Superfood ពីធម្មជាតិ ជួយបានទាំងសម្រស់ បានទាំងសុខភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Superfood ពីធម្មជាតិ ជួយបានទាំងសម្រស់ បានទាំងសុខភាព

Superfood ពីធម្មជាតិ ជួយបានទាំងសម្រស់ បានទាំងសុខភាព

បើនិយាយពីការថែរក្សាសម្រស់ប្រឆាំងភាពចាស់ មនុស្សជាច្រើនប្រហែលជានឹកឃើញដល់ផលិតផលថែរក្សាស្បែក ឬការកែសម្ផស្ស។ ប៉ុន្តែការពិតទៅ វិធីសាស្ត្រប្រឆាំងភាពចាស់ដែលបានប្រសិទ្ធភាពខ្ពស់បំផុតមួយ អាចចាប់ផ្តើមពីអាហារដែលស្ថិតនៅលើចានរបស់អ្នកជារៀងរាល់ថ្ងៃ។

Advertisement

ពាក្យថា Superfood មិនមែនជាពាក្យបច្ចេកទេសនៅក្នុងវិទ្យាសាស្ត្រ ក៏រឹតតែមិនសំដៅទៅលើអាហារបំប៉ន ក៏ប៉ុន្តែពាក្យនេះ គឺសំដៅទៅលើអាហារណាដែលមានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងកម្រិតខ្ពស់ជាងអាហារទូទៅ។

ខាងក្រោមនេះ គឺជា Superfood ពីធម្មជាតិ ដែលមានគុណសម្បត្តិជួយបានទាំងសម្រស់ និងសុខភាពក្នុងពេលតែមួយ៖

បន្លែបៃតង៖ អាហារសម្រាប់ស្បែក

ខាត់ណា ស្ពៃពុយឡេង និងបន្លែស្លឹកបៃតងផ្សេងទៀត សម្បូរទៅដោយវីតាមីន A C K អាស៊ីតហ្វូលិក ជាតិកាកសរសៃ និងសារធាតុ Carotenoids ដែលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាក។ ក្រៅពីនេះ ការទទួលទានបន្លែបៃតងក៏ជួយដល់សុខភាពបេះដូង ទ្រទ្រង់សុខភាពស្បែក និងភ្នែកក្នុងរយៈពេលវែងផងដែរ។

ត្រីដែលមានខ្លាញ់ល្អ៖ អាហារសម្រាប់អ្នកដែលចង់ក្មេងជាងវ័យ

ត្រីសាល់ម៉ុន ត្រីសាឌីន ឬត្រីសមុទ្រទឹកជ្រៅមួយចំនួនទៀត ជាប្រភពនៃអូមេហ្គា ៣ ដែលមានតួនាទីសំខាន់ចំពោះសុខភាពខួរក្បាល បេះដូង និងអាចជួយកាត់បន្ថយការរលាករ៉ាំរ៉ៃ ដែលជាកត្តាសំខាន់មួយនៃភាពចាស់។ ការសិក្សាផ្នែកអាហារូបត្ថម្ភជួយដល់ការមានអាយុវែងមួយចំនួន បានណែនាំឱ្យញ៉ាំត្រីដែលមានខ្លាញ់ល្អទាំងនេះ យ៉ាងហោចណាស់ ២-៣ ដងក្នុងមួយសប្តាហ៍។

តែបៃតង៖ ភេសជ្ជៈសម្រាប់ស្បែកក្មេងជាងវ័យ

តែបៃតងមានសារធាតុសំខាន់ដូចជា EGCG និង Catechin ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មខ្ពស់ ជួយកាត់បន្ថយកម្រិតភាពស្ត្រេស កាត់បន្ថយការរលាក ថែមទាំងជួយដល់សុខភាពខួរក្បាល និងបេះដូង។ សម្រាប់សម្រស់វិញ តែបៃតងក៏អាចធ្វើឱ្យក្មេងជាងវ័យផងដែរ ដោយសារសារធាតុ Polyphenols នៅក្នុងតែបៃតងអាចជួយបង្កើនកូឡាជែន និងជួយប្រឆាំងនឹងស្បែកជ្រីវជ្រួញជាដើម។

គ្រាប់ធញ្ញជាតិ៖ អាហារសម្រន់ដែលស្បែកចូលចិត្ត

គ្រាប់អាល់ម៉ុន គ្រាប់ខួរក្បាល គ្រាប់រីករាយ និងអម្បូរគ្រាប់ធញ្ញជាតិដទៃទៀត សម្បូរទៅដោយខ្លាញ់ល្អ វីតាមីន E ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារកោសិកាពីភាពទ្រុឌទ្រោម ព្រមទាំងគាំទ្រដល់សុខភាពបេះដូង និងខួរក្បាល។ ការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំគ្រាប់ធញ្ញជាតិជាប្រចាំ ជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវិតដោយសារជំងឺរ៉ាំរ៉ៃ។

អាហារផ្អាប់៖ មាត់ឆ្ងាញ់ ពោះវៀនរីករាយ

អាហារផ្អាប់ដូចជា យ៉ាអួ និងគីមឈី គឺជាអាហារដែលសម្បូរទៅដោយ Probiotics ពីធម្មជាតិ ល្អចំពោះសុខភាពពោះវៀន។ ចំណុចដែលសំខាន់នោះត្រង់ថា ការមានសុខភាពពោះវៀនប្រសើរមិនមែនអំណោយផលតែចំពោះការបន្ទោរបង់ប៉ុណ្ណោះទេ តែសុខភាពពោះវៀនគឺតភ្ជាប់ទៅនឹងប្រព័ន្ធភាពស៊ាំ អារម្មណ៍ ការរលាកនៅក្នុងរាងកាយ និងស្បែកផងដែរ។

ផ្លែឈើត្រកូលប៊ឺរី៖ ផ្លែឈើតូច ប៉ុន្តែគុណប្រយោជន៍ធំ

ផ្លែឈើត្រកូលប៊ឺរី សម្បូរទៅដោយសារធាតុ Anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពារកោសិកាពីការខូចខាត កាត់បន្ថយការរលាក និងអាចជួយគាំទ្រដល់មុខងារខួរក្បាលក្នុងរយៈពេលវែង។ ការទទួលទានផ្លែប៊ឺរីជាប្រចាំ ល្អចំពោះសុខភាពបេះដូង និងជួយពន្យារការចុះខ្សោយរបស់ខួរក្បាល។

គួររំឭកថា គ្មានអាហារប្រភេទណាដែលញ៉ាំហើយអាចជួយឱ្យក្មេងជាងវ័យ ឬមានសុខភាពរឹងមាំភ្លាមៗនោះទេ សូម្បីតែ Superfood ក្ដី។ ប៉ុន្តែការញ៉ាំអាហារដែលមានប្រយោជន៍ឱ្យបានទៀងទាត់ អាចជួយពន្យារកម្រិតភាពចាស់ ហើយបើទោះបីជាអ្នកមានអាយុច្រើនក្ដី ក៏អ្នកនឹងចាស់ទៅដោយមានគុណភាពខ្ពស់ដែរ ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា