Skip to content
Carrick ផ្ដល់ជ័យជម្នះយប់មិញជូន Solskjaer ស្របពេល Ronaldo បង្កើត​កំណត់ត្រា​ ហើយ Sancho រកបាន​គ្រាប់​ដំបូង
    ទំព័រដើម  »  កីឡាជាតិ

Carrick ផ្ដល់ជ័យជម្នះយប់មិញជូន Solskjaer ស្របពេល Ronaldo បង្កើត​កំណត់ត្រា​ ហើយ Sancho រកបាន​គ្រាប់​ដំបូង

អ្នកចាត់ការបណ្ដោះអាសន្នរបស់ Manchester United លោក Michael Carrick និយាយ​ថា​ជ័យជម្នះ​២-០​​នៅ​ទឹកដី Villarreal យប់​ថ្ងៃ​អង្គារ​ទី​២៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​ដែល​ធានាបាន​​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Champions League គឺ​សម្រាប់​អតីត​អ្នកចាត់ការ Ole Gunnar Solskjaer ​ដែល​ត្រូវ​បាន​ក្លិប​បិសាច​ក្រហម​បញ្ឈប់​ពី​តំណែង​កាល​ពី​ថ្ងៃ​អាទិត្យ​ក្រោយ​ចាញ់ Watford ៤-១​ក្នុង​លីគ។

លោក Carrick យប់មិញ​នេះ​បាន​ប្ដូរ​សមាសភាព​៤​នាក់​ក្នុង​ជម្រើស​១១​នាក់​ដំបូង ពិសេស​ការ​ដាក់ Donny van de Beek ឱ្យ​ចាប់​ផ្ដើម​ការ​ប្រកួត​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​២​ខែ​ចុង​ក្រោយ និង​ទម្លាក់ Bruno Fernandes ទៅ​បង់​បម្រុង​។

Cristiano Ronaldo ធ្វើ​បាន​រឿង​អស្ចារ្យ​មួយ​គឺ​ជា​កីឡាករ​ដែល​ស៊ុត​ចូល​គ្រប់​ប្រកួត​ក្នុង​វគ្គ​ចែក​ពូល Champions League រដូវកាលនេះ នៅ​ពេល​​គេ​ឆ្កឹះ​បាល់​រំលង​អ្នកចាំទី Geronimo Rulli ក្នុងនាទី​៧៨ ឱ្យ Man Utd នាំ​មុខ បន្ទាប់​ពី Fred ដណ្ដើម​បាល់​បាន​ពី Etienne Capoue​។ នេះ​ជា​គ្រាប់​ទី​៦​របស់ CR7 ក្នុង UCL ​រដូវកាលនេះ និង​ជា​ការ​ស៊ុត​បញ្ចូល​ទី​៥​ប្រកួត​ជាប់​ៗ​គ្នា​ក្នុង​វគ្គ​ចែក​ពូល​។

បន្ទាប់​មក នៅនាទី​៩០ Jadon Sancho ធានា​៣​ពិន្ទុស​ម្រាប់​ក្រុម​បិសាច​ក្រហម ដោយ​ស៊ុត​មួយ​ជើង​យ៉ាង​ស្អាត​បុក​របា​ផ្នែកខាង​ក្រោម​រួច​ផ្លោង​ចូល​ទី។ នេះជា​គ្រាប់​បាល់​ដំបូងរបស់ Sancho សម្រាប់ Man Utd តាំង​ពី​ក្រោយ​ផ្ទេរ​មក​ពី Dortmund​។

តែ​ David De Gea ក៏មាន​គុណសម្បត្តិ​ធំ​ក្នុង​ជ័យជម្នះ​យប់មិញ​ដែរ ដោយ​អ្នកចាំទី​អេស្ប៉ាញ​រូបនេះ​បាន​សង្គ្រោះ​បាល់​ដៃ​១​យ៉ាង​អស្ចារ្យ​២​លើក​​ពី​ការ​ស៊ុត​របស់ Manu Trigueros ខណៈ​លទ្ធផល​នៅ​០ស្មើ​។

នៅ​ក្រោយ​ការ​ប្រកួត លោក Carrick និយាយ​ថា​រយៈ​ពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ​មិនមែន​ជា​វេលា​​ងាយស្រួល​ទេ​សម្រាប់​គ្រប់​គ្នា​នៅ Man Utd ហើយ​ជ័យជម្នះ​នេះ​គឺ​សម្រាប់ Ole​។

ជ័យជម្នះ​យប់មិញ​បាន​បក់​ផាត់​ចេញ​ខ្លះ​ពពក​ខ្មៅ​លើ​ក្លិប​បិសាច​ក្រហម​ដែល​កំពុង​ស្ថិត​ក្នុង​លេខ​រៀង​ទី​៨ Premier League និង​នៅ​ក្រោម​ក្រុម​កំពូល​តារាង Chelsea ដល់​ទៅ​១២​ពិន្ទុ​។

ទោះបីយ៉ាងណា Carrick និយាយ​ថា​លោក​មិន​គិត​អំពី​ឱកាស​ដើម្បី​ក្លាយ​ជា​អ្នកចាត់ការ​ពេញ​សិទ្ធិ​របស់ Man Utd ឡើយ​។ ផ្ទុយ​ទៅ​វិញ លោក​ផ្ដោត​តែ​លើ​ការ​ជួយ​ក្រុម​តាម​សេចក្ដី​ត្រូវការ​របស់​ក្លិប​៕