Skip to content
Ferran Torres នឹងពាក់អាវលេខចាស់របស់ Messi និង Aguero នៅ Barcelona
    ទំព័រដើម  »  កីឡាជាតិ

Ferran Torres នឹងពាក់អាវលេខចាស់របស់ Messi និង Aguero នៅ Barcelona

Barcelona បានប្រកាសថាបានចុះឈ្មោះ Ferran Torres ចូលទៅក្នុងបញ្ជីដោយជោគជ័យ បន្ទាប់ពីផ្ទេរខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះពីក្លិប Manchester City ក្នុងទីផ្សារដោះដូរខែមករានេះ។

ដំបូងឡើយពួកគេមិនអាចចុះឈ្មោះខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះបានឡើយ ដោយសារតែទំហំនៃការចំណាយលើប្រាក់ឈ្នួលកីឡាករក្នុងក្រុម ប៉ុន្ដែក្រោយពេលផ្ទេរ Philippe Coutinho ទៅ Aston Villa ដោយជោគជ័យ និងបន្ដកិច្ចសន្យាជាមួយ Samuel Umtiti ដោយកាត់បន្ថយប្រាក់ឈ្នួល ទើបការចុះឈ្មោះ Torres សម្រេចបានដោយជោគជ័យ។

នេះជាដំណឹងល្អសម្រាប់ Barcelona មុនការប្រកួត El Clasico ទល់នឹង Real Madrid នាថ្ងៃពុធនេះ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Spanish Super Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

Barca ក៏បានប្រកាសថាអតីតសមាជិករបស់ Valencia, Torres នឹងពាក់អាវលេខ១៩ ក្នុងក្រុមរបស់លោក Xavi Hernandez រដូវកាលនេះ ដែលជាលេខចាស់របស់កីឡាករល្បីឈ្មោះច្រើនរូបកន្លងមក ដោយ Lionel Messi ក៏ធ្លាប់ពាក់លេខនេះដែរ។

កីឡាករចុងក្រោយដែលជ្រើសយកអាវលេខ១៩គឺ អតីតមិត្តរួមក្រុមរបស់ Torres នៅ Man City គឺខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលបានផ្លាស់មក Camp Nou ក្នុងទីផ្សារដោះដូររដូវក្ដៅ ប៉ុន្ដែអកុសលគេបានសម្រេចប្រកាសចូលនិវត្តពីអាជីពកីឡាករបាល់ទាត់កាលពីថ្មីៗ ដោយសារបញ្ហាគាំងបេះដូង អំឡុងការប្រកួតទល់នឹង Alaves កាលពីខែតុលា ឆ្នាំ២០២១។

អតីតប្រធានក្រុម និងជាវីរបុរសរបស់ Barca គឺ Messi ក៏ធ្លាប់ជាម្ចាស់កម្មសិទ្ធិអាវលេខ១៩នេះពីររដូវកាលផងដែរ នៅចន្លោះឆ្នាំ២០០៦ ដល់ ២០០៨ មុនប្ដូរទៅលេខ១០ ក្រោយពេល Ronaldinho ចាកចេញពីក្លិប។

ហើយកីឡាករល្បីឈ្មោះម្នាក់ទៀតដែលពាក់លេខ១៩ សម្រាប់ពួកគេគឺខ្សែប្រយុទ្ធហូឡង់ Patrick Kluivert ដែលបានពាក់លេខនេះ ក្នុងរដូវកាលដំបូងរបស់លោកនៅ Camp Nou ពោលគឺក្នុងរដូវកាល ១៩៩៨-៩៩ រហូតប្ដូរទៅលេខ៩នៅរដូវកាលបន្ទាប់៕