ពេលរីករាយក៏ស្តាប់ ពេលកើតទុក្ខក៏ស្តាប់៖ ទំនាក់ទំនងរវាងចម្រៀង និងខួរក្បាលស៊ីជម្រៅជាងអ្វីដែលអ្នកគិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពេលរីករាយក៏ស្តាប់ ពេលកើតទុក្ខក៏ស្តាប់៖ ទំនាក់ទំនងរវាងចម្រៀង និងខួរក្បាលស៊ីជម្រៅជាងអ្វីដែលអ្នកគិត

ពេលរីករាយក៏ស្តាប់ ពេលកើតទុក្ខក៏ស្តាប់៖ ទំនាក់ទំនងរវាងចម្រៀង និងខួរក្បាលស៊ីជម្រៅជាងអ្វីដែលអ្នកគិត

ពេលរីករាយក៏ស្តាប់ចម្រៀង ពេលកើតទុក្ខក៏ស្តាប់ចម្រៀង។ ចម្រៀងប្រៀបដូចជាមិត្តដែលនៅកំដរ និងជួយឱ្យមនុស្សជាច្រើនមានអារម្មណ៍ប្រសើរឡើង ហើយបាត់បង់អស់ភាពហត់នឿយ។

ជាក់ស្តែង នេះមិនមែនជាការគិតដោយខ្លួនឯងនោះទេ ក៏ប៉ុន្តែទំនាក់ទំនងរវាងចម្រៀង និងខួរក្បាល គឺស៊ីជម្រៅជាងអ្វីដែលអ្នកគិត ខណៈដែលសម្ព័ន្ធភាពនេះក៏មានវិទ្យាសាស្ត្រពន្យល់ផងដែរ។

ចម្រៀងជាអ្នកផ្ដល់ក្តីសុខ

នៅពេលដែលសំឡេងភ្លេងនៃចម្រៀងដែលអ្នកចូលចិត្តបន្លឺឡើង ខួរក្បាលនឹងចាប់ផ្តើមដំណើរការ Reward System និងបញ្ចេញ​អរម៉ូនដូប៉ាមីន (Dopamine) ដែលជាអរម៉ូននៃសេចក្តីសុខ។ សារធាតុគីមីនេះហើយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍រីករាយប្រៀបដូចពេលដែលអ្នកទទួលបានកាដូ ឬញ៉ាំម្ហូបឆ្ងាញ់ៗ។

ជាពិសេស នៅពេលដែលដល់ឃ្លាដែលអ្នកចូលចិត្ត ខួរក្បាលនឹងបញ្ចេញដូប៉ាមីនកាន់តែច្រើន រហូតធ្វើឱ្យអ្នកមានអារម្មណ៍ចង់ទះដៃ ញាក់ជើង ឬច្រៀងតាម និងរាំតាមជាដើម។ នោះគឺជាសញ្ញាបង្ហាញថា ខួរក្បាលកំពុងផ្តល់រង្វាន់ និងបំពេញថាមពលវិជ្ជមានដល់អ្នក។

ចម្រៀងជាអ្នកលួងលោម

បើអ្នកមានអារម្មណ៍ថាតានតឹង ឬសោកសៅ ការយំទៅតាមចម្រៀង ឬគ្រហឹមទៅតាមចង្វាក់ភ្លេង នឹងជំរុញឱ្យខួរក្បាលបញ្ចេញ​អរម៉ូន​អង់ដូហ្វីន (Endorphins) ដែលប្រៀបដូចជាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិ។

អង់ដូហ្វីននឹងជួយកាត់បន្ថយកម្រិតអរម៉ូននៃភាពតានតឹង Cortisol ជួយឱ្យសាច់ដុំដែលតឹងណែនសន្សឹមៗរំសាយខ្លួន បេះដូង​លោត​យឺត​ៗជាចង្វាក់ និងបំបាត់ភាពនឿយហត់ ដែលធ្វើឱ្យអ្នកមានអារម្មណ៍ស្រាលខ្លួនជាងមុន។

ចម្រៀងជាតំបន់សុវត្ថិភាព (Safe Zone)

រាល់បទចម្រៀងដែលអ្នកចូលចិត្ត តែងលាក់បង្កប់នូវអនុស្សាវរីយ៍ និងការចងចាំដ៏កក់ក្តៅពីអតីតកាល។ ដូច្នេះ នៅពេលដែលអ្នកបានស្តាប់ចម្រៀងដែលខ្លួនឯងចូលចិត្ត ក៏ជាពេលដែលអ្នកស្ថិតនៅក្នុង Safe Zone ប្រៀបដូចជាមានមិត្តភក្តិចាំលួងលោមដូចគ្នាដែរ។

ប្រសិនបើថ្ងៃណាមួយអ្នកមានអារម្មណ៍សោកសៅ ឬហត់នឿយ សាកល្បងផ្តល់ពេលវេលាឱ្យខ្លួនឯងបានស្តាប់បទចម្រៀងដែលខ្លួន​ឯង​ចូលចិត្ត ព្រោះពេលខ្លះចម្រៀងអាចជាឱសថព្យាបាលផ្លូវចិត្តដែលអ្នកកំពុងស្វែងរកក៏ថាបាន៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា