ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។ ប៉ុន្តែជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះគឺមិនមានភស្ដុតាងវិទ្យាសាស្រ្ត ឬវេជ្ជសាស្រ្តណាមួយដើម្បីគាំទ្រការលើកឡើងខាងលើនោះឡើយ។

ផ្ទុយទៅវិញហានិភ័យនៃការបំពុលដោយមេរោគនៅក្នុងសាច់ឆ្កែគឺមានភាគរយខ្ពស់ជាងសាច់សត្វចិញ្ចឹមផ្សេងទៀតដូចជាគោ ជ្រូក មាន់ ទា និងត្រី ព្រោះសាច់ឆ្កែមិនដែលឆ្លងកាត់ការត្រួតពិនិត្យទៅលើសុវត្ថិភាពចំណីអាហារឡើយ ថែមទាំងងាយក្នុងការឆ្លងជំងឺឆ្លងដ៏គ្រោះថ្នាក់ដល់ជីវិតផងដែរ។ ខាងក្រោមនេះគឺជាផលប៉ះពាល់ និងគ្រោះថ្នាក់ចម្បងនៃការបរិភោគសាច់ឆ្កែ៖

១. ហានិភ័យនៃការឆ្លងជំងឺឆ្កែឆ្កួត (Rabies)

វីរុសឆ្កែឆ្កួតភាគច្រើនត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធប្រសាទ និងខួរក្បាលរបស់ឆ្កែដែលបានឆ្លងមេរោគ។ យោងតាម​ការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាហានិភ័យធំបំផុតគឺអំឡុងពេលសម្លាប់ កាប់យកសាច់ និងរៀបចំចម្អិន ដែលទឹកមាត់ ឈាម ឬសារធាតុរាវនៅក្នុងខ្លួនឆ្កែមកប៉ះនឹងរបួស ស្បែក ឬចូលភ្នែក ច្រមុះ មាត់វានឹងបណ្ដាលឱ្យមេរោគព្រមទាំងជំងីជាច្រើនឆ្លងចូលមកក្នុងខ្លួនមនុស្សបានភ្លាមៗ។  

ប្រសិនបើឆ្លងចូលទៅក្នុងរាងកាយ វីរុសនឹងបំផ្លាញប្រព័ន្ធប្រសាទកណ្តាល និងខួរក្បាលដែលមានអត្រាការស្លាប់ជិត ១០០% នៅពេលដែលរោគសញ្ញាចាប់ផ្តើមបង្ហាញឡើង។

២. ការចម្លងបាក់តេរីកម្រិតធ្ងន់ចូលក្នុងរាងកាយ

ជាទូទៅសាច់ឆ្កែគឺមិនមានការជញ្ជូន និងការរៀបចំចម្អិនណាមួយដែលធានាបាននូវអនាម័យព្រមទាំងសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវឡើយដែលធ្វើឱ្យមានសាច់កើនឡើងនូវបាក់តេរីគ្រោះថ្នាក់កម្រិតខ្ពស់ដល់សុខភាពដូចជាE. coli, Salmonella, Campylobacter និងបាក់តេរីបង្កជំងឺអាសន្នរោគ (Vibrio cholerae)។ នៅពេលដែលបាក់តេរីទាំងនេះចម្លងចូលរាងកាយមនុស្សវានឹងបណ្ដាលឱ្យមានអាការៈពុលចំណីធ្ងន់ធ្ងរ រលាកពោះវៀន រាគរូស លាមកមានឈាម ក្អួត គ្រនក្ដៅ ជាពិសេសងាយនឹងឆ្លងមេរោគចូលក្នុងឈាមតែម្ដង។

៣. គ្រោះថ្នាក់ពីសារធាតុពុលបន្សល់ទុកក្នុងខ្លួនឆ្កែ

សាច់ឆ្កែដែលមានលក់នៅលើទីផ្សារភាគច្រើន ក្រៅពីសត្វដែលត្រូវបានសម្លាប់យ៉ាងឃោរឃៅហើយមួយផ្នែកធំគឺត្រូវបានគេដាក់ថ្នាំបំពុលដែលមានសារធាតុ Cyanide ឬ Strychnine ជាដើម។ សារធាតុពុលទាំងនេះនឹងមានរលាយបាត់ដោយសារកម្ដៅនៃការចម្អិននោះឡើយ ដូច្នេះនៅពេលដែលមនុស្សបរិភោគចូលទៅវានឹងបណ្ដាលឱ្យសារធាតុពុលជ្រាបចូលទៅបំផ្លាញប្រព័ន្ធប្រសាទ និងសរសៃឈាមបេះដូង។ យោងតាមគេហទំព័រ Minnesota Department of Health ក្នុងករណ៏ដែលសាច់ខ្លះដែលចម្អិនមិនបានឆ្អិន ព្រូនដែលនៅក្នុងនោះដូចជាប្រភេទទ្រីគីណែលឡា (Trichinella) នឹងចូលទៅវាយលុកចូលសាច់ដុំ បេះដូង និងខួរក្បាល បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងររហូតដល់ស្លាប់។

៤. កើនឡើងកម្រិតជាតិអាស៊ីដក្នុងរាងកាយ និងបញ្ហាសុខភាពផ្សេងៗ

សាច់ឆ្កែមានផ្ទុកនូវប្រូតេអ៊ីន និងជាតិខ្លាញ់ខ្ពស់ខ្លាំងដែលអាចជំរុញឱ្យកម្រិតនៃអាស៊ីដអ៊ុយរិកក្នុងរាងកាយឡើងខ្ពស់យ៉ាងឆាប់រហ័ស។ វានឹងបណ្ដាលឱ្យអ្នកបរិភោគកើតជំងឺរលាកសន្លាក់ (Gout) ជំងឺសម្ពាធឈាមខ្ពស់ ឬជំងឺតម្រងនោម។

ដូច្នេះហើយដើម្បីសុវត្ថិភាព សុខភាព និងអាយុជីវិត សូមជៀសវាងការបរិភោគសាច់ឆ្កែ និងងាកមកទទួលទានចំណីអាហារណាដែលមានប្រយោជន៍ដល់សុខភាពព្រមទាំងឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារត្រឹមត្រូវវិញ។ សូមកុំចាំដល់ថ្ងៃដែលមេរោគជ្រាបចូលក្នុងរាងកាយបំផ្លាញជីវិតអ្នកហើយ ទើបស្ដាយក្រោយ៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា