ខែដែលផ្ទុះជំងឺគ្រុនឈាមច្រើនបំផុតនៅកម្ពុជា និងការយកចិត្តទុកដាក់ដល់កុមារតូចៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខែដែលផ្ទុះជំងឺគ្រុនឈាមច្រើនបំផុតនៅកម្ពុជា និងការយកចិត្តទុកដាក់ដល់កុមារតូចៗ

ខែដែលផ្ទុះជំងឺគ្រុនឈាមច្រើនបំផុតនៅកម្ពុជា និងការយកចិត្តទុកដាក់ដល់កុមារតូចៗ

កុមារ​កម្ពុជា​រាប់​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ឆ្លង​ជំងឺ​កាច​សាហាវ​មួយ នោះ​គឺ​ជំងឺ​គ្រុនឈាម ដែល​បង្ក​ឡើង​តាម​រយៈ​មូល​ខ្លា​ញី។ ដោយ​ត្រឹម​រយៈ​ពេល​១ ខែ​សីហា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ មូលនិធិ​គន្ធបុប្ផា បាន​ឲ្យ​ដឹង​ថា ទារក និង​កុមារ ទទួលបានការ​ព្យាបាល ជំងឺ​គ្រុនឈាម ៩ ៦៣១ នាក់​​។ ចំណែក​ក្នុង​ខែ​កញ្ញា​នេះ ជំងឺគ្រុនឈាម ក៏​មិនទាន់​ទៅណាឆ្ងាយពី​កុមារដែរ។

កាលពី​ថ្ងៃ ៨ ខែ​កក្កដា ឆ្នាំ ២០២៦ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​​​រំលឹក​ឲ្យ​ពលរដ្ឋ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​បំផ្លាញ​ចោល​រាល់​សម្ភារ​ដក់​ទឹក​ផ្សេង​ៗ និង​សម្អាត​ដង្កូវ​ទឹក​នៅ​តាម​អាងទឹក ពាង ថូផ្កា ចាន​ទ្រ​ជើង​ទូ ឡាំង និង​ធុង​ជាដើម ដោយ​ត្រូវ​ផ្លាស់ប្ដូរ​ទឹក និង​លាង​សម្អាត​ជា​ប្រចាំ​យ៉ាង​តិច​មួយ​ដង​ក្នុង​មួយ​សប្តាហ៍។ ក្រសួង​ក៏​បាន​​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​រដូវវស្សា ជាទូទៅ ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​វត្ថុ​ដក់​ទឹក ដែល​ជា​កន្លែង​បង្ក​បង្កើត​កូន​មូស​ខ្លា។

ស្រប​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​នៃ​បាតុភូត​កើន​កម្ដៅ (El Niño) អាច​ធ្វើឲ្យ​មាន​ការ​កើន​ឡើង​នៅ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក រួម​ទាំង​កម្ពុជា។ ស្ថានភាព​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​ចំនួន​មូសខ្លា និងជំងឺ គ្រុនឈាម ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​បុគ្គល​ម្នាក់​ៗ គ្រួសារ និង​សហគមន៍។

គិត​ត្រឹម​ថ្ងៃ ១២ ខែ​កក្កដា ឆ្នាំ ២០២៦ មានករណីជំងឺគ្រុនឈាមចំនួន ២៨ ០៧៤ ករណី​ត្រូវ​បាន​រាយ​ការណ៍​នៅ​ក្នុងប្រទេសកម្ពុជា ក្នុងនោះមានករណីស្លាប់ ៣៨នាក់។ តួលេខ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង ៥៨,១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

ករណីឆ្លងបានចាប់ផ្តើមកើនឡើងយ៉ាងគំហកចាប់ពីសប្តាហ៍ទី២៤ នៃ​ឆ្នាំ (អំឡុងខែមិថុនា-កក្កដា) ដោយសារការធ្លាក់ភ្លៀងជោកជាំ និងទឹកជំនន់។

គួរបញ្ជាក់ថា ខែដែលមានការផ្ទុះឡើងខ្លាំងនៃជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងរដូវវស្សា ចាប់ពីខែឧសភាដល់ខែតុលា ដោយចំនួនករណីឆ្លងខ្ពស់បំផុតជាទូទៅត្រូវបានកត់ត្រានៅក្នុងខែមិថុនា ខែកក្កដា និងខែសីហា។

ជារឿយៗក្រសួងសុខាភិបាល បានណែនាំឲ្យសមាជិកគ្រួសារដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗចាប់ពី ៣៩ ដល់ ៤០ អង្សាសេ ត្រូវប្រញាប់ទៅពិគ្រោះ និងព្យាបាលជាបន្ទាន់នៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ក្នុងអំឡុងពេលយ៉ាងយូរ ៤៨ ម៉ោង៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា