Skip to content
Shakhtar Donetsk ឧទ្ទិសជ័យជម្នះ UCL ដ៏ត្រចះត្រចង់លើ Leipzig ជូនអ៊ុយក្រែន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Shakhtar Donetsk ឧទ្ទិសជ័យជម្នះ UCL ដ៏ត្រចះត្រចង់លើ Leipzig ជូនអ៊ុយក្រែន

Shakhtar Donetsk ដែលជា​ក្រុមបាល់ទាត់​របស់​អ៊ុយក្រែន​ដំបូង​គេប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Champions League ចាប់​តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​មក បាន​ទទួល​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​យ៉ាង​គួរ​ឱ្យ​ចងចាំ ៤-១ លើ​ក្រុម RB Leipzig របស់​អាល្លឺម៉ង់។

នៅ​ក្រោយ​ធានា​បាន​៣​ពិន្ទុ​យ៉ាង​រំភើប​ក្នុង​ប្រកួត​បើក​ឆាក UCL ​ពូល F យប់​ថ្ងៃ​អង្គារ​ទី​៦​ខែ​កញ្ញា​ឆ្នាំ​២០២២ Shakhtar Donetsk បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា​ “It’s for you, Ukraine” ដែល​មានន័យ​ថា «​ជ័យជម្នះ​នេះ​គឺ​សម្រាប់​ប្រទេស​អ៊ុយក្រែន​»។

នៅ​ក្នុង​ពូល F នេះ​យប់មិញ​ដែរ Real Madrid ​បាន​ផ្ដួល​ម្ចាស់​ផ្ទះ Celtic ៣​ទល់​នឹង​១ ប៉ុន្តែ​គឺ Shakhtar Donetsk ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​។

ជំនួបនៅទឹកដី Leipzig យប់មិញ ភ្ញៀវ Shakhtar ​បាន​បើកការ​នាំ​មុខ​ក្នុងនាទី​១៦​ដោយ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយក្រែន Marian Shved។ ក្រោយ​កែ​បាល់​វគ្គ​ទី​២​បាន១២​នាទី Leipzig ​បាន​តាម​ស្មើ​វិញ​ដោយ Mohamed Simakan។ តែ១​នាទី​បន្ទាប់​ ហ្គេម​គឺជា​របស់ Shakhtar ផ្ដាច់មុខ ដោយ Marian Shved បើក​ការ​នាំ​មុខ​ជា​ថ្មី​សម្រាប់​ក្រុម​មក​ពី​អ៊ុយក្រែន ក្នុងនាទី​៥៨ រួច​ហើយ Mykhaylo Mudryk ​និង Lassina Traore ស៊ុត​ម្នាក់​១​គ្រាប់​ទៀត​ក្នុងនាទី៧៦​និង​៨៥ ដើម្បី​ធានា​ជ័យជម្នះ​៤-១​។

៣​ពិន្ទុ​និង​ស៊ុត​ចូល​៤​គ្រាប់​ពី​ប្រកួត​ដំបូង​នេះ​គឺ​​ជា​សមិទ្ធផល​ប្រសើរ​ជាង​រដូវកាល​មុន​រួច​បាត់​ទៅហើយ​សម្រាប់ Shakhtar ដ្បិត​​មួយ​ចប់​​វគ្គ​ចែក​ពូល UCL ២០២១-២២​កន្លង​ទៅ Shakhtar រក​បាន​តែ​២​ពិន្ទុ​និង​ស៊ុត​ចូល​គូ​ប្រកួត​សរុប​តែ​២​គ្រាប់​ប៉ុណ្ណោះ​។

ប្រធាន​ក្រុម Shakhtar កីឡាករ Taras Stepanenko ​បានិយាយ​ថា​លទ្ធផល​រាត្រី​នេះគឺ​ហួសពី​ការ​ស្រមើស្រមៃ​ដ៏​រវើរវាយ​បំផុត​របស់​គេ​ទៅទៀត​ដែល​ក្រុម​របស់​គេ​អាច​រក​បាន​ដល់​ទៅ​៤​គ្រាប់​ក្នុង​ការ​ប្រកួត​កម្រិត​នេះ​។ Taras Stepanenko បន្ថែម​ថា​​គេ​នៅ​ជាមួយ Shakhtar ជាង​១​ទសវត្សរ៍​ហើយ ហើយ​នេះ​គឺ​ជា​ក្រុម​ Shakhtar ថ្មី​ដែល​សម្បូរ​ដោយ​កីឡាករ​ក្មេង​ៗ​ដុះដាលចេញពី​ថ្នាល Shakhtar ផ្ទាល់ ដូច្នេះ​ពួក​គេ​មាន​ស្មារតី Shakhtar ដែល​​ជួយ​យ៉ាង​ច្រើន​ដល់​ក្រុម​។ ក្រុម​របស់​គេ​ពិត​ជា​លេង​បាន​ល្អ​ក្នុង​ប្រកួតនេះ​និង​សម​នឹង​ទទួល​បាន​លទ្ធផល​ដូច្នេះ​។

សូម​ជម្រាប​ផង​ដែរ​ថា Shakhtar Donetsk ​មិនអាច​​​ប្រកួត​នៅ​ផ្ទះ​របស់​ខ្លួន​បាន​តាំង​ពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ​​ដោយសារ​បញ្ហា​សង្គ្រាម​​ក្នុង​ប្រទេស ហើយ​ក្នុង​រដូវ​ក្ដៅ​២០២២​នេះ កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​បាន​ចាកចេញ​ដូច​ជា David Neres, Dodo និង Marlon Solomon ជា​ដើម​។ កាល​ពី​ខែ​កក្កដា​កន្លង​ទៅ Shakhtar បាន​ទាមទារ​សំណង​ខូច​ខាត​ចំនួន​៥០​លាន​អឺរ៉ូ​ពី FIFA សម្រាប់​ការ​បាត់បង់​ប្រាក់​តម្លៃ​ផ្ទេរ បន្ទាប់​ពី FIFA បាន​សម្រេច​ឱ្យ​កីឡាករ​បរទេស​ដែល​លេង​នៅ​លីគ​អ៊ុយក្រែន ​អាច​ព្យួរ​កិច្ចសន្យា​របស់​ពួក​គេ​បាន បន្ទាប់​ពី​ការ​ចូល​ឈ្លានពាន​ដោយ​រុស្ស៊ី​៕