Skip to content
ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ស៊ីហ្គេមនៅកម្ពុជាមានភូមិកីឡា ព្រោះចង់ធ្វើតាមស្តង់ដារអូឡាំពិក
    ទំព័រដើម  »  កីឡាជាតិ  »  ផ្សេងៗ

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា ស៊ីហ្គេមនៅកម្ពុជាមានភូមិកីឡា ព្រោះចង់ធ្វើតាមស្តង់ដារអូឡាំពិក

“ស៊ីហ្គេមនៅកម្ពុជាបើរៀបចំកម្រិតភូមិកីឡានេះ គឺយើងរៀបចំតាមស្តង់ដារអូឡាំពិក មិនមែនស្តង់ដារស៊ីហ្គេមទេ។” នេះជាប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ នៅកម្ពុជា ហៅកាត់ CAMSOC។

ឯកឧត្តមអគ្គលេខាធិការថ្លែងបែបនេះក្រោយចប់កិច្ចប្រជុំ និងត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ភូមិកីឡា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍អូឡាំពិកតែងតែមានភូមិកីឡាដើម្បីធានាសុវត្ថិភាពដល់អត្តពលិក និងប្រតិភូដែលបានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខ។ ចំណែកស៊ីហ្គេមនៅប្រទេសមួយចំនួនវិញមិនមានភូមិកីឡាទេ ដោយប្រើប្រាស់សណ្ឋាគារ។

ទាក់ទងទៅនឹងដំណើរការសាងសង់ភូមិកីឡាគិតមកទល់ពេលនេះ CAMSOC ទទួលបាន១៨៣០គ្រែហើយពីក្រុមហ៊ុនទទួលរ៉ាប់រង ហើយក្នុងខែកុម្ភៈនឹងទទួលបានជាង២០០០គ្រែ ខណៈចំនួនគ្រែសរុប គឺ៦០០០។ កីឡាករ កីឡាការិនីសរុបដែលនឹងមកប្រកួតស៊ីហ្គេមនៅកម្ពុជា មានចំនួន៧០០០នាក់ តែប្រភេទមួយចំនួនត្រូវប្រកួតនៅខេត្តសៀមរាប, កែប និងព្រះសីហនុ ដូច្នេះអ្នកខ្លះនឹងមិនស្នាក់នៅក្នុងភូមិកីឡាទេ។ ដូច្នេះហើយ CAMSOC បានជំរុញឲ្យក្រុមទទួលខុសត្រូវធ្វើយ៉ាងណា សាងសង់ភូមិកីឡាឲ្យបានទាន់ពេលវេលា៕