួយនឹងរឿងរ៉ាវតូចតាចបានងាយជាងមុន។

ដូច្នេះ ដើម្បីបង្កើត Slow Dopamine អ្នកអាចសាកល្បងតាមវិធីដូចជា៖

  • កុំប្រើប្រាស់ទូរស័ព្ទភ្លាមៗនៅពេលភ្ញាក់ពីគេង  ព្រោះសកម្មភាពនេះហាក់ដូចជាការបំបុក Dopamine ភ្លាមៗតាំងពីព្រឹក។ សាកល្បងប្ដូរមកធ្វើសកម្មភាពងាយៗដូចជា ការញ៉ាំទឹក ហាលពន្លឺព្រះអាទិត្យ ឬធ្វើចលនារាងកាយតិចៗ ដើម្បីឱ្យរាងកាយ និងខួរក្បាលភ្ញាក់បានល្អដោយសន្សឹមៗ។
  • ទម្លាក់ចោលនូវទម្លាប់ទទួលព័ត៌មានគ្រប់ពេលវេលា។ សាកល្បងឈប់លេងទូរស័ព្ទពេលញ៉ាំបាយ ឬដើរហាត់ប្រាណដោយមិនចាំបាច់ស្ដាប់ចម្រៀង ឬ Podcast។ សកម្មភាពទាំងនេះ នឹងជួយឱ្យអ្នករស់នៅជាមួយខ្លួនឯង ដោយមិនបាច់ពឹងពាក់ការកម្សាន្តពីខាងក្រៅ ក៏ដូចជាជួយ Reset ខួរក្បាលឱ្យមានថាមពលជាងមុនផងដែរ។
  • សាកល្បងស្វែងរកការកម្សាន្តដែលត្រូវចំណាយពេលវេលា ដូចជា ការអានសៀវភៅ ការផ្គុំរូប ឬការធ្វើម្ហូប ដែលជាសកម្មភាពយឺតៗ អាចឱ្យអ្នកមានសេចក្ដីសុខងាយៗ មិនមែនតែពេលឃើញលទ្ធផលសម្រេចនោះទេ តែសូម្បីតែអំឡុងពេលកំពុងធ្វើវាក៏ដោយ។
  • អនុញ្ញាតឱ្យខ្លួនឯងធុញទ្រាន់ខ្លះ។ ភាពធុញទ្រាន់មិនមែនសុទ្ធតែជារឿងអាក្រក់រហូតនោះទេ ព្រោះខួរក្បាលរបស់អ្នកមិនត្រូវការឱ្យមានរឿងថ្មីៗចូលមករហូតឡើយ។ ពេលខ្លះ ភាពធុញទ្រាន់ក៏អាចបើកលំហទំនេរសម្រាប់ឱ្យខួរក្បាលគិតឃើញអ្វីថ្មីៗបានដែរ។

យ៉ាងណាមិញ មិនមែនមានន័យថា ដើម្បីបង្កើត Slow Dopamine អ្នកត្រូវកាត់ផ្ដាច់ខ្លួនឯងពីបណ្ដាញសង្គម ឬការកម្សាន្តទាំងស្រុងនោះទេ។ ចំណុចសំខាន់គឺ ការបង្កើតតុល្យភាពឱ្យខ្លួនឯង។ ក្នុងយុគសម័យនេះ អ្នកត្រូវតែរស់នៅពឹងពាក់បណ្ដាញសង្គម ក៏ប៉ុន្តែសកម្មភាពដែលជួយឱ្យអ្នកចេះអត់ធ្មត់ និងផ្ដោតអារម្មណ៍​ក៏ជារឿងមិនអាចខ្វះបានឡើយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា