Skip to content
ក្រោយកីឡាករឆ្នេរខ្សាច់៥រូបលាឈប់ លោក សោម ចំណាប់ ស្នើសហព័ន្ធបាល់ទះគិតគូរផ្ដល់ប្រាក់ខែសមរម្យឡើងវិញ
    ទំព័រដើម  »  កីឡាជាតិ

ក្រោយកីឡាករឆ្នេរខ្សាច់៥រូបលាឈប់ លោក សោម ចំណាប់ ស្នើសហព័ន្ធបាល់ទះគិតគូរផ្ដល់ប្រាក់ខែសមរម្យឡើងវិញ

លោក សោម ចំណាប់ ដែលទើបលាឈប់ពីតំណែងគ្រូបង្គោលក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិ​កម្ពុជា​ ប្រាប់ក្នុងសន្និសីទសារព័ត៌មាន​នៅរសៀលថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២២ ថា កូនក្រុមលោក៥រូបដែលក្នុងនោះមាន ស្មាត់ឌូក និងធី ម៉េងហួង ផងនោះក៏បានលាឈប់ដែរ។

លោក សោម​ ចំណាប់ ថ្លែងថា ការលាឈប់នេះក៏ដោយសារតែការកាត់ប្រាក់ខែរបស់ពួកគេច្រើនពេក ដែលការកាត់នោះត្រូវបានយកទៅប្រើប្រាស់លើថ្លៃហូបចុកអំឡុងការប្រមូលផ្ដុំហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានមរតកតេជោ។

កីឡាករទាំង៥នាក់ មាន ជុក សោភា ហៅស្មាត់ឌូក, សំ សាមីត, ថុល លាភហេង, ពេជ្រ សុផុន និង ធី ម៉េងហួង។

លោក សោម ចំណាប់ ប្រាប់ថា ជាគោលការណ៍ កីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជាទទួល​បាន​ប្រាក់ខែ២លាន៣សែនរៀល តែត្រូវកាត់១លានរៀលសម្រាប់ថ្លៃហូបចុក ហើយម្យ៉ាង កីឡាករត្រូវហ្វឹកហាត់បិទខ្ទប់រៀងរាល់ថ្ងៃ មិនមានពេលចេញក្រៅលំហែ។ ការណ៍នេះធ្វើឲ្យកីឡាករទាំងនោះមិនមានពេលចេញក្រៅរកប្រាក់ចំណូលបន្ថែម ខណៈអ្នកខ្លះមានក្រុមគ្រួសារទៅហើយ។

លោក សោម ចំណាប់ ឲ្យដឹងដែរថា ឯកឧត្តម នេត សាវឿន ដែលជាប្រធានសហព័ន្ធបាល់ទះកម្ពុជា ក៏ដូចជាឯកឧត្តម ឌី វិជ្ជា និងឯកឧត្តម ស សុខា ដែលជាអនុប្រធានសហព័ន្ធបានផ្ដល់អនុសាសន៍ឲ្យគណៈគ្រប់គ្រងព្យាយាមស្វែងរកធនធានបន្ថែមដល់ក្រុមបាល់ទះឆ្នេរខ្សាច់។ យ៉ាងណា​ លោក សោម ចំណាប់ ប្រាប់ថា ពុំបានទទួលការឆ្លើយតបពីគណៈគ្រប់គ្រងទាំងនោះពេលលោកស្នើឡើយ។

លោក សោម ចំណាប់ ទទូចថា សហព័ន្ធគួរគិតគូរឡើងវិញលើប្រាក់ខែរបស់កីឡាករ។ លោកថា ប្រសិនបើផ្ដល់ដល់ពួកគេចំនួន២លាន៤សែនរៀល និងមានការឧបត្ថម្ភ១លានរៀលពីសហព័ន្ធថែមទៀតផងនោះ កីឡាករអាចនឹងសប្បាយចិត្ត។ មិនតែប៉ុណ្ណោះ លោកក៏ចង់ឲ្យកីឡាករបានហ្វឹកហាត់នៅក្រៅជំនួសការប្រមូលផ្ដុំនៅខាងក្នុង។

គួរដឹងដែរថា ក្រោយកីឡាករបាល់ទះទាំង៥រូបលាឈប់ សហព័ន្ធកីឡាបាល់ទះក៏បានប្រកាសជ្រើសរើសកីឡាករថ្មីទៀតដែរ ខណៈ​ការប្រកួតស៊ីហ្គេមនៅវៀតណាមចូលមកដល់នៅខែឧសភា ឆ្នាំ២០២២ ខាងមុខទៅហើយ។ ចំណែកកីឡាករទាំង៥សុទ្ធតែជាអ្នកមានបទពិសោធច្រើន៕