ការប្រើប្រាស់ខូឡាជែនមិនត្រឹមត្រូវ នាំឲ្យបាត់បង់ទាំងលុយកាក់ និងខាតបង់ពេលវេលា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រើប្រាស់ខូឡាជែនមិនត្រឹមត្រូវ នាំឲ្យបាត់បង់ទាំងលុយកាក់ និងខាតបង់ពេលវេលា

ការប្រើប្រាស់ខូឡាជែនមិនត្រឹមត្រូវ នាំឲ្យបាត់បង់ទាំងលុយកាក់ និងខាតបង់ពេលវេលា

នា​ពេល​បច្ចុប្បន្ន ផលិតផល​ខូឡាជែន ជា​ផលិតផល​ថែរក្សា​សម្រស់​ដែល​​នារី​ជាច្រើន​កំពុង និង​ចូលចិត្ត​ប្រើ។ ខូឡាជែន គឺជាប្រូតេអ៊ីនដែលរាងកាយ​ផលិត ហើយ ៣០% នៃ​ប្រូតេអ៊ីន​នៅ​ក្នុង​ខ្លួន​របស់ គឺជា​ខូឡាជែន។

ខូឡាជែន ជួយ​មនុស្ស​មាន​សុខភាព​ល្អ និង​សម្រស់​ស្អាត ប៉ុន្តែ​នៅ​ពេល​មាន​អាយុ​កាន់តែ​ច្រើន ការ​ផលិត​ខូឡាជែន​នៅ​ក្នុង​ខ្លួន​ក៏​ថយ​ចុះ​ដែរ។ ដូច្នេះ​យើង​ត្រូវ​ញ៉ាំ​អាហារ​សម្បូរ​ខូឡាជែន ដើម្បី​បង្កើន​ចំនួនខូឡាជែនឡើងវិញ តែ​សព្វថ្ងៃ​ផលិតផល​ខូឡាជែន ជាច្រើន​បាន​ចរាចរ​ក្នុង​ទីផ្សារ។ វា​ប្រជា​ប្រិយភាព​ក្នុងការដោះស្រាយបញ្ហាដែលកើតឡើងតាមវ័យ ដូចជាស្នាមជ្រីវជ្រួញ ការ​បាត់បង់​សំណើម​ស្បែក និង​ការ​ឈឺចាប់​តាម​សន្លាក់។

នៅពេលដែលអ្នកកាន់តែចាស់ទៅ ការផលិតកូឡាជែននៅក្នុងរាងកាយនឹងថយចុះ​តាម​ធម្មជាតិ។ ការផលិតកូឡាជែនដោយធម្មជាតិចាប់ផ្តើមថយចុះចាប់ពីអាយុ ២៥ ឆ្នាំឡើងទៅ។

លើសពីនេះ កូឡាជែនក៏ចាប់ផ្តើមបែកខ្ញែក និង​រាយប៉ាយ​​ជាងមុន។ ការ​ផ្លាស់ប្តូរ​ទាំងនោះ នាំឲ្យ​លេច​ចេញ​សញ្ញា​នៃ​ភាព​ចាស់ ដូចជាស្នាមជ្រីវជ្រួញ ស្បែកស្ងួត និងស្បែកយារធ្លាក់។ គុណភាព និង​ភាពរឹងមាំនៃកូឡាជែននៅក្នុងប្រព័ន្ធឆ្អឹងក៏ថយចុះទៅតាមអាយុផងដែរ ដែលនាំ​ឲ្យ​ឆ្អឹង​បាត់បង់​ភាពរឹងមាំ។

ទោះបីជាការបាត់បង់ និងការខូចខាតកូឡាជែននៅពេលដែលអ្នកកាន់តែចាស់ គឺជា​អ្វី​ដែល​មិន​អាច​ជៀស​បាន​ក៏​ដោយ ក៏​កត្តា​ខ្លះ​ទាក់ទង​នឹង​របបអាហារ និង​របៀប​រស់​នៅ​ខ្លះ ធ្វើឲ្យ​ដំណើរ​ការ​បាត់បង់​ខូឡាជែន​នេះ​កើត​ឡើងកាន់តែលឿន។ ឧទាហរណ៍ ការ​ជក់បារី​ត្រូវ​បាន​គេ​ដឹង​ថា​អាច​បំផ្លាញ​កូឡាជែន និង​បង្ក​ឲ្យ​ស្បែកចាស់មុនអាយុ កើតមានស្នាមជ្រីវជ្រួញ និងបាត់បង់ភាពយឺត។ លើសពី​នេះ ការ​ទទួល​ទាន​គ្រឿងស្រវឹង​ច្រើន​ហួសហេតុ ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជំរុញ​ស្បែក​ចាស់​កាន់តែ​លឿន ដោយសារ​វា​ទៅ​កាត់បន្ថយ​ការ​ផលិតកូឡាជែន និង​បំផ្លាញ​យន្តការ​ជួសជុល​ស្បែក​របស់​រាងកាយ។

ព្រោះ​តែ​បែបនេះ​ហើយ​ទើប ជា​ការ​ទទួល​ទាន​ ខូឡាជែន ជា​ជម្រើស​ដែល​ចាំបាច់ ដើម្បី​ជួយ​ស្ដារ​ខូឡាជែន​ក្នុង​រាងកាយ។ តែ​ពេលខ្លះ​អ្នក​ទាំង​នោះ​បែរជា​ធ្វើ​ខុស​ទៅ​វិញ ដូចជា៖

១. ការប្រើប្រាស់កូឡាជែនក្នុងបរិមាណតិចពេក៖ មនុស្សជាច្រើន​ប្រើប្រាស់​កូឡាជែន​ក្នុង​កម្រិត​ទាប ជាងកម្រិតដែលបានប្រើនៅក្នុងការសិក្សាស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ហើយ​បន្ទាប់​មក​ឆ្ងល់​ថាហេតុអ្វីបានជាមិនឃើញមានលទ្ធផល។ ការសិក្សាស្រាវជ្រាវដែលត្រូវបានពិនិត្យ និង​ទទួល​ស្គាល់​ដោយ​អ្នកជំនាញលើប្រធានបទអាហារបំប៉នកូឡាជែន បានបង្ហាញជាលំដាប់ថា គេ​ប្រើប្រាស់​កូឡាជែន​ប្រភេទ Hydrolysed Collagen Peptides ក្នុង​កម្រិតពី ៥ ០០០ ទៅ ១០០០០ មីលីក្រាម (mg) ក្នុងមួយថ្ងៃ។ ផលិតផលដែលផ្តល់កូឡាជែនត្រឹមតែ ១ ០០០ ទៅ ២ ០០០ មីលីក្រាមក្នុងមួយដង គឺ​មិន​ទំនង​ជា​ផ្តល់​លទ្ធផលល្អប្រសើរដល់ស្បែក សន្លាក់ ឬ​សក់ ដូច​ការ​សិក្សា​បង្ហាញនោះទេ។

២. ការ​ប្រើប្រាស់​មិនទៀងទាត់៖ ប្រសិទ្ធភាព​នៃ​អាហារ​បំប៉ន​កូឡាជែន​កើតឡើង​ជា​បណ្តើរ​ៗ​តាមរយៈ​ការ​ប្រមូល​ផ្គុំ។ រាងកាយ​កសាង​រចនាសម្ព័ន្ធ​កូឡាជែន​ឡើងវិញ​បន្តិច​ម្តង​ៗ ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍ និង​ច្រើន​ខែ ដោយអាស្រ័យលើវត្តមាននៃអាស៊ីតអាមីណូ (amino acid) ក្នុង​រាងកាយ​ជាប់​លាប់។ ការ​ប្រើប្រាស់​កូឡាជែន​រៀងរាល់ថ្ងៃ ជា​រឿង​ចាំបាច់​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​បំផុត។

៣. ការរំពឹងចង់បានលទ្ធផលលឿនពេក៖ ការ​ប្រើប្រាស់​ខូឡាជែន នឹង​ផ្តល់​លទ្ធផល ប៉ុន្តែ​មិនមែន​ក្នុង​រយៈពេល​តែ​មួយ​យប់នោះទេ។ ការយល់ដឹងអំពីរយៈពេលជាក់ស្តែង នឹង​ជួយ​ឲ្យ​អ្នក​បន្ត​ប្រើ​ប្រាស់​បាន​យូរ​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ជា ក្រចក៖ រឹងមាំ និង​ល្បឿន​នៃ​ការ​លូតលាស់​ប្រសើរ​ឡើង ជា​ធម្មតា​ក្នុងរយៈពេល ២ ទៅ ៤ សប្ដាហ៍។ សំណើម និង​សភាព​ស្បែក៖ ត្រូវការ​រយៈពេល ៤ ទៅ ៨ សប្ដាហ៍ នៃ​ការ​ប្រើប្រាស់​ប្រចាំ។ ការ​ថយ​ចុះ​ស្នាម​ជ្រីវជ្រួញ​តូច​ៗ និង​ភាព​យឺត​នៃ​ស្បែក​ប្រសើរ​ឡើង ត្រូវការ​រយៈពេល ៨ ទៅ ១២ សប្ដាហ៍។ ភាព​ធូរស្រាល​សន្លាក់ និង​ភាព​ងាយស្រួល​ការ​ធ្វើ​ចលនា ត្រូវការ​រយៈពេល ១២ ទៅ ១៦ សប្ដាហ៍។ ភាព​រឹងមាំ​នៃ​ឆ្អឹង (ដង់ស៊ី​តេឆ្អឹង) ប្រសើរ​ឡើង ត្រូវ​ការ​រយៈពេល ១២ ខែ នៃ​ការ​ប្រើប្រាស់​ជា​ប្រចាំ។

៤. ការមិនទទួលបានវីតាមីន C ក្នុងកម្រិតគ្រប់គ្រាន់៖ វីតាមីន C ដើរតួនាទីយ៉ាងសំខាន់​ក្នុងដំណើរការផលិតកូឡាជែនដោយខ្លួនឯងរបស់រាងកាយ។ បច្ចុប្បន្ន​បង្ហាញ​ថា ការ​ទទួលទាន​វីតាមីន C ជាមួយ​គ្នា​នឹង​អាហារ​បំប៉នកូឡាជែន មិនមែន​ជា​កត្តា​ចាំបាច់​ដាច់ខាត ដើម្បី​ឲ្យ​អាហារបំប៉ននោះដំណើរការក៏ដោយ ប៉ុន្តែ​វីតាមីន C ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ការផលិតកូឡាជែនតាមបែបធម្មជាតិនៅក្នុងរាងកាយរបស់អ្នក។

ប្រសិនបើអ្នកសម្រេចចិត្តជ្រើសរើសអាហារបំប៉នកូឡាជែន ការ​ជ្រើសរើស​ប្រភេទ​ដែល​មាន​ផ្ទុកវីតាមីន C នឹង​ផ្តល់​អត្ថប្រយោជន៍​បន្ថែម​លើស​ពី​ការ​ទទួលបានតែសារធាតុប៉េបទីតកូឡាជែន (collagen peptides) តែប៉ុណ្ណោះ។

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា