ចំណេះដឹងខ្លះ​ៗពីជំងឺខូចតម្រងនោមរ៉ាំរ៉ៃ រហូតឈាន​ដល់ការលាងឈាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចំណេះដឹងខ្លះ​ៗពីជំងឺខូចតម្រងនោមរ៉ាំរ៉ៃ រហូតឈាន​ដល់ការលាងឈាម

ចំណេះដឹងខ្លះ​ៗពីជំងឺខូចតម្រងនោមរ៉ាំរ៉ៃ រហូតឈាន​ដល់ការលាងឈាម

តម្រងនោមគឺជាសរីរាង្គដ៏ស្មុគស្មាញ និងអស្ចារ្យ ដែលបំពេញមុខងារសំខាន់ៗជាច្រើន ដើម្បី​រក្សា​សុខភាពរបស់យើង។ ប៉ុន្តែ​មាន​កត្តា​ជាច្រើន​នាំ​ឲ្យ​តម្រងនោម​ខូច រហូត​ដល់​ថ្នាក់​លាង​ឈាម។ មុខងារចម្បងរបស់តម្រងនោមគឺការបញ្ចេញជាតិពុល និង​ទឹក​លើសចេញ​ពី​ឈាម​របស់​អ្នក។

តម្រងនោម​ក៏​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម ផលិត​កោសិកា​ឈាម​ក្រហម និង​ជួយ​រក្សា​សុខភាព​ឆ្អឹង​របស់​អ្នក​ផង​ដែរ។ តម្រងនោម​របស់​អ្នកគ្រប់គ្រងកម្រិតសារធាតុរ៉ែ និង​ម៉ូលេគុល​ជាច្រើន​នៅ​ក្នុង​ឈាម រួមទាំង​សូដ្យូម និង​ប៉ូតាស្យូម ហើយ​ជួយគ្រប់គ្រងកម្រិតជាតិអាស៊ីតនៅក្នុងឈាម។ ជា​រៀងរាល់ថ្ងៃ តម្រងនោមរបស់អ្នកគ្រប់គ្រងកម្រិតអំបិល និង​ទឹក​នៅ​ក្នុង​រាងកាយ យ៉ាង​យក​ចិត្ត​ទុកដាក់ ដើម្បី​រក្សា​សម្ពាធ​ឈាម​របស់​អ្នក​ឲ្យ​នៅ​ថេរ។តម្រងនោមរបស់អ្នក៖

  • ផលិតទឹកនោម
  • បញ្ចេញកាកសំណល់ និងសារធាតុរាវលើសចេញពីឈាមរបស់អ្នក
  • គ្រប់គ្រងតុល្យភាពសារធាតុគីមីក្នុងរាងកាយរបស់អ្នក
  • ជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នក
  • ជួយរក្សាសុខភាពឆ្អឹងរបស់អ្នក
  • ជួយផលិតកោសិកាឈាមក្រហម
  • ថែរក្សាតម្រងនោមរបស់អ្នក

បច្ចុប្បន្ន មាន​ការ​កើន​ឡើង​ចំនួន​អ្នក​ជំងឺ​ជុំវិញ​ពិភពលោក​ទាំង​ប្រុស ប្រភេទ​ទាំង​ស្រី ដែល​​កើត​ជំងឺ​តម្រងនោម ​ហើយ​ចាំ​បាច់​ត្រូវ​លាង​ឈាម។ ហេតុ​អ្វី​ចាំបាច់​ត្រូវ​លាង​ឈាម?

បើ​តម្រងនោម​ដំណើរការ​មិន​ប្រក្រតី​ ឧទាហរណ៍ មាន​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ ដូច្នេះ​តម្រងនោម​មិន​អាច​ច្រោះ​ឈាម​បាន​ល្អ​ ធ្វើ​ឲ្យ​កាក​សំណល់​ និង​សារធាតុ​ពុល​កើន​ឡើង​ក្នុង​រាងកាយ​ ​អាច​បង្ក​គ្រោះថ្នាក់​ ហើយ​បើ​មិន​ព្យាបាល អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ការ​លាង​ឈាម ក្នុង​គោលដៅ​តែ​មួយ​គត់ គឺ​​ច្រោះ​កាកសំណល់​ផ្សេងៗ​ចេញ​ពី​ឈាម។ ផ្អែក​លើ​កត្តា​មួយ​ចំនួន សុខភាព​ទូទៅ មុខងារ តម្រងនោម, រោគ​សញ្ញា, គុណភាព​ជីវិត និង​តម្រូវការ​ផ្ទាល់ខ្លួន ពេទ្យ​នឹង​ប្រាប់​ពេលណា​អ្នក​ជំងឺ​ត្រូវ​ធ្វើការ​លាង​ឈាម។

រោគសញ្ញា
ជំងឺតម្រងនោមជាញឹកញាប់មិនបង្ហាញរោគសញ្ញាអ្វីឡើយរហូតដល់ដំណាក់កាលចុងក្រោយ ដែល នេះ​ជា​ហេតុផល​ធ្វើ​ឲ្យ​ការ​ពិនិត្យ​សុខភាព​ជា​ប្រចាំ​មាន​សារៈសំខាន់ សម្រាប់​អ្នក​ដែល​មាន​ហានិភ័យ។ ចំពោះ​ជំងឺ​តម្រងនោម​កម្រិត​ធ្ងន់ធ្ងរ រោគសញ្ញាអាចរួមមាន ការអស់កម្លាំងខ្លាំង , ពិបាក​ដក​ដង្ហើម, រមាស់ពេញរាងកាយ, ការហើមជើង ការ​កន្ត្រាក់​សាច់ដុំ និងការចង្អោរ ឬក្អួត។

ជំងឺតម្រងនោមរ៉ាំរ៉ៃ (CKD)
ជំងឺតម្រងនោមរ៉ាំរ៉ៃមានមូលហេតុជាច្រើន រួមមាន ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺបេះដូង និង​សរសៃឈាម ជំងឺរលាកតម្រងនោម (ការរលាកនៃផ្នែកចម្រោះរបស់តម្រងនោម) ជំងឺ​តំណពូជ​មួយចំនួន ការប្រើប្រាស់ថ្នាំ ឬសារធាតុពុលជាក់លាក់ និងការឆ្លងមេរោគ។

គួរ​បញ្ជាក់​ថា កាលពី​ខែ​ឧសភា ឆ្នាំ ២០២៥ មហាសន្និបាត​សុខភាព​ពិភពលោក​បាន​អនុម័ត​សេចក្ដី​សម្រេចចិត្ត​មួយ​ស្ដីពី​ការ​កាត់​បន្ថយ​បន្ទុក​នៃ​ជំងឺ​មិន​ឆ្លង តាមរយៈ​ការ​លើក​កម្ពស់​សុខភាព​តម្រងនោម និង​ការពង្រឹងការបង្ការ និង​ការ​គ្រប់គ្រង​ជំងឺ​តម្រងនោម។ សេចក្ដី​សម្រេចចិត្ត​នេះ​អំពាវនាវ​ឲ្យ​មាន​ការ​លើកកម្ពស់សុខភាពតម្រងនោមពេញមួយវដ្តជីវិត ការកែលម្អការរកឃើញ និង​ការ​គ្រប់គ្រង​ជំងឺ​តម្រងនោម​នៅ​ដំណាក់​កាល​ដំបូង ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើសឈាម ព្រមទាំងធានាឱ្យមានលទ្ធភាពទទួលបានដោយសមធម៌នូវថ្នាំ និង​សេវា​សុខភាពចាំបាច់នានា៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា