ឆ្ងល់យូរហើយ! «ប៊ីចេង» និង «ម្សៅស៊ុប» ខុសគ្នាយ៉ាងណា? បើប្រើក្នុងម្ហូបអាហាររួមគ្នា គ្រោះថ្នាក់ដែរឬទេ? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្ងល់យូរហើយ! «ប៊ីចេង» និង «ម្សៅស៊ុប» ខុសគ្នាយ៉ាងណា? បើប្រើក្នុងម្ហូបអាហាររួមគ្នា គ្រោះថ្នាក់ដែរឬទេ?

ឆ្ងល់យូរហើយ! «ប៊ីចេង» និង «ម្សៅស៊ុប» ខុសគ្នាយ៉ាងណា? បើប្រើក្នុងម្ហូបអាហាររួមគ្នា គ្រោះថ្នាក់ដែរឬទេ?

ជឿជាក់ថា នៅក្នុងផ្ទះបាយគ្រប់គ្នាមុខជាត្រូវមាន «ជំនួយការ» បង្កើនរសជាតិឆ្ងាញ់ដាក់ក្បែរចង្ក្រានមិនខាន។ ប៉ុន្តែ គ្រឿងផ្សំពេញនិយមពីរមុខដែលមនុស្សជាច្រើនតែងតែភាន់ច្រឡំ និងសង្ស័យនោះគឺ «ប៊ីចេង» និង «ម្សៅស៊ុប»។ តើរបស់ទាំងពីរនេះមានភាពខុសគ្នាយ៉ាងណា? ហើយយើងអាចយកវាមកប្រើជំនួសគ្នាបានដែរឬទេ? ថ្ងៃនេះ យើងមានចម្លើយបែបងាយៗយល់មកចែករំលែកជូន។

Advertisement

ស្គាល់ពី «ប៊ីចេង» (MSG)

ប៊ីចេង ឬ Monosodium Glutamate គឺជាគ្រឿងផ្សំដែលត្រូវបានបង្កើតឡើងដើម្បី «ជួយលើករសជាតិ» របស់អាហារជាពិសេស វាជួយទាញរសជាតិនៃម្ហូបអាហារឱ្យកាន់តែធ្ងន់ ដិត រលូនចូលគ្នា និងធ្វើឱ្យយើងប៉ះដឹងនូវរសជាតិទី ៥ ឬដែលគេហៅថា «រសជាតិអ៊ូម៉ាមី» (Umami)។

  • ប្រភពដើម៖ ធ្វើឡើងពីការផ្អាប់វត្ថុធាតុដើមធម្មជាតិ ដូចជា អំពៅ ដំឡូងមី ឬពោត ដែលផ្សំឡើងដោយសូដ្យូម និងអាស៊ីតគ្លុយតាមិក (Glutamic acid)។
  • ស័ក្តិសមជាមួយអ្នកណា៖ ស័ក្តិសមបំផុតសម្រាប់មុខម្ហូបដែលត្រូវការភាពមុតដិត ឬប្លែកជាពិសេស ដូចជា ទឹកស៊ុប សម្លផ្សេងៗ ញាំ ឬបុកល្ហុង។
  • ការប្រុងប្រយ័ត្ន៖ ទោះបីជាវាត្រូវបានចាត់ទុកជាសារធាតុដែលមានសុវត្ថិភាព ប៉ុន្តែសម្រាប់អ្នកដែលមានអាឡែកស៊ីផ្ទាល់ខ្លួន ឬអ្នកដែលត្រូវការគ្រប់គ្រងបរិមាណសូដ្យូម គួរតែបរិភោគក្នុងកម្រិតល្មមសមរម្យ។

ស្គាល់ពី «ម្សៅស៊ុប»

ប្រសិនបើប៊ីចេងគឺជាជំនួយការលើករសជាតិ ម្សៅស៊ុបក៏ជា «គ្រឿងផ្សំ » ដែលប្រមូលផ្តុំភាពឆ្ងាញ់គ្រប់មុខទុកនៅក្នុងកញ្ចប់តែមួយ ទាំងរសជាតិប្រៃ ផ្អែម ឈ្ងុយ ក្លិនគ្រឿងទេស និងភាពរលូនចូលគ្នាដែលត្រូវបានលាយផ្សំរួចជាស្រេច។

  • ប្រភពដើម៖ ជាការលាយបញ្ចូលគ្នារវាង អំបិល, ស្ករ, គ្រឿងទេស (ម្រេច, ខ្ទឹមស, ខ្ទឹមបារាំង), សារធាតុបង្កើនក្លិនឈ្ងុយ ហើយពិតណាស់ថា វាក៏តែងតែមាន «ប៊ីចេង» ជាសមាសធាតុផ្សំចម្បងនៅក្នុងនោះផងដែរ។
  • ស័ក្តិសមជាមួយអ្នកណា៖ ស័ក្តិសមជាមួយគ្រប់ស្ទីលរស់នៅ ជាពិសេសអ្នកដែលចង់សន្សំពេលវេលា មិនបាច់សាំចិត្តដាក់គ្រឿងផ្សំច្រើនមុខ ក៏ទទួលបានរសជាតិមួយដ៏ឆ្ងាញ់ល្មម។
  • ការប្រើប្រាស់៖ ប្រើប្រាស់បានច្រើនយ៉ាងទាំងការប្រឡាក់សាច់ ធ្វើទឹកស៊ុប រោយពីលើម្ហូបអាហារ ឬសូម្បីតែយកទៅច្របល់ជាមួយនំញ៉ាំលេងផ្សេងៗ។

សំណួរពេញនិយម៖ តើអាចប្រើជំនួសគ្នាបានទេ?

ចម្លើយគឺ «អាចជំនួសគ្នាបានសម្រាប់ភាព​ចូលគ្នានៃរសជាតិ ប៉ុន្តែផ្តល់រសជាតិ​មិនដូចគ្នាឡើយ»

  • ប្រសិនបើអ្នកប្រើ «ម្សៅស៊ុប» ជំនួសប៊ីចេង៖ កុំភ្លេចថា នៅក្នុងម្សៅស៊ុបមាន «ភាពប្រៃ» និង «ភាពផ្អែម» លាយឡំរួចជាស្រេច ហេតុនេះត្រូវបន្ថយការដាក់អំបិល ឬស្ករចុះ បើមិនដូច្នោះទេ ម្ហូបនឹងមានរសជាតិដិតខ្លាំងពេក។
  • ប្រសិនបើអ្នកប្រើ «ប៊ីចេង» ជំនួសម្សៅស៊ុប៖ អ្នកនឹងទទួលបានតែភាពរលូនមុតដិត (អ៊ូម៉ាមី) ប៉ុន្តែខ្វះក្លិនឈ្ងុយនៃគ្រឿងទេស និងរសជាតិចម្បង ដូច្នេះត្រូវថែមរសជាតិប្រៃ-ផ្អែមដោយខ្លួនឯង ទើបគ្រប់គ្រឿងល្អ។

តិចនិកភាពឆ្ងាញ់បែបសុខភាពល្អ

មិនថានឹងប្រើប្រាស់ប៊ីចេង ឬម្សៅស៊ុបខ្នរនោះទេ ចំណុចសំខាន់បំផុតគឺ «បរិមាណ»៖

  • អានស្លាកសញ្ញា៖ ត្រួតពិនិត្យសមាសធាតុផ្សំមុនទិញជានិច្ច ជាពិសេសអ្នកដែលមានបញ្ហាសម្ពាធឈាម ឬជំងឺតម្រងនោម គួរតែជ្រើសរើសរូបមន្តដែលមានសូដ្យូមទាប (Low Sodium)។
  • ជ្រើសរើសវត្ថុធាតុដើម៖ ព្យាយាមជ្រើសរើសផលិតផលដែលបញ្ជាក់ថាប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ គ្មានសារធាតុរក្សាទុកបានយូរ ឬលាយពណ៌សំយោគ។
  • ដាក់គ្រឿងល្មមៗ៖ សុខភាពល្អចាប់ផ្តើមចេញពីក្នុងផ្ទះបាយ ការដាក់គ្រឿងផ្សំឱ្យល្មមល្មោភ ក្រៅពីល្អចំពោះរាងកាយហើយ ថែមទាំងជួយឱ្យយើងទទួលបានរសជាតិដ៏ពិតប្រាកដនៃវត្ថុធាតុដើមធម្មជាតិទៀតផង ៕​

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា