Skip to content
គ្រូបង្វឹកបារាំង Didier Deschamps បានលើកសរសើរពីកីឡាករ Christian Eriksen
    ទំព័រដើម  »  កីឡាអន្តរជាតិ

គ្រូបង្វឹកបារាំង Didier Deschamps បានលើកសរសើរពីកីឡាករ Christian Eriksen

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង Didier Deschamps បានលើកសរសើរតារាឆ្នើមរបស់ Manchester United កីឡាករ Christian Eriksen ថាជាកីឡាករដែលពោរពេញទៅដោយបច្ចេកទេសលេងខ្ពស់បន្ទាប់ពីក្រុមរបស់លោកបានបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក។

ដាណឺម៉ាកបានផ្តួលម្ចាស់ជើងឯក World Cup 2018 ដោយលទ្ធផល 2-0 ក្នុងពានរង្វាន់ Nations League ខណៈដែលក្រុមរបស់លោក Deschamps បានបញ្ចប់ទៅដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខបីនៃពូលA។

Eriksen បានត្រលប់មកវិញជាមួយនឹងទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលបន្ទាប់ពីការគាំងបេះដូងកាលពីប្រកួតនៅ Euro2021 និងបានបង្ហាញខ្លួនពេញ៦ប្រកួតតែម្តងឲ្យ Manchester United នៅក្នុងគ្របខណ្ឌ Premier League រដូវកាលថ្មីនេះ។

កីឡាករវ័យ30ឆ្នាំរូបនេះបានលេងក្នុងពានរង្វាន់ Nations League ទាំងពីរប្រកួតតែម្តងឲ្យក្រុមជម្រើសជាតិរបស់គេក្នុងសប្ដាហ៍នេះហើយអ្វីដែលគួរឲ្យកត់សម្គាល់គឺខ្សែបម្រើរូបនេះបង្ហាញភាពលេចធ្លោជាខ្លាំងអំឡុងការប្រកួតជាមួយជម្រើសជាតិបារាំងដោយរូបគេបានបង្កើតឱកាសរហូតដល់ទៅ៨ដងក្នុងជ័យជម្នះ2-0។

Deschamps បានលើកសរសើរ Eriksen មុនការប្រកួតមកដល់ដោយមានភាពភ្ញាក់ផ្អើលជាមួយនឹងទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើរូបនេះក្រោយពេលជាសះស្បើយពីការគាំងបេះដូង។ក្រោយក្រុមបរាជ័យរូបលោកក៏បាននិយាយសរសើរ Eriksen សារជាថ្មីដោយថាគេជាកីឡាករពោរពេញដោយភាពច្នៃប្រឌិតនិងបច្ចេកទេសលេងនៅក្នុងទីលាន។

Deschamps បាននិយាយថា៖ “រូបគេជាកីឡាករសម្បូរទៅដោយបច្ចេកទេសលេងបាល់ទាត់និងមានរបៀបលេងដ៏គួរឲ្យចាប់អារម្មណ៍។សម្រាប់ប្រទេសដាណឺម៉ាកវាប្រៀបបានដូចជាគ្រាប់ពេជ្រមួយអញ្ជឹងដែលមានកីឡាករដូចរូបគេ។Eriksen គឺជាកីឡាករដែលមានបច្ចេកទេសនិងភាពជាអ្នកដឹកនាំនៅក្នុងក្រុម”។

Christian Eriksen មិនទាន់បានបើកគណនីរកគ្រាប់បាល់នៅឡើយទេឲ្យក្រុម Man Utd ប៉ុន្តែរូបគេបានជាប់ជាកីឡាករល្អប្រចាំខែកញ្ញារបស់ក្លិប។ Eriksen ក៏ជាកីឡាករដ៏សំខាន់មួយរូបក្នុងការជួយ Man Utd យកឈ្នះ Arsenal 3-1 ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនិងបានបញ្ចូនបាល់ឲ្យមិត្តរួមក្រុម Marcus Rashford ស៊ុតដណ្តើមយកជ័យជម្នះនៅពេលដែលរូបគេអាចរកគ្រាប់បាល់នោះបានយ៉ាងងាយ៕