Skip to content
ចំណុចសំខាន់ៗគួរដឹងមុន Man City ស្វាគមន៍ PSG រាត្រីនេះ
    ទំព័រដើម  »  កីឡាជាតិ

ចំណុចសំខាន់ៗគួរដឹងមុន Man City ស្វាគមន៍ PSG រាត្រីនេះ

Manchester City នឹង​ទទួល Paris St Germain ម៉ោង៣​យប់​ថ្ងៃពុធ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២១​នេះ ក្នុង​ការ​ប្រកួត​ទី​៥​ពូល A នៃ UEFA Champions League។

ខ្សែ​ការពារ​ជើង​ចាស់​អេស្ប៉ាញ Sergio Ramos មាន​ឈ្មោះ​ធ្វើដំណើរ​មក​​អង់គ្លេស​ជាមួយ PSG ម្សិលមិញ ហើយ​កីឡាករ​វ័យ​៣៥​ឆ្នាំ​អាចចូលលេង​លើក​ដំបូង​សម្រាប់​ក្រុមលោក Mauricio Pochettino​។

ដោយសារ​បញ្ហា​របួស Ramos មិនទាន់​បាន​លេង​ឱ្យ​ក្លិប​ថ្មី​ឡើយ តាំ​ង​ពី​ក្រោយ​​ពេលចាកចេញពី Real Madrid ក្នុងរដូវ​ក្ដៅ​។

ចំណែក Jack Grealish របស់ Man City វិញ​នៅ​មិនទាន់​ប្រាកដ​១០០%​​ទេ ដោយ​រង់ចាំ​ការ​ពិនិត្យ​ពិច័យ​សិន​។ ខ្សែ​បម្រើ​ប្រយុទ្ធ​អង់គ្លេស​បាន​អវត្តមាន​ពី​ការ​ប្រកួត Premier League ដែល Man City ឈ្នះ Everton ២-០ ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដោយសារ​របួស​អំឡុង​ពេល​នៅ​ជាមួយ​ជម្រើស​ជាតិ តែ​សង្ឃឹម​ថា​បាន​លេង​យប់នេះ។

 Kevin de Bruyne មិនអាច​លេង​បាន​ទេ ស្រប​ពេល Ferran Torres អាច​ខកខាន​រហូត​ដល់​ឆ្នាំ​ក្រោយ​។

Man City នឹង​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ប្រសិន​ពួក​គេ​លេង​មិន​ចាញ់ PSG យប់នេះ​។ ហើយ​មួយ​ទៀត ក្រុម​លោក Pep Guardiola ក៏​នឹង​ឡើង​ទៅ​ជុំ​បន្ទាប់​ដែរ ប្រសិន Club Bruges មិន​ឈ្នះ RB Leipzig ទេ​។

លោក Pochettino ​បាន​ដឹកនាំ Tottenham ប្រកួត​ឈ្នះ Man City ក្នុង​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL ឆ្នាំ​២០១៩ និង​បាន​ដឹកនាំ PSG ផ្ដួល Man City​ ២-០ ក្នុង​ពូល​រដូវកាលនេះ​។

ទោះបី​យ៉ាង​ណា លោក Pochettino និយាយថាការ​ប្រកួត​លើក​មុន​មិនអាច​ប្រដូច​នឹង​ការ​ប្រកួត​លើក​នេះ​ទេ​។ លោក​ថា​៖ «វា​ខុស​គ្នា​ទាំង​ស្រុង​។ ប្រទេស​ផ្សេង​គ្នា, កីឡាករ​ផ្សេង​គ្នា, ក្បួន​ផ្សេងគ្នា​។ ទោះ​បី​ក្រុម​ដដែល​អ្នកចាត់ការ​ដដែល​ក៏​ដោយ តែវា​អាច​ប្រែប្រួល​ក្នុង​រយៈ​ពេល​១​ឆ្នាំ​។ កីឡាករ​ថ្មី​ៗ​មក​ដល់ រឿង​ជា​ច្រើន​អាច​កើត​ឡើង​»​។

គួរ​ជម្រាប​ផង​ដែរ​ថា Lionel Messi រក​បាន​៧​គ្រាប់​ក្នុងការ​ចូលលេង​ទល់ Man City ៧​លើក​ក្នុង Champions League។

PSG បាន​ឈ្នះ​តែ​២០%​ប៉ុណ្ណោះ​ក្នុង​ចំណោម​ការ​ប្រកួត​ទល់នឹង Man City ក្នុង Champions League។ ហើយ​ក្នុង​ចំណោម​ក្រុម​​ដែល PSG ​បាន​ប៉ះ​ក្នុង Champions League ចាប់​ពី​៥​ដង​ឡើង​ទៅ មាន​តែ Real Madrid ប៉ុណ្ណោះ​ដែល PSG លេង​​​កម្រ​ឈ្នះ​ជាង​ប៉ះ Man City គឺ​ភាគរយ​ជ័យជម្នះត្រឹម​​តែ​១៧%​ប៉ុណ្ណោះ​ទល់​នឹង Real​។

PSG មិនដែល​ឈ្នះឡើយ​ក្នុងការ​ប្រកួត​ក្រៅ​ទឹកដី​៣​ប្រកួត​ចុងក្រោយ​ក្នុង UCL (ស្មើ២ ចាញ់១) ហើយ​អាចជួប​កំណត់ត្រា​លេង​មិនឈ្នះ​ក្រៅ​ទឹកដី​សោះក្នុង​វគ្គចែក​ពូល​ជា​លើក​ដំបូង​តាំង​ពីរដូវកាល​២០០៤-០៥​មក​៕