Skip to content
កីឡាករឡាទីនម្នាក់ប៊ិះមិនបានហោះមកប្រកួតទល់ Real Madrid ដោយសារបាត់លិខិតឆ្លងដែន
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

កីឡាករឡាទីនម្នាក់ប៊ិះមិនបានហោះមកប្រកួតទល់ Real Madrid ដោយសារបាត់លិខិតឆ្លងដែន

ខ្សែការពារស្លាបឆ្វេងជម្រើសជាតិអេក្វាឌ័រ Pervis Estupinan ត្រូវត្រៀមលក្ខណៈដើម្បីលេងឱ្យ Villarreal ទល់ Real Madrid ក្នុងក្របខ័ណ្ឌ La Liga នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ប៉ុន្តែកីឡាករវ័យ២២ឆ្នាំរូបនេះវិះជាប់គាំងក្នុងប្រទេសកំណើតដោយសារជ្រុះបាត់លិខិតឆ្លងដែន។

អតីតយុវជន Watford វ័យ២២ឆ្នាំ គ្រោងហោះពីអេក្វាឌ័រមកអេស្ប៉ាញវិញក្នុងថ្ងៃពុធទី១៨ខែវិច្ឆិកាឆ្នាំ២០២០ បន្ទាប់ពីបានរួមចំណែកជួយក្រុមជម្រើសជាតិខ្លួនលត់កូឡុំប៊ី ៦-១ កាលពីថ្ងៃអង្គារ ដោយគេបានស៊ុតចូលគ្រាប់ទី៦របស់អេក្វាឌ័រក្នុងប្រកួតនោះ។

ប៉ុន្តែ Pervis បានបាត់លិខិតឆ្លងដែន ហើយត្រូវចូលបណ្ដាញសង្គម Twitter និង Instagram ដើម្បីបង្ហោះសារឱ្យគេឯងជួយរកកាបូបអីវ៉ាន់របស់គេដែលបានបាត់។ សាររបស់គេលើ Twitter ត្រូវបានចែកចាយបន្តជិត៥០០០ដង។

សំណាងល្អ ដោយមានជំនួយពីសហព័ន្ធកីឡាបាល់ទាត់អេក្វាឌ័រ កាបូបរបស់គេត្រូវបានរកឃើញវិញ។
សូមជម្រាបថា Pervis ជាអតីតយុវជន LDU Quito និងបានមកអឺរ៉ុបក្នុងឆ្នាំ២០១៦ ដោយចូលរួម Watford។ ប៉ុន្តែត្រូវបានបញ្ចេញឱ្យក្លិប Granada, Almeria, Mallorca និង Osasuna ខ្ចីបន្តរហូតដល់ដំណាច់រដូវកាល២០១៩-២០ មុនពេលចុះកិច្ចសន្យា៧ឆ្នាំជាមួយ Villarreal កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២០ ដែលមានតម្លៃបឋម១៥លានផោន។

គេបានផ្ដើមជាប់ក្នុងក្រុមធំជម្រើសជាតិអេក្វាឌ័រក្នុងខែតុលាឆ្នាំ២០១៩ ហើយមកទល់ពេលនេះបង្ហាញខ្លួនបាន៥លើក ស៊ុតចូល១គ្រាប់ក្នុងនាមខ្សែការពារស្លាបឆ្វេង៕