Skip to content
Man City ប្រកាស​ជា​ផ្លូវការ​ថា Aguero នឹង​ចាកចេញ​ពី​ក្លិប​នៅ​ដំណាច់​រដូវកាល​នេះ
    ទំព័រដើម  »  កីឡាជាតិ

Man City ប្រកាស​ជា​ផ្លូវការ​ថា Aguero នឹង​ចាកចេញ​ពី​ក្លិប​នៅ​ដំណាច់​រដូវកាល​នេះ

ក្លិប​បាល់ទាត់ Manchester City បញ្ជាក់​ថា​​ម្ចាស់​ឯតទគ្គកម្ម​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​គឺ​ខ្សែ​ប្រយុទ្ធ Sergio Aguero នឹង​ចាកចេញពី​ក្លិប​នៅ​ដំណាច់រ​ដូវ​កាល​២០២០-២១​នេះ​។

កិច្ច​សន្យា​របស់​តារា​ឆ្នើម​អាហ្សង់ទីន​វ័យ​៣២​ឆ្នាំ​ជាមួយ Man City អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​​​កិច្ចសន្យា​ថ្មី​នឹង​មិន​កើត​មាន​ឡើយ​។

Aguero បាន​ផ្ទេរ​ពី Atletico Madrid មក Man City ក្នុង​ឆ្នាំ​២០១១​។ មក​ទល់​ពេលនេះ អតីត​កូន​ប្រសារ​លោក Diego Maradona ខាង​លើ រក​បាន​២៥៧​គ្រាប់​សម្រាប់​ក្លិប​មេឃ​ខៀវ​ពីការ​បង្ហាញ​ខ្លួន​៣៨៤​លើក​។

Man City នឹង​ធ្វើ​រូប​សំណាក Aguero ​នៅ​កីឡដ្ឋាន Etihad រួម​ជាមួយ​អតីត​ប្រធានក្រុម Vincent Kompany និង​ខ្សែ​បម្រើ​ដ៏​មាន​ឥទ្ធិពល David Silva ដែល​បាន​ចាកចេញពី​ក្លិប​ក្នុង​ឆ្នាំ​២០១៩​និង​២០២០​​ជា​បន្តបន្ទាប់​។

អ្នក​ទាំង​៣​នេះ​បាន​ដើរ​តួ​នាទី​​ចម្បង​ជាង​គេ​ក្នុងការ​កសាង Man City ឱ្យ​ក្លាយ​ជាក្រុម​ខ្លាំង​មួយ​មក​ទល់​បច្ចុប្បន្ន។ ក្នុងនោះ Aguero បាន​ស៊ុត​ចូល​គ្រាប់​ជ័យជម្នះ​ក្នុងម៉ោង​បន្ថែម​ទល់ QPR ក្នុង​ឆ្នាំ​២០១២​ ​ជួយ Man City ឈ្នះ​ជើងឯក​លីគ​កំពូល​អង់គ្លេស​ជា​លើកដំបូង​ក្នុង​ពេល​៤៤​ឆ្នាំ​។

បន្ទាប់​ពីនោះ​មក Aguero ​បាន​ជួយ Man City ឈ្នះ Premier League ៣​ដង​ផ្សេង​ទៀត, FA Cup ១​ដង និង League Cup ៥​ដង​។

Aguero ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ Premier League (១៨១​គ្រាប់​មក​ទល់​ថ្ងៃ៣០​មីនា​នេះ) នៅ​ក្រោម Alan Shearer (២៦០​គ្រាប់), Wayne Rooney (២០៨​គ្រាប់) និង Andrew Cole (១៨៧​គ្រាប់)។

ប៉ុន្តែ​បើ​​​ធៀប​ចំនួន​គ្រាប់​ទៅនឹង​ចំនួន​ប្រកួត Aguero មាន​ស្ថិតិ​ប្រសើរ​ជាង​គេ​ក្នុង​លីគ​កំពូល​អង់គ្លេស​តាំង​ពី​ឆ្នាំ​១៩៩២​មក​៖

គ្រាប់បាល់ដែល Aguero រក​បាន​ក្នុង​រដូវកាល​នីមួយ​ៗនៅ Man City ៖

ពេលនេះ​មាន​ក្លិប​ធំ​ៗ​មួយ​ចំនួន​ត្រូវ​បាន​រាយការណ៍​ថា​ចាប់​អារម្មណ៍​ Aguero ក្នុងនោះ​មាន​ដូច​ជា Barcelona, Paris St Germain, Juventus និង Inter Milan​។ Chelsea ក៏​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​តាម​ដាន​មើ​ល​ស្ថានភាព​ដែរ ប្រសិន Aguero ចង់​លេង​ Premier League បន្ត​ទៀត ពួក​គេ​នឹង​​ចូល​ខ្លួន​ប្រជែង​យក​ខ្សែ​ប្រយុទ្ធ​រូបនេះ​៕