Skip to content
Atletico Madrid ​ខិត​កាន់​តែ​ក្បែរ​ពាន La Liga ក្រោយ​ឈ្នះ​យប់មិញ
    ទំព័រដើម  »  កីឡាជាតិ

Atletico Madrid ​ខិត​កាន់​តែ​ក្បែរ​ពាន La Liga ក្រោយ​ឈ្នះ​យប់មិញ

ក្រុម Atletico Madrid ​បាន​បោះជំហាន​ទៅ​មុខមួយ​ជំហាន​ទៀត​​ទៅ​ជិត​ភាព​ជា​ជើងឯក La Liga ២០២០-២១ បន្ទាប់ពី​​ផ្ដួល Real Sociedad ២-១​យប់មិញ​។

Atletico ដែល​ខាន​ឈ្នះ​ជើងឯក​លីគ​កំពូល​អេស្ប៉ាញ​តាំង​ពី​២០១៤មក បាន​នាំ​មុខ​២​គ្រាប់​មុន​ដោយ Yannick Carrasco ក្នុងនាទី​១៦ និង Angel Correa ក្នុង​នាទី​២៨ មុនពេល Igor Zubeldia រក​បាន​​គ្រាប់​លួង​ចិត្ត​សម្រាប់​ក្រុម​ភ្ញៀវ​ក្នុង​នាទី​៨៣​។

ខ្សែ​បម្រើ​បែលហ្ស៊ិក Carrasco ស៊ុត​ចូល​៤​គ្រាប់​និង​អាស៊ីស​៤​គ្រាប់​ក្នុង​ការ​លេង La Liga ៧​ប្រកួត​ចុងក្រោយ​សម្រាប់ Atletico​។

ក្រុម​លោក Diego Simeone ពេលនេះ​មាន​៨០​ពិន្ទុ​ពី​៣៦​ប្រកួត នៅលើ​ក្រុម​លេខ​២ Barcelona ចំនួន​៤​ពិន្ទុ និង​លើ​ក្រុម​លេខ​៣ Real Madrid ចំនួន​៥​ពិន្ទុ តែ​​គូ​ប្រជែង​ខាង​ក្រោយ​លេង​តិច​ជាង​១​ប្រកួត​។​ Real ត្រូវ​លេង​នៅ​ទឹកដី Granada ម៉ោង​៣​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​លោក Zinedine Zidane ​បាន​ចុះ​ឈ្មោះ​ខ្សែ​ការពារ​តែ​៤​នាក់​ប៉ុណ្ណោះ​ក្នុង​បញ្ជី​សម្រាប់​ការ​ប្រកួត​។

Atletico នឹង​ឈ្នះ​ជើងឯក​លីគកំពូល​អេស្ប៉ាញ​ជា​លើក​ទី​១១​ក្នុង​ប្រវត្តិសាស្ត្រ​ពួក​គេ ប្រសិន​ពួក​គេ​ឈ្នះ​២​ប្រកួត​ចុង​ក្រោយ​ដែល​នៅ​សល់ ឬ​ក្នុង​ករណី​គូ​ប្រជែង​ធំ​ៗ​ទាំង​២​ខាង​លើ​​​ធ្វើ​មិនបាន​ល្អ​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់​។

Atletico នឹង​ទទួល​ក្រុម​លេខ​១១​ក្នុង​តារាង Osasuna នា​ថ្ងៃ​អាទិត្យ​ទី​១៦​ខែ​ឧសភា មុនពេល​បញ្ចប់​រដូវកាល​មួយ​សប្ដាហ៍​បន្ទាប់​នៅ​ទឹកដី Real Valladolid ដែល​ជា​ក្រុម​កំពុង​ឈរ​លេខ​រៀងទី​១៨។

Real Madrid ជា​គូ​ប្រជែង​ដែល​មានភាព​គំរាម​កំហែង​ជាង​គេ​របស់ Atletico បើ​ក្រុម​នេះ​ឈ្នះ Granada យប់​នេះ​។ លើស​ពីនេះ ប្រសិនទី​បញ្ចប់ Real និង Atletico មានពិន្ទុ​ស្មើ​គ្នា ពាន​នឹង​បាន​លើ Real ព្រោះ​មាន​ប្រៀប head-to-head​។ ដូច្នេះ Atletico មុខ​ជា​មិន​ត្រូវ​បណ្ដោយ​ឱ្យ​របូត​ពិន្ទុ​ឡើយ​​៕