អ្នកដើរហើយឈឺជង្គង់ អាចកើតចេញពីកំហុសទាំង ៤ នេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកដើរហើយឈឺជង្គង់ អាចកើតចេញពីកំហុសទាំង ៤ នេះ

អ្នកដើរហើយឈឺជង្គង់ អាចកើតចេញពីកំហុសទាំង ៤ នេះ

ការដើរគឺជាលំហាត់ប្រាណដែលងាយធ្វើ និងងាយចាប់ផ្ដើម ថែមទាំងមានផលល្អសម្រាប់សុខភាពបេះដូង សរសៃឈាម និងសន្លាក់ទៀតផង។ ប៉ុន្តែការដើររបស់អ្នកក៏អាចមានកំហុសបន្តិចបន្តួចដោយមិនដឹងខ្លួន ដែលអាចនាំឱ្យឈឺជង្គង់ផងដែរ។

ខាងក្រោមនេះ គឺជាកំហុសឆ្គងទាំង ៤ ដែលអ្នកដើរហាត់ប្រាណគួរចៀសវាង ដើម្បីកុំឱ្យឈឺជង្គង់៖

១. ការបង្កើនចម្ងាយលឿនពេក

សម្រាប់អ្នកដែលទើបតែចាប់ផ្ដើមដើរ ជាទូទៅយល់ថា ការដើរកាន់តែឆ្ងាយ និងកាន់តែយូរ គឺល្អបំផុតសម្រាប់សុខភាព។ ក៏ប៉ុន្តែការពិតមិនសុទ្ធសឹងតែដូច្នេះទេ ហើយការបង្កើនចម្ងាយ និងពេលវេលានេះទៀតសោត ក៏គួរធ្វើឡើងសន្សឹមៗដែរ។

លោក Brian Eckenrode សាស្រ្តាចារ្យរងផ្នែកព្យាបាលដោយចលនាពីសាកលវិទ្យាល័យ Arcadia បានលើកឡើងថា ការបង្កើនល្បឿនលឿនពេកនៅពេលដែលរាងកាយមិនទាន់ទម្លាប់នឹងលំហាត់ប្រាណ អាចបណ្តាលឱ្យរលាកសន្លាក់ ឬមានរបួសពីការប្រើប្រាស់លើសកម្រិត។ ដើម្បីការពារសន្លាក់ លោកបានណែនាំកុំឱ្យបង្កើនចម្ងាយដើរលើសពី ១០ ភាគរយនៃចម្ងាយសរុបប្រចាំសប្ដាហ៍។

២. ការបោះជំហានវែងពេក

វិទ្យាស្ថាន Performance Therapy Institute បានឱ្យដឹងថា ជាទូទៅអ្នកដើរហាត់ប្រាណតែងតែចង់បង្កើនល្បឿន ដោយព្យាយាមបោះជើងទៅមុខវែងៗ។

លោកស្រី Karena Wu នាយិកាគ្លីនិក ActiveCare Physical Therapy ក្នុងទីក្រុងញូវយ៉ក បានពន្យល់ថា ការបោះជំហានវែងពេកធ្វើឱ្យរាងកាយបាត់បង់តុល្យភាព ដែលជាកំហុសមួយនាំឱ្យឈឺជង្គង់។ ទន្ទឹមគ្នានេះ ការសិក្សាមួយដែលធ្វើឡើងលើមនុស្សវ័យចំណាស់ជាង ២ ៣០០ នាក់ បានរកឃើញថា បុគ្គលដែលបោះជំហានវែងៗ ងាយនឹងជួបប្រទះបញ្ហាឈឺជង្គង់ខ្លាំងឡើងៗក្នុងរយៈពេល ២ ឆ្នាំ។ ហេតុដូច្នេះ ការបោះជំហានមួយៗតាមបែបធម្មជាតិរបស់អ្នក គឺជាអ្វីដែលអ្នកជំនាញណែនាំ។

៣. ទម្លាក់ទម្ងន់ខុស

ការទម្លាក់ទម្ងន់ខុស គឺជាផ្នែកមួយដែលងាយនឹងធ្វើឱ្យអ្នកឈឺជង្គង់។

វេជ្ជបណ្ឌិត Rodante Saballa បានឱ្យដឹងថា ការដើរអូសជើង ឬទម្លាក់ទម្ងន់លើជើងមុខពេក នឹងធ្វើឱ្យសាច់ដុំផ្នែកខាងមុខរបស់ជើងធ្វើការធ្ងន់ធ្ងរ ដែលជាការដាក់សម្ពាធដល់សន្លាក់ជង្គង់ដោយផ្ទាល់។ អ្នកអាចដើរនៅមុខកញ្ចក់ ឬថតវីដេអូខ្លួនឯងពេលដើរ ដើម្បីសង្កេតមើលកំហុសនេះ និងព្យាយាមកែលម្អឡើងវិញ។

៤. ស្បែកជើងមិនសមស្រប

ការជ្រើសរើសស្បែកជើងឱ្យត្រូវនឹងស្ថានភាពផ្លូវដែលអ្នកដើរ គឺជារឿងសំខាន់។ វេជ្ជបណ្ឌិត Rodante Saballa បានពន្យល់ថា ស្បែកជើងដែលមានប៉ុងកល់ក្រាស់ពេកធ្វើឱ្យស្ថិរភាពកជើងថយចុះ ដែលធ្វើឱ្យសន្លាក់ជង្គង់ធ្វើការខ្លាំងជាងមុនដើម្បីរក្សាតុល្យភាពរាងកាយ ខណៈដែលស្បែកជើងស្តើងពេកមិនអាចជួយកាត់បន្ថយការទង្គិចរវាងជើង និងផ្ទៃផ្លូវ ដែលនឹងបញ្ជូនកម្លាំងទង្គិចនោះមកលើជើងទាំងស្រុង។

អ្នកដើរគួរតែជ្រើសរើសស្បែកជើងឱ្យត្រូវនឹងកន្លែងដែលខ្លួនមានគម្រោងដើរ ដោយជ្រើសរើសស្បែកជើងដែលមានប៉ុងការពារសម្រាប់ការដើរក្រៅផ្ទះដែលអាចមានការប៉ះទង្គិចច្រើន និងជ្រើសរើសស្បែកជើងស្រាល និងអាចបត់បែនបានល្អសម្រាប់ការដើរលើម៉ាស៊ីន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា