ប្រយោជន៍ទាំង ៤របស់ “តៅហ៊ូ” ជួយឱ្យរាងស្អាត ថែមសុខភាពល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រយោជន៍ទាំង ៤របស់ “តៅហ៊ូ” ជួយឱ្យរាងស្អាត ថែមសុខភាពល្អ

ប្រយោជន៍ទាំង ៤របស់ “តៅហ៊ូ” ជួយឱ្យរាងស្អាត ថែមសុខភាពល្អ

មនុស្សទូទៅបានស្គាល់តៅហ៊ូថា ជាប្រភពប្រូតេអ៊ីនដ៏ល្អបំផុតមួយសម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់អ្នកហូបបួស ដែលមិនទទួលទាន់សាច់សត្វ។ ស្របគ្នានេះ គេហទំព័រគ្លីនិក Cleveland ក៏បានឱ្យដឹងថា តៅហ៊ូមានផ្ទុកប្រូតេអ៊ីនប្រហែលពី ៧ ទៅ ៩ ក្រាមក្នុងតៅហ៊ូទម្ងន់ ១០០ ក្រាម ដែលធ្វើឱ្យវាក្លាយជាជម្រើសប្រូតេអ៊ីនពីរុក្ខជាតិដ៏ល្អឥតខ្ចោះមួយ។  

Advertisement

អត្ថប្រយោជន៍មួយទៀតនៃតៅហ៊ូ គឺត្រង់ថា តៅហ៊ូមិនមានផ្ទុកកូឡេស្តេរ៉ុលដូចសាច់សត្វនោះទេ។ ដ្បិតមានផ្ទុកខ្លាញ់ក៏ពិតមែន តែខ្លាញ់នៅក្នុងតៅហ៊ូ គឺជាប្រភេទខ្លាញ់មិនឆ្អែត ដែលមាននៅក្នុងរុក្ខជាតិ និងត្រី ដូចជា មេហ្គា-៣ និងអូមេហ្គា-៦ ដែលជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុលនៅក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗទាំង ៤ ពីតៅហ៊ូ​ ប្រូតេអ៊ីនល្អ តម្លៃធូរ ជួយដល់សុខភាព និងសម្រស់៖

១. បង្កើតសាច់ដុំ បង្កើនសុខភាពឆ្អឹង

តៅហ៊ូមានផ្ទុកអាស៊ីតអាមីណូដែលចាំបាច់សម្រាប់មុខងាររាងកាយ ដោយអាស៊ីតអាមីណូមានសារៈសំខាន់ណាស់សម្រាប់ការជួសជុលកោសិកា ការដឹកជញ្ជូនសារធាតុចិញ្ចឹម និងការលូតលាស់សាច់ដុំ។

តៅហ៊ូក៏មានផ្ទុកកាល់ស្យូមខ្ពស់។ តៅហ៊ូ ១០០ក្រាមមានផ្ទុកកាល់ស្យូមប្រហែល ១៤៦ មីលីក្រាម ដែលច្រើនជាងបរិមាណកាល់ស្យូមក្នុងទឹកដោះគោមួយកែវ ដែលមានត្រឹមតែ ១០៥ មីលីក្រាមប៉ុណ្ណោះ។ បន្ថែមពីនេះ តៅហ៊ូក៏សម្បូរទៅដោយម៉ាញេស្យូម ដែលជួយថែរក្សាសុខភាពឆ្អឹង និងការពារការបាត់បង់កំហាប់ឆ្អឹង ឬជំងឺពុកឆ្អឹង។ ដូចគ្នាដែរ ម៉ាញេស្យូមក៏ជួយទ្រទ្រង់មុខងារសរសៃប្រសាទ និងសាច់ដុំផងដែរ។

២. បញ្ចុះសម្ពាធឈាម ទ្រទ្រង់សុខភាពបេះដូង

សណ្តែកសៀង និងផលិតផលធ្វើពីសណ្តែកសៀងដូចជា តៅហ៊ូ គឺសម្បូរទៅដោយសារធាតុ Isoflavones ដែលជាសមាសធាតុជួយបញ្ចុះសម្ពាធឈាម និងជំនួយដល់សុខភាពបេះដូង។

ការស្រាវជ្រាវបានបង្ហាញថា អ្នកដែលទទួលទានតៅហ៊ូយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ មានហានិភ័យនៃជំងឺបេះដូងទាបជាងអ្នកដែលមិនទទួលទានដល់ទៅ ១៨ ភាគរយ។ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការទទួលទានផលិតផលសណ្តែកសៀង ៤ ដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ ក៏អាចជួយកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូងផងដែរ។

៣. គ្រប់គ្រងទម្ងន់

មិនមែនសំខាន់សម្រាប់តែសាច់ដុំ តែប្រូតេអ៊ីនក៏អាចជួយក្នុងការសម្រកទម្ងន់ផងដែរ ព្រោះប្រូតេអ៊ីនត្រូវការប្រើប្រាស់ពេលវេលា និងថាមពលពីរាងកាយច្រើនក្នុងការរំលាយ។ ការទទួលបានប្រតេអ៊ីនគ្រប់គ្រាន់ នឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដែលងាយស្រួលក្នុងការសម្រក ឬរក្សាទម្ងន់។

ដូច្នេះ ការទទួលទានតៅហ៊ូ គឺជាការបន្ថែមប្រូតេអ៊ីនដល់រាងកាយ ខណៈវាក៏សម្បូរទៅដោយជាតិម៉ង់ហ្គាណែស ជាតិដែក និងវីតាមីន B5 ផងដែរ។

៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ការសិក្សាជាង ៥០បានបង្ហាញថា អ្នកដែលទទួលទានផលិតផលពីសណ្តែកសៀង ផ្លែឈើ និងបន្លែបានច្រើន មានកម្រិតប្រឈមនឹងជំងឺមហារីកសុដន់ទាប។

ការសិក្សាផ្សេងទៀតក៏បានរកឃើញដែរថា ការទទួលទានផលិតផលពីសណ្តែកសៀងច្រើន អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងមហារីកក្រពេញប្រូស្តាតរហូតដល់ ១០ ភាគរយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា