Skip to content
ជើងខ្លាំងគុនខ្មែរទម្ងន់៦៥គីឡូក្រាម១៦នាក់ចូលប្រជែង ខ្សែក្រវាត់ Ganzberg Onestrike រដូវកាលទី៣
    ទំព័រដើម  »  កីឡាជាតិ  »  ប្រដាល់

ជើងខ្លាំងគុនខ្មែរទម្ងន់៦៥គីឡូក្រាម១៦នាក់ចូលប្រជែង ខ្សែក្រវាត់ Ganzberg Onestrike រដូវកាលទី៣

ក្រោយដំណើរការអស់២រដូវកាលកន្លងទៅដោយភាពជោគជ័យ កម្មវិធីប្រដាល់គុនខ្មែររបស់ស្ថានីយទូរទស្សន៍ PNN ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុនស្រាបៀរ Ganzberg នឹងបន្តបេសកកម្មរដូវកាលទី៣នៃការដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike។ យុទ្ធនាការដ៏ពិសេស និងកក្រើកនេះនឹងចាប់ផ្ដើមវគ្គជម្រុះពីសប្ដាហ៍ទី១ នៃខែសីហា តទៅ។


២រដូវកាលកន្លងទៅ Ganzberg Onestrike បានរកឃើញអធិរាជ២ប្រភេទទម្ងន់ផ្សេងគ្នា។ រដូវកាលទី១ ជើងឯកទម្ងន់៥៧គីឡូក្រាមបានទៅលើ អេលីត ចំរើន ហើយរដូវកាលទី២ រិន ដេវីត ជាអ្នកគ្រប់ខ្សែក្រវាត់លើប្រភេទទម្ងន់៦០គីឡូក្រាម។ ម្ចាស់ខ្សែក្រវាត់ទាំង២រដូវកាលសុទ្ធតែទទួលបានប្រាក់រង្វាន់១ម៉ឺនដុល្លារដូចៗគ្នា។ ចំណែករដូវកាលថ្មី ចំណីចក្ខុកាន់តែប្លែក គឺការប្រកួតដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike និងប្រាក់រង្វាន់ ១ម៉ឺនដុល្លារ ប្រភេទទម្ងន់៦៥គីឡូក្រាម។

គួរជម្រាបជូនថា បេសកម្មដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike រដូវកាលទី៣ នៅបន្តរូបមន្តដដែល គឺការប្រកួតចាញ់ធ្លាក់។ ដោយឡែកសម្រាប់បេក្ខភាពទម្ងន់៦៥គីឡូដែលមកពី១៦ក្លិបផ្សេងគ្នា រូមមាន ៖ កីឡាករ ធន់ ចាន់តាក់, នូវ ដារ៉ូ, គង់ សំបូរ, ផាន់ រះ, មឿង សុខហ៊ុច, សេក គឹមរួន, ផាន់ គ្រាន់, វ៉ែន ហុងជីវង្ស, ឡុង សំណាង, សូត្រ ខេវិន, ម៉ន ព្រហ្មម៉ាញ, តាំង សីហា, គិន សំបូរ, នួន រ៉ាថេប, សោម វិឆ័យ, ខុន ស៊ីចន។

សូមបញ្ជាក់ថា រដូវកាលទី៣នៃយុទ្ធនាការជម្រុះដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារអាមេរិក ចាប់ផ្ដើម ពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២២ តទៅ ដែលនឹងមានការប្រកួត៣ប្រភេទផ្សេងគ្នា។ ក្នុងនោះគូទី១ និងទី២ គឺជាការប្រកួត ម៉ារ៉ាតុន ដែលការផ្ដល់ឱកាសឲ្យកីឡាករវ័យក្មេងបានបញ្ចេញសមត្ថភាពលើសង្វៀនស្ដង់ដា។ គូទី ៣ ជាការប្រកួត Onestrike ដែលប្រើស្រោមដៃតូច (ហ្គង់MMA) និងគូទី៤ ឈានចូលដល់ការប្រកួតជម្រុះខ្សែក្រវាត់ដើម្បីស្វែងរកអធិរាជទម្ងន់ ៦៥គីឡូក្រាម។ ចំណែកគូទី៥ ជាការប៉ះគ្នារវាងអ្នកឈ្នះគូទី១ និងទី២ ប្រកួតផ្ដាច់ព្រ័ត្រម៉ារ៉ាតុនដណ្ដើមប្រាក់លាន។

កម្មវិធីប្រដាល់គុនខ្មែរ Ganzberg One Strike ផ្សាយផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន, ផេកហ្វេសប៊ុក PNN Sports និង Ganzberg ចាប់ពីវេលាម៉ោង១រសៀលតទៅ។ ទស្សនិកជនអាចចូលរួមទស្សនាដោយផ្ទាល់ក្នុងស្ទូឌីយូម៉ាស៊ីនត្រជាក់នៃស្ថានីយទូរទស្សន៍PNN៕