Zlatan Ibrahimovic ទម្លាយថាបានពិចារណាចូលនិវត្តន៍ តែពន្យារពេលវិញដោយសារ…

ខ្សែប្រយុទ្ធឆ្នើមស៊ុយអែត Zlatan Ibrahimovic បានទម្លាយថាលោកបានពិចារណាចូលនិវត្តន៍ ប៉ុន្តែបានសម្រេចចិត្តពន្យារពេលវិញដើម្បីទទួលយកការល្បងសមត្ថភាពមួយ នោះគឺត្រលប់មកជួយស្រោចស្រង់ AC Milan ឱ្យវិលទៅរកភាពរុងរឿងដូចអតីតកាលវិញ។

AC Milan បានលើកពាន Serie A លើកចុងក្រោយក្នុងរដូវកាល២០១០-១១ អំឡុងពេល Zlatan នៅជាមួយលើកដំបូង។ តែតាំងពីនោះមក អតីតជើងឯកទ្វីបអឺរ៉ុប៧សម័យ បានធ្លាក់កូដខ្លាំង ដែលអន់ជាងគេបំផុតគឺបានលេខ១០ក្នុងលីគកំពូលអ៊ីតាលី និងស្ថិតក្នុងចំណោមក្រុមកំពូលតារាងទាំង៤លើកចុងក្រោយក្នុងរដូវកាល២០១២-១៣។

តែតាំងពីក្រោយពេល Zlatan វិលមកជួយ AC Milan ជាថ្មី ក្រុមនេះក៏ប្រសើរឡើងយ៉ាងគួរឱ្យសរសើរ និងកំពុងឈរកំពូលតារាង Serie A ដោយនាំមុខក្រុមលេខ២ចំនួន៥ពិន្ទុ។ លើសពីនេះ Zlatan ផ្ទាល់ដែលបច្ចុប្បន្នមានអាយុ៣៩ឆ្នាំទៅហើយនោះ កំពុងឈរលេខ១ក្នុងតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេ ដោយរកបាន១០គ្រាប់ពីការចូលលេង៦លើក។ បើសរុបគ្រប់ការប្រកួតតាំងពីក្រោយត្រលប់មកពី LA Galaxy អតីតសមាជិក Juventus, Inter Milan
, Barcelona, PSG, Man Utd ខាងលើរកបាន២២គ្រាប់ពី៣០ប្រកួតសម្រាប់ក្រុមបង្វឹកដោយលោក Stefano Pioli។

Zlatan បាននិយាយក្នុងសម្ភាសន៍ជាមួយ UEFA ថា៖ «សំណួរដំបូងដែលគេសួរខ្ញុំពេលត្រលប់មក Milan វិញគឺពាក់ព័ន្ធនឹងអតីតកីឡាករទាំងអស់ដែលបានវិលមកវិញតែមិនបានលេងល្អដល់ស្តង់ដារត៍ដូចកាលពួកគេនៅក្លិបលើកទី១ គឺពួកគេបរាជ័យ។ តើអ្វីជាភាពខុសគ្នាក្នុងករណីរបស់ខ្ញុំ? ខ្ញុំបានឆ្លើយយ៉ាងសាមញ្ញថាខ្ញុំមិនដែលបាត់បង់ឆន្ទៈចំពោះអ្វីដែលខ្ញុំធ្វើនោះទេ។គ្រប់ពេលដែលខ្ញុំចូលទីលាន ខ្ញុំមានអារម្មណ៍ដូចជាកូនក្មេងម្នាក់ទើបបានស្ករគ្រាប់ញ៉ាំជាលើកដំបូងអីចឹង។ ខ្ញុំដឹងថាបាល់ជាកល្យាណមិត្តរបស់ខ្ញុំ ហើយខ្ញុំចង់នៅជាមួយកល្យាណមិត្តរបស់ខ្ញុំដល់ទីបញ្ចប់នៃជីវិត»។

«ជីវិតគឺជាការល្បងសមត្ថភាព។ ខ្ញុំបានមានអារម្មណ៍ថាខ្ញុំបានធ្វើគ្រប់គ្រាន់ហើយហើយខ្ញុំបានចាប់ផ្ដើមគិតថាតើគួរបន្តឬឈប់។ សម្រាប់ខ្ញុំវាជាការល្បងសមត្ថភាពធំមួយក្នុងការត្រលប់មកទីនេះវិញដើម្បីព្យាយាមផ្លាស់ប្ដូរស្មារតីផ្លូវចិត្ត, ដើម្បីកែប្រែស្ថានការណ៍ និងដើម្បីធ្វើឱ្យកីឡាករទាំងឡាយយល់ថា Milan យ៉ាងម៉េច។ Milan ដែលខ្ញុំស្គាល់គឺជា Milan ដែលពិភពលោកស្គាល់»។

Zlatan សង្កត់ធ្ងន់ថាលោកមិនចេះឆ្អែតឆ្អន់ទេ លោកតែងតែចង់បានថែមទៀត អីចឹងហើយបានជាលោកមក AC Milan និងអាចធ្វើអ្វីដែលលោកកំពុងធ្វើរាល់ថ្ងៃនេះ។ លោកមានអារម្មណ៍ថាក្មេងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

លោកអះអាងថារាល់ពេលលោកចូលលេង លោកតែងបញ្ចេញអស់ពីសមត្ថភាពនិងឆន្ទៈ ហើយដាក់សម្ពាធលើមិត្តរួមក្រុមឱ្យប្រឹងលេងអស់ពីសមត្ថភាពរបស់ពួកគេរៀងខ្លួន។ លោកសារភាពថាមិត្តរួមក្រុមខ្លះទទួលយកសម្ពាធរបស់លោកដោយរីករាយ ខ្លះទទួលយកតិចតួចជាងបន្តិច ខណៈអ្នកខ្លះទៀតមិនអាចរ៉ាប់រងបាន។ លោកបន្ថែមថា៖ «អ្នកហ្វឹកហាត់របៀបម៉េច ពេលអ្នកលេងក៏របៀបនោះដែរ»៕

Monghak Yonghttps://ams.com.kh/
លោក យ៉ុង ម៉ុងហាក់ ជា ពិធីករ អ្នកអត្ថាធិប្បាយ និង ជាការីនិពន្ធព័ត៌មានកីឡា ដែលមាន បទពិសោធការងារនៅស្ថាប័នធំៗមួយចំនួនក្នុងប្រទេសកម្ពុជា ទាំងទូរទស្សន៍ និង វេបសាយ។ លោក ម៉ុងហាក់ បាននិងកំពុងបំពេញការងារជាអ្នកសារព័ត៌មានកីឡា១០ឆ្នាំមកហើយ ។ លោក មានចំណេះដឹងកីឡាទាំងជាតិនិងអន្តរជាតិយ៉ាងច្បាស់លាស់ និងបរិយាយប្រកបដោយវិជ្ជាជីវៈ។ សព្វថ្ងៃ​លោកជា​និពន្ធនាយកប្រចាំ AMS SPORTS៕

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
149FollowersFollow
13,700SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ