អ្នកចូលចិត្តសូមអានសិន! តែបៃតងម៉ាត់ឆាលាយទឹកដូង មានទាំងផលប្រយោជន៍ និងគ្រោះថ្នាក់សុខភាពដែលត្រូវប្រុងប្រយ័ត្ន! | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកចូលចិត្តសូមអានសិន! តែបៃតងម៉ាត់ឆាលាយទឹកដូង មានទាំងផលប្រយោជន៍ និងគ្រោះថ្នាក់សុខភាពដែលត្រូវប្រុងប្រយ័ត្ន!

អ្នកចូលចិត្តសូមអានសិន! តែបៃតងម៉ាត់ឆាលាយទឹកដូង មានទាំងផលប្រយោជន៍ និងគ្រោះថ្នាក់សុខភាពដែលត្រូវប្រុងប្រយ័ត្ន!

តែបៃតងម៉ាត់ឆាទឹកដូងតែពេញនិយមយ៉ាងខ្លាំងក្នុងចំណោមអ្នកស្រឡាញ់សុខភាព ប៉ុន្តែតើការញ៉ាំញឹកញាប់ពិតជាល្អដែរឬទេ? មកពិនិត្យមើលផលប្រយោជន៍ រួមជាមួយនឹងការប្រុងប្រយ័ត្នដែលមនុស្សជាច្រើនអាចមើលរំលង។

តើអ្វីទៅជា ម៉ាត់ឆាទឹកដូង?

ម៉ាត់ឆាទឹកដូង គឺជាភេសជ្ជៈសុខភាពដែលយកម្សៅតែបៃតងម៉ាត់ឆា មកលាយជាមួយនឹងទឹកដូងស្រស់ ឬទឹកដូងប្រអប់ ដោយមិនបន្ថែមស្ករឡើយ។ រសជាតិដែលទទួលបាននឹងមានភាពផ្អែមបែបធម្មជាតិពីទឹកដូង លាយឡំជាមួយនឹងរសជាតិល្វីងតិចៗ និងក្លិនក្រអូបប្រហើរពិសេសរបស់ម៉ាត់ឆា ដែលធ្វើឱ្យវាក្លាយជាម៉ឺនុយពេញនិយមសម្រាប់អ្នកស្រឡាញ់សុខភាព និងអ្នកដែលកំពុងកាត់បន្ថយការញ៉ាំកាហ្វេ។

ផលប្រយោជន៍នៃការញ៉ាំម៉ាត់ឆាទឹកដូង

១. ផ្តល់ថាមពល និងភាពស្រស់ថ្លាបែបធម្មជាតិ

ម៉ាត់ឆាមានជាតិកាហ្វេអ៊ីនទាបជាងកាហ្វេ ប៉ុន្តែវាផ្តល់ថាមពលបានយូរអង្វែង ព្រោះវាមានសារធាតុ L-Theanine ដែលជួយពន្យឺតការស្រូបយកជាតិកាហ្វេអ៊ីន។ នៅពេលរួមផ្សំជាមួយនឹងទឹកដូងដែលមានជាតិស្ករធម្មជាតិនោះ វាជួយបំពេញថាមពលបានដោយមិនជំរុញរាងកាយខ្លាំងពេកនោះទេ។

២. ប្រឆាំងសារធាតុអុកស៊ីតកម្ម និងកាត់បន្ថយការរលាក

ម៉ាត់ឆាសំបូរទៅដោយសារធាតុ Catechin ជាពិសេសគឺ EGCG (Epigallocatechin gallate) ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ មានការសិក្សាស្រាវជ្រាវបង្ហាញថា សារធាតុនេះអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជា ជំងឺបេះដូង និងសម្ពាធឈាមខ្ពស់។

៣. បំពេញជាតិរ៉ែដែលរាងកាយត្រូវការ

ទឹកដូងមានសារធាតុប៉ូតាសស្យូមខ្ពស់ ជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ និងការពារអាការរមួលក្រពើ សមស្របបំផុតសម្រាប់ការញ៉ាំបន្ទាប់ពីហាត់ប្រាណរួច។

៤. ល្អចំពោះខួរក្បាល និងការផ្តោតអារម្មណ៍

សារធាតុ L-Theanine នៅក្នុងម៉ាត់ឆា មានផលល្អចំពោះខួរក្បាល ដោយជួយឱ្យមានអារម្មណ៍ស្ងប់ មានសមាធិ និងមិនងាយមួរម៉ៅ ជាពិសេសនៅពេលញ៉ាំនៅពេលព្រឹក។

ការប្រុងប្រយ័ត្នក្នុងការញ៉ាំម៉ាត់ឆាទឹកដូង

១. ជាតិកាហ្វេអ៊ីន

ទោះបីជាម៉ាត់ឆាមានជាតិកាហ្វេអ៊ីនតិចជាងកាហ្វេក៏ដោយ ប៉ុន្តែប្រសិនបើញ៉ាំមួយថ្ងៃច្រើនកែវ អាចបង្កឱ្យមានអាការញ័រទ្រូង គេងមិនលក់ ឬឈឺក្បាលបាន។

២. ជាតិស្ករពីទឹកដូង

ទោះជាទឹកដូងជាផ្លែឈើធម្មជាតិក៏ដោយ ប៉ុន្តែវាមានជាតិស្ករប្រហែល ៦-៩ ក្រាម ក្នុងចំណុះ ២៤០ មីលីលីត្រ។ ប្រសិនបើញ៉ាំច្រើន អាចប៉ះពាល់ដល់កម្រិតជាតិស្ករក្នុងឈាម ជាពិសេសចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬអ្នកដែលកំពុងសម្រកទម្ងន់។

៣. ការលាយឡំសារធាតុពុលនៃម៉ាត់ឆាគុណភាពទាប

ម៉ាត់ឆាម៉ាកមួយចំនួនអាចមានសារធាតុលាយឡំ ដូចជា លោហៈធ្ងន់ ឬលាយម្សៅបន្ថែមពណ៌ និងក្លិន។ ដូច្នេះ គួរជ្រើសរើសផលិតផលដែលមានប្រភពផលិតច្បាស់លាស់ និងទទួលបានការទទួលស្គាល់គុណភាព។

៤. ម៉ឺនុយម៉ាត់ឆាទឹកដូងមួយចំនួនអាចមានបន្ថែម វីបគ្រីម (Whipping Cream)

ម៉ឺនុយមួយចំនួន ជាពិសេសដែលលក់តាមហាងកាហ្វេ អាចមានការបន្ថែមវីបគ្រីមផ្អែមដើម្បីបន្ថែមរសជាតិ ដែលធ្វើឱ្យបរិមាណជាតិស្ករ និងខ្លាញ់ឆ្អែតកើនឡើងដោយមិនដឹងខ្លួន។

របៀបញ៉ាំម៉ាត់ឆាទឹកដូងយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ច្រើនបំផុត

  • ជ្រើសរើសម៉ាត់ឆាពិតប្រាកដ កម្រិត Ceremonial ឬ Premium ដែលគ្មានជាតិស្ករ ឬសារធាតុបន្ថែម។
  • ជ្រើសរើសទឹកដូងស្រស់ ឬទឹកដូងប្រអប់ដែលគ្មានការបន្ថែមជាតិស្ករ។
  • កំណត់បរិមាណមិនឱ្យលើសពី ១ កែវ ក្នុងមួយថ្ងៃ។
  • ញ៉ាំនៅពេលព្រឹក ឬដើមរសៀល ដើម្បីចៀសវាងការរំខានដល់ការគេង។

ម៉ាត់ឆាទឹកដូង គឺជាម៉ឺនុយដ៏ល្អទាំងចំពោះថាមពល ខួរក្បាល និងប្រព័ន្ធផ្សេងៗនៃរាងកាយ ប្រសិនបើញ៉ាំក្នុងបរិមាណល្មម និងជ្រើសរើសវត្ថុតាងធាតុដើមបានល្អ អ្នកនឹងទទួលបានផលប្រយោជន៍ដោយមិនបាច់ព្រួយបារម្ភពីផលប៉ះពាល់អវិជ្ជមានឡើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា