Skip to content
ទោះ​វ័យ​៣៤​ឆ្នាំ​ហើយ​ក្ដី តែ Schrock ត​កិច្ចសន្យា​៣​ឆ្នាំ​ទៀត​ជាមួយ United City
    ទំព័រដើម  »  កីឡាជាតិ

ទោះ​វ័យ​៣៤​ឆ្នាំ​ហើយ​ក្ដី តែ Schrock ត​កិច្ចសន្យា​៣​ឆ្នាំ​ទៀត​ជាមួយ United City

ខ្សែ​បម្រើ​វ័យ​៣៤​ឆ្នាំ​​ Stephan Schrock បាន​ចុះ​កិច្ចសន្យា​ថ្មី​៣​ឆ្នាំ​ទៀត​ជាមួយ​ក្លិប United City FC ជា​ទី​ដែល​គេ​បាន​រួម​រស់​ជាមួយ​តាំង​ពី​ឆ្នាំ​២០១៦​និង​ដើម​ឡើយ​ឈ្មោះ Ceres Negros​។

Schrock ដែល​ជា​អតីត​កីឡាករ​លេង​នៅ​ក្របខ័ណ្ឌ Bundesliga ជាមួយ​ក្លិប Hoffenheim និង Frankfurt រវាង​ឆ្នាំ​២០១២​ដល់​២០១៤ បាន​រួម​ចំណែក​ជួយ United City ឈ្នះ​ជើងឯក​លីគ​កំពូល​ហ្វ៊ីលីពីន​៤​រដូវកាល​ចុង​ក្រោយ​ជាប់​គ្នា និង​ឈ្នះ​ពាន​រង្វាន់​បាល់​មាស​(​កីឡាករ​ឆ្នើម​ប្រចាំ​រដូវកាល)​​២​ឆ្នាំ​​ចុង​ក្រោយ​ជាប់​គ្នា​​ផង​ដែរ​។

ក្លិប United City FC ​បាន​និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​​៖ «ក្រុម​នីមួយ​ៗ​ត្រូវ​ការ​ប្រធាន​ក្រុម​ដែល​រឹងមាំ​និង​មាន​ភាព​ជា​អ្នក​ដឹកនាំ ហើយ UCFC មាន​មោទនភាព​ដែល​មាន​ប្រធាន​ក្រុម​ល្អ​បំផុត​ម្នាក់​ក្នុង​លោក​នៅ​ជាមួយ​យ៉ាង​ហោច​៣​ឆ្នាំ​ទៀត​»។

Schrock ដែល​មាន​ឪពុក​ជនជាតិ​អាល្លឺម៉ង់​​និង​ម្ដាយ​ហ្វ៊ីលីពីន បាន​ផ្ដើម​អាជីព​នៅ​ក្លិប Greuther Furth ពី​២០០៤​ដល់​២០១២ រួច​ផ្លាស់​ចូល Hoffenheim ក្នុង​រដូវកាល​២០១២-១៣ មុន​​លេង​ឱ្យ Eintracht Frankfurt ក្នុង​រដូវ​កាល​២០១៣-១៤​។ គេ​វិល​មក​លេង​ឱ្យ Greuther Furth វិញ​​ក្នុង​ឆ្នាំ​២០១៤ មុន​មក​លេង​ក្នុង​លីគ​ហ្វ៊ីលីពីន​ក្នុងឆ្នាំ​២០១៦​។

គេ​បាន​ជាប់​ជម្រើស​ជាតិ​យុវជន​អាល្លឺម៉ង់​ពី​ U18 ដល់ U20 រវាង​ឆ្នាំ​២០០៤​និង​២០០៥ តែ​បាន​ប្ដូរ​មក​លេង​ឱ្យ​ហ្វ៊ីលីពីន​​ក្នុង​​ឆ្នាំ​២០០៩​ក្នុង​ឈុត​អូឡាំពិក មុន​ឡើង​ចូល​ក្រុម​ធំ​ក្នុង​ឆ្នាំ​២០១១​មក​ទល់​បច្ចុប្បន្ន​ដែល​គេ​ជា​ប្រធាន​ក្រុម​បន្ត​ពី Phil Younghusband​។

ក្រៅ​ពី Schrock ក្លិប UCFC ក៏​បាន​ប្រកាស​ពី​ការ​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​តារា​ឆ្នើម​ៗ​ប្រចាំ​ក្លិប​ផ្សេង​ទៀត​ដូច​ជា Mike Ott, Bienvenido Maranon និង Angelo Marasigan ផង​ដែរ​សម្រាប់​រដូវកាល​ថ្មី​​២០២១​៕