Skip to content
Foden បំបែកកំណត់ត្រារបស់ Messi ក្រោយស៊ុតបាន Hat-trick ពេលប៉ះ Man Utd
    ទំព័រដើម  »  កីឡាអន្តរជាតិ

Foden បំបែកកំណត់ត្រារបស់ Messi ក្រោយស៊ុតបាន Hat-trick ពេលប៉ះ Man Utd

Phil Foden បានបំបែកនូវកំណត់ត្រារបស់ Lionel Messi ដោយក្លាយជាកីឡាករវ័យក្មេងបំផុតដែលអាចរកគ្រាប់បាល់បាន៥០គ្រាប់ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola។កីឡាករវ័យ២២ឆ្នាំរូបនេះរកបានបីគ្រាប់នៅក្នុងកីឡដ្ឋាន Etihad ខណៈដែល Manchester City បំបាក់ Manchester United ដោយលទ្ធផល 6-3 កាលយប់ថ្ងៃអាទិត្យ ទី០២ តុលា ឆ្នាំ២០២២។

គ្រាប់បាល់ទីពីរក្នុងការប្រកួតប៉ះ Man Utd ជាមួយនឹងការបញ្ចប់ទីយ៉ាងល្អក្រោយទទួលបានបាល់វាយបកដែលបញ្ចូនមកពីកីឡាករ Erling Haaland បានធ្វើឲ្យរូបគេរំកិលឡើងទៅឈរលើ Messi ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Guardiola។នៅវ័យត្រឹមតែ 22ឆ្នាំនិង127ថ្ងៃ ខ្សែប្រយុទ្ធរូបនេះបានក្លាយជាកីឡាករវ័យក្មេងបំផុតដែលរកគ្រាប់បាល់បាន៥០គ្រាប់ក្រោមការដឹកនាំរបស់ Pep Guardiola ដោយវ៉ាដាច់កីឡាករ Messi របស់PSG ដែលធ្វើវាបាននៅអាយុ22ឆ្នាំនិង162ថ្ងៃ។

Messi ជោគជ័យជាមួយនឹងអាជីពលេងបាល់ទាត់របស់គេក្រោមការដឹកនាំរបស់គ្រូបង្វឹក Guardiola ដោយបង្ហាញខ្លួនបាន 219 ឲ្យ Barcelona រកគ្រាប់បាល់បាន២១១គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៩៧គ្រាប់។សរុបមកមានន័យថារូបគេបានជួយឲ្យក្លិបអ្នកមានបុណ្យ កើតមានគ្រាប់បាល់ 308 គ្រាប់ក្នុងការបង្ហាញខ្លួនលើទីលាន 219 ប្រកួតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Barce Pep Guardiola។

Messi រកបានកំណត់ត្រានេះនៅអំឡុងរដូវកាល 2011-12 គ្រាដែលរូបគេបានក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាគេបង្អស់នៅតំបន់អឺរ៉ុបដោយរកបាន៧៣គ្រាប់ក្នុង៦០ប្រកួតគ្រប់កម្មវិធីទាំងអស់។

យ៉ាងណាមិញ Foden ក៏បានបំបែកនូវកំណត់ត្រារបស់ Messi បានមួយផងដែរគឺជាកីឡាករវ័យក្មេងរកបាន៥០គ្រាប់។កីឡាករវ័យក្មេងរូបនេះត្រូវបានលោក Pep ចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យបំផុតដែលលោកមិនធ្លាប់ជួប។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយមុនរដូវកាល 2019/20ថា៖ “Foden ជាកីឡាករមានទេពកោសល្យបំផុតដែលខ្ញុំមិនធ្លាប់បានជួប។ Messi ជាកីឡាករល្អបំផុតប៉ុន្តែខ្ញុំមិនដែលជួបគេនៅវ័យ១៧ឆ្នាំទេចំណែក ខ្ញុំឃើញFoden នៅវ័យនេះហើយខ្ញុំមិនដែលឃើញកីឡាករណាដែលមានទេពកោសល្យនិងសក្តានុពលបែបនេះឡើយ”។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកគ្រាប់បាល់បានសរុប៥១គ្រាប់ហើយឲ្យMan City ដោយគិតត្រឹមការប្រកួត Manchester derby។Foden និង Haaland បាន hat-trick រៀងៗខ្លួនឲ្យ Man city ក្នុងជ័យជំនះលើ Man Utd កាលពីយប់ថ្ងៃអាទិត្យ។យ៉ាងណាមិញក្រុមភ្ញៀវដែលត្រូវបានក្រុមម្ចាស់ផ្ទះនាំមុខរហូតដល់ទៅ4គ្រាប់ក្នុងវគ្គទីមួយក៏រកបាន៣គ្រាប់មកវិញនៅពេលចូលដល់តង់ទីពីរដែលគ្រាប់បាល់នោះរកបានដោយកីឡាករ Antony មួយគ្រាប់និង Martial ២គ្រាប់។