Skip to content
Felix Afena-Gyan ពី​ក្មេង​លេង​បាល់​ឱ្យ​សាលា​នៅ​ហ្កាណា​ក្លាយ​ជា​កីឡាករ​ដែល​បាន​កាដូ​យ៉ាង​កម្រពី Mourinho នៅអឺរ៉ុប
    ទំព័រដើម  »  កីឡាជាតិ

Felix Afena-Gyan ពី​ក្មេង​លេង​បាល់​ឱ្យ​សាលា​នៅ​ហ្កាណា​ក្លាយ​ជា​កីឡាករ​ដែល​បាន​កាដូ​យ៉ាង​កម្រពី Mourinho នៅអឺរ៉ុប

ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Felix Afena-Gyan បាន​ចូលលេងក្នុងក្រុមធំ AS Roma លើកទី៣ ហើយរក​បាន​២​គ្រាប់​ម្នាក់​ឯង​​ជួយ​ក្រុម​ឈ្នះ Genoa ចុងម៉ោង​​​យ៉ាង​អស្ចារ្យ រួច​ហើយ​​ទទួល​បាន​កាដូ​តាម​ការ​សន្យា​ពី​អ្នកចាត់ការ Jose Mourinho​។

Afena-Gyan ​ត្រូវ​បាន​លោក Mourinho ដំឡើង​ពី​ថ្នាល​មក​ក្រុមធំ​ក្នុង​ខែ​តុលា​អំឡុង​ពេល​ Roma ផ្ដើម​ជួប​ភាពយ៉ាប់យ៉ឺន ហើយ​មនុស្ស​ជា​ច្រើន​រំពឹង​ថា​កីឡាករ​ជនជាតិ​ហ្គាណា​​កើត​ឆ្នាំ​២០០៣​រូបនេះ​គ្រាន់​តែ​មក​ហាត់​ដើម្បី​បន្ស៊ាំ​ខ្លួន​ក្នុង​ក្រុម​ធំ​យក​បទ​ពិសោធ​ប៉ុណ្ណោះ​។ ប៉ុន្តែ​រឿង​ហេតុ​ដែល​កើត​ឡើងក្នុង​ថ្ងៃ​អាទិត្យ​ទី​២១​វិច្ឆិកា​នៅ​ទឹកដី Genoa ​បាន​ផ្លាស់​ប្ដូរ​ការ​គិត​គ្រប់យ៉ាង​។

ខណៈ​ក្រុម​កំពុ​ង​ស្មើ​គ្នា​០-០​ហើយ​​សល់​ពេល​តែ​១៥​នាទីទៀត លោក Mourinho ​បាន​​ប្ដូរ Afena-Gyan ​ចូល​ជំនួស​ខ្សែ​ប្រយុទ្ធ​អ៊ូបេគីស្ថាន Eldor Shomurodov ដើម្បី​កែប្រែ​ថាមពល​ក្នុង​តំបន់​ប្រយុទ្ធ​របស់ក្រុម​។ ៨​នាទី​បន្ទាប់ យុវជន​រូបនេះ​បាន​​ស៊ុត​បើក​ការ​នាំ​មុខ​ឱ្យ Roma ដោយ​ពែន​មួយ​ប៉ះ​បញ្ចូល​ទី​នៅ​មុំ​បង្គោល​ទី​២ បន្ទាប់​ពី​​ការ​បញ្ជូន​បាល់​យ៉ាង​ស្អាត​ពី Henrikh Mkhitaryan។

Afena-Gyan មិន​បាន​បញ្ចប់​ការងារ​ត្រឹម​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ នៅ​នាទី​៩០+៤ គេ​បាន​ស៊ុត​ពី​ចម្ងាយ​១​គ្រាប់​បន្ថែម​ទៀត​។

នៅ​ក្រោយ​ការ​ប្រកួត លោក Mourinho ​និយាយ​​ក្នុង​សម្ភាសន៍​ជាមួយ DAZN ​ថា​៖ «ខ្ញុំ​បាន​សន្យា​នឹង​គាត់​ថា​បើ​គាត់​ស៊ុត​ចូល ខ្ញុំ​នឹង​ទិញ​ស្បែក​ជើង​មួយ​គូ​ដែល​គាត់​ស្រឡាញ់​បំផុត ដែល​វាមាន​តម្លៃ​៨០០​អឺរ៉ូ​។ បន្ទាប់​ពី​ធ្វើ​រឿងនោះ​បាន គេ​បាន​ដើរ​មករក​ខ្ញុំ​រួច​និយាយ​ថា​កុំភ្លេច​ការ​សន្យា​នោះ​។ ព្រឹកស្អែក ខ្ញុំទៅទិញ​ឱ្យ​គេ​ដូច​សន្យា»។

សូមជម្រាប​ថា ដំណើរ​ជីវិត​របស់ Afena-Gyan ប្រែប្រួល​យ៉ាង​លឿន​រហ័ស​ដូច​ផ្លេក​បន្ទោរ។ មក​ទល់​នឹង​ឆ្នាំ​២០១៨ គេ​នៅ​លេង​បាល់​ឱ្យ​ក្រុម​សាលា​របស់​គេ​ក្នុងប្រទេសហ្កាណានៅឡើយ​ទេ មុន​ពេល​គេ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ថ្នាល EurAfrica FC Academy ដែល​ជា​គម្រោងបាល់ទាត់​យុវជន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៨​។

Afena-Gyan ​បាន​បន្ត​ភាព​រីក​ចម្រើន​និង​បង្ហាញ​ទេពកោសល្យ​ឱ្យ​គ្រូ​សង្កេត​កីឡាករ​នានា​បានឃើញ រួមទាំង​លោក Morgan De Sanctics និង Simone Lo Schiavo របស់ Roma ផង​ដែរ​។ ក្នុង​ខែ​មករា​​ឆ្នាំ​២០២១ Roma និង AC Milan ​ប្រជែង​គ្នាដណ្ដើម Afena-Gyan តែ​នៅ​ទី​បំផុត Roma ជាអ្នក​ឈ្នះ​ការ​ប្រជែង​។

Afena-Gyan និយាយ​ថា​៖ «វា​ពិត​ជា​មហស្ចារ្យ​ណាស់​។ វា​ជា​សុបិន​ក្លាយ​ជា​ការ​ពិត​សម្រាប់​ខ្ញុំ​ក្នុងការ​ផ្លាស់​មក​អឺរ៉ុប​។ Roma បាន​ធ្វើ​ឱ្យ​ខ្ញុំ​ពេញ​ចិត្ត​នៅ​ក្នុង​រាត្រី​ដែល​ពួក​គេ​វាយ​បក​ឈ្នះ Barcelona (ក្នុង​ខែ​មេសា​ឆ្នាំ​២០១៨) ដូច្នេះ​ការ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្លិប​ដ៏​អស្ចារ្យ​មួយ​នេះ​គឺ​ពិត​ជា​សុបិន​ក្លាយ​ជា​ការពិត»។

ដោយឡែក គួរជម្រាបផងដែរថា មានការលើកឡើងថា ភាពរីកចម្រើនសមត្ថភាពរបស់ Afena-Gyan បានទាក់ទាញចិត្តគ្រូបង្គោលហ្គាណាឱ្យពិចារណាកោះហៅខ្សែប្រយុទ្ធវ័យ១៨ឆ្នាំរូបនេះចូលជម្រើសជាតិក្រុមធំជាលើកដំបូងសម្រាប់លេងវគ្គជម្រុះ World Cup 2022 ក្នុងខែវិច្ឆិកានេះ ប៉ុន្តែ Afena-Gyan បានច្រានចោលឱកាសនោះ ដោយសារគិតថាគេមិនទាន់រួចរាល់នៅឡើយទេ និងចង់សម្ងំអភិវឌ្ឍសមត្ថភាពបន្ថែមទៀតសិន៕