សញ្ញានិងដំណោះស្រាយសម្រាប់អ្នកម្ដាយជួបបញ្ហាស្ត្រេស ឬបាក់ទឹកចិត្តក្រោយសម្រាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សញ្ញានិងដំណោះស្រាយសម្រាប់អ្នកម្ដាយជួបបញ្ហាស្ត្រេស ឬបាក់ទឹកចិត្តក្រោយសម្រាល

សញ្ញានិងដំណោះស្រាយសម្រាប់អ្នកម្ដាយជួបបញ្ហាស្ត្រេស ឬបាក់ទឹកចិត្តក្រោយសម្រាល

បញ្ហាផ្លូវចិត្តរបស់ម្ដាយមិនមែនតែងតែចាប់ផ្ដើមដោយការយំសោកនោះទេ ស្របពេលអ្នកខ្លះនៅតែញញឹម នៅតែធ្វើការងារ និងនៅតែអាចមើលថែកូនបានគ្រប់យ៉ាង ប៉ុន្តែខាងក្នុងចិត្តវិញ កំពុងតែហត់នឿយ… បែបដែលគ្មាននរណាម្នាក់មើលឃើញ។ យោងតាមគោលការណ៍ចិត្តវិទ្យា ភាពតានតឹង ឬ Stress អាចបែងចែកជាច្រើនកម្រិត ហើយម្ដាយជាច្រើនកំពុងស្ថិតក្នុងស្ថានភាពទាំងនេះដោយមិនដឹងខ្លួន៖

Advertisement

១. កម្រិតចេញរោគសញ្ញា (Mild Stress)

វាគឺជាភាពតានតឹងក្នុងកម្រិតដំបូង រាងកាយនៅតែអាចទប់ទល់បាន ប៉ុន្តែចាប់ផ្ដើមបញ្ជូនសញ្ញាខ្លះៗ។

  • អាការៈដែលជួបញឹកញាប់៖ ឆាប់ខឹងមួរម៉ៅ គិតច្រើនមុនពេលចូលគេង អស់កម្លាំងទោះបីជាបានសម្រាកក៏ដោយ ក៏នៅតែមានអារម្មណ៍ថាមិនស្រស់ថ្លា និងមានអារម្មណ៍ថាត្រូវទទួលខុសត្រូវគ្រប់យ៉ាងតែម្នាក់ឯង។
  • អ្វីដែលម្ដាយគួរធ្វើ៖ សម្រាកឱ្យបានគ្រប់គ្រាន់ កាត់បន្ថយការចង់បានភាពឥតខ្ចោះខ្លះ និងព្រមទទួលស្គាល់ថា «ម្ដាយក៏ចេះហត់ដែរ»។

២. កម្រិតមធ្យម (Moderate Stress)

នៅពេលដែលភាពតានតឹងកើតឡើងដដែលៗជាបន្តបន្ទាប់ រាងកាយ និងចិត្តគំនិតនឹងចាប់ផ្ដើមធ្វើការធ្ងន់ហួសកម្រិត។

  • អាការៈដែលជួបញឹកញាប់៖ ឆាប់ខឹងដាក់កូនខ្លាំងជាងមុន គ្មានសមាធិ ធុញទ្រាន់នឹងអ្វីដែលធ្លាប់ចូលចិត្ត និងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងគ្មានពេលវេលាសម្រាប់ធ្វើជាខ្លួនឯងឡើយ។
  • អ្វីដែលម្ដាយគួរធ្វើ៖ សុំជំនួយពីអ្នកជុំវិញខ្លួនខ្លះ បញ្ឈប់ការរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង និងមានពេលវេលាសម្រាប់សម្រាកចិត្តដោយមិនចាំបាច់មានអារម្មណ៍ថាខុស។

៣. កម្រិតធ្ងន់ធ្ងរ (High Stress)

វាគឺជាដំណាក់កាលដែលចិត្តចាប់ផ្ដើមបញ្ជូនសញ្ញាយ៉ាងច្បាស់ថា «មិនអាចទៅរួចទៀតទេ»។

  • អាការៈដែលជួបញឹកញាប់៖ ងាយនឹងយំ មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ គេងមិនលក់ ឬគេងច្រើនខុសធម្មតា និងគ្មានកម្លាំងចិត្តសូម្បីតែជាមួយមនុស្សដែលខ្លួនស្រឡាញ់។
  • អ្វីដែលសំខាន់បំផុត៖ មិនមែនជាការ «ទ្រាំបន្ត» នោះទេ ប៉ុន្តែគឺការ «ទទួលស្គាល់ថាខ្លួនឯងត្រូវការការមើលថែ»។

៤. កម្រិតវិបត្តិ (Severe Stress / Burnout)

នៅពេលដែលផ្លូវចិត្ត និងផ្លូវកាយហត់នឿយលើសពីដែនកំណត់។

  • អាការៈដែលជួបញឹកញាប់៖ ចង់រត់គេចពីគ្រប់យ៉ាង មានអារម្មណ៍ថាគ្មានតម្លៃ មិនចង់ប្រើជីវិតបន្ត និងគ្មានកម្លាំងសូម្បីតែក្រោកមកធ្វើតួនាទីជាម្ដាយ។
  • ចំណាំ៖ កម្រិតនេះគួរតែទទួលបានការមើលថែពីអ្នកជំនាញ ព្រោះសុខភាពផ្លូវចិត្តគឺមានសារៈសំខាន់មិនចាញ់សុខភាពរាងកាយនោះទេ។

ម្ដាយជាច្រើនគិតថា «ខ្លួនឯងត្រូវតែរឹងមាំគ្រប់ពេល» ប៉ុន្តែការពិតគឺ… ម្ដាយក៏ជាមនុស្សម្នាក់ដែលអាចហត់នឿយ អាចទន់ជ្រាយ និងគួរតែទទួលបានការលើកទឹកចិត្តដូចគ្នា ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា