Skip to content
Ronaldo ចង់យកខ្សែការពារស្លាបជោគជ័យបំផុត២រូបមកចូលរួមក្លិប
    ទំព័រដើម  »  កីឡាជាតិ

Ronaldo ចង់យកខ្សែការពារស្លាបជោគជ័យបំផុត២រូបមកចូលរួមក្លិប

ប្រធានក្លិប Real Valladolid ​លោក Ronaldo Nazario កំពុង​ស្រមៃចង់នាំយក​​កីឡាករ​ល្បី​ឈ្មោះ២​រូប​មក​ចូល​រួម​ក្លិប​របស់​ខ្លួន​ក្នុង​រដូវ​ក្ដៅ​២០២២​នេះ គឺ Marcelo និង​ Dani Alves ដែល​កំពុង​ទំនេរ​មិនទាន់​មានក្លិប ក្រោយ​ចាកចេញពី Real Madrid និង Barcelona រៀង​ៗ​ខ្លួន​។

អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រេស៊ីល​វ័យ​៤៥​ឆ្នាំ Ronaldo នឹង​​ព្យាយាម​ទាញ​ផល​ចំណេញ​ពី​ទំនាក់ទំនង​ល្អ​របស់​​លោក​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យខ្សែការពារ​ប្រេស៊ីល​ទាំង​២​ខាង​លើ​មក​ចូល​រួម​ក្លិប Valladolid ដែល​ទើប​​ឈ្នះ​ការ​ដំឡើង​ពី​លីគ​២​មក​ក្របខណ្ឌ La Liga​។

យោង​តាម​​​សារព័ត៌មាន​ប្រេស៊ីល UOL Esporte និង​ផ្សាយ​បន្ត​ដោយ​សារព័ត៌មាន​អេស្ប៉ាញ​ Marca ឱ្យ​ដឹង​ថា Ronaldo កំពុង​​ចង់​បាន​ខ្សែការពារ​ស្លាប​២​នាក់ខាង​លើ​ដែល​នឹង​ជួយ​បង្កើន​កេរ្តិ៍ឈ្មោះ​ក្លិប Valladolid ផង​​ និង​ជួយ​ពង្រឹង​គុណភាព​​ក្រុម​លើ​ទីលាន​ផង​។

ប្រភព​ដដែល​បន្ថែម​ថា ប្រាក់​ខែ​របស់​អ្នក​ទាំង​ពីរ​​មិន​មែនជា​បញ្ហា​​សម្រាប់​ Valladolid ទេ​។ ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា វាមិនមែន​ជា​ការងារ​ងាយស្រួល​នោះឡើយ​ក្នុងការ​នាំ Marcelo និង Alves មក​ចូល​រួម​ក្លិប​​មួយ​នេះ​។

ក្រោយ​រួមរស់​ជាមួយ Real Madrid រយៈ​ពេល​១៦​ឆ្នាំ​និង​ក្លាយ​ជា​កីឡាករ​ឈ្នះ​ពាន​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​យក្ស​អេស្ប៉ាញ​មួយ​នេះ Marcelo ឥឡូវ​កំពុង​នៅ​ជា free-agent ខណៈ​ក្លិប​អឺរ៉ុប​មួយ​ចំនួន​បាន​ចូល​ខ្លួន​មក​ចែចូវ​រួច​ទៅហើយ ក្នុងនោះ​មាន​ទាំង AC Milan ដែល​ទើប​លើក​ពាន Serie A ជា​លើក​ដំបូង​ក្នុង​ពេល​១១​ឆ្នាំ​ផងដែរ​។

រីឯ Dani Alves វិញ ដែលទើប​ចែកផ្លូវពី Barcelona ជា​លើក​ទី​២ ក៏​កំពុង​ស្ថិត​ក្នុង​រ៉ាដារបស់​ក្លិប​មួយ​ចំនួន​ដែរ រួមទាំង​ក្លិប Flamengo របស់​ប្រេស៊ីល​។

Marcelo ​វ័យ​៣៤​ឆ្នាំ និង Alves ​វ័យ​៣៩​ឆ្នាំ ជា​​ខ្សែការពារ​ស្លាប​ដ៏​ជោគជ័យ​បំផុត​ក្នុង​អាជីព​ក្លិប​ និង​ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​តួនាទីការពារ​ស្លាប​ឆ្វេង​និង​ការពារស្លាប​ស្ដាំ ​កាលពួក​គេ​​នៅ​ពេញ​ល្អ​។

ពួក​គេ​ចង់​បន្ត​​លេង​បាល់អាជីព​ក្នុង​កម្រិត​ល្អ​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​ក្ដី​សង្ឃឹម​ក្នុងការ​ជាប់​ជម្រើស​ជាតិ​​ប្រេស៊ីល​ទៅ FIFA World Cup Qatar 2022​។

La Liga រដូវកាល​២០២២-២៣ នៅ​សល់​ច្រើនសប្ដាហ៍​ទៀត​មុន​ចាប់​ផ្ដើម​ ប៉ុន្តែ Real Valladolid កំពុង​ខ្នះខ្នែង​ដើម្បី​ពង្រឹង​ក្រុម​ត្រៀម​រដូវកាល​ថ្មី​នៃ​លីគ​កំពូល​អេស្ប៉ាញ​។ ក្រុមនេះ​បាន​ធ្លាក់​ពី La Liga ​នៅដំណាច់ដូវកាល​២០២០-២១ តែ​បាន​ឈ្នះ​ការ​ដំឡើង​មក​ La Liga វិញ​នៅ​ដំណាច់​រដូវកាល​២០២១-២២​៕

ប្រភព៖ Marca