Skip to content
McGregor ជា​អ្នកកីឡា​រក​ចំណូល​បាន​ច្រើន​​ជាង​គេ​ក្នុង​ឆ្នាំ​២០២០ គឺ​លើស​ Messi និង CR7 ទៅទៀត ដោយសារ…
    ទំព័រដើម  »  កីឡាជាតិ

McGregor ជា​អ្នកកីឡា​រក​ចំណូល​បាន​ច្រើន​​ជាង​គេ​ក្នុង​ឆ្នាំ​២០២០ គឺ​លើស​ Messi និង CR7 ទៅទៀត ដោយសារ…

តាម​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី Forbes ​ថ្ងៃ​ពុធ​ទី​១២​ខែ​ឧសភា​ឆ្នាំ​២០២១ កំពូល​តារា​គុន​ចម្រុះ Conor McGregor ​ជា​អ្នក​កីឡា​ដែល​មាន​​ចំណូល​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០២០ ដោយ​រក​បាន​១៨០លាន​ដុល្លារ ភាគ​ច្រើន​បាន​មកពី​ក្រុមហ៊ុន​​​រកស៊ី​។

កីឡាករ​ជនជាតិ​អៀរឡង់​វ័យ​៣២​ឆ្នាំ ឡើង​ប្រកួត​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០២០ ហើយ​រក​បាន​ប្រហែល​២២​លាន​ដុល្លារ​ពី​ជ័យជម្នះ​លើ​កីឡាករ Donald Cerrone ក្នុង​ខែ​មករា​ឆ្នាំ​មុន​។

ភាគ​ច្រើន​នៃ​ចំណូល​របស់​អតីត​ជាង​ទឹក​រូបនេះ​ក្នុង​ឆ្នាំ​មុន​បាន​មក​ពី​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ គឺ​ប្រមាណ​១៥៨​លាន​ដុល្លារ​ ដែល​រួម​បញ្ចូល​ទាំង​ការ​លក់​យីហោ​ស្រា​វីស្គី Proper Twelve របស់​គេ​ផង​ដែរ​។

McGregor ជា​អ្នក​កីឡា​ម្នាក់​ក្នុង​ចំណោម​៤នាក់​ប៉ុណ្ណោះ​ដែល​រក​បាន​ចំណូល​១០០​លាន​ដុល្លារ​ឡើង​ក្នុង​ឆ្នាំ​២០២០​។

កំពូល​តារា​បាល់ទាត់ Lionel Messi របស់ Barcelona ស្ថិត​នៅ​លេខ​រៀង​ទី​២ ដោយ​រក​បាន​១៣០លាន​ដុល្លារ បន្ត​ដោយ Cristiano Ronaldo ​របស់ Juventus ដែល​រក​បាន​១២០​លាន​ដុល្លារ​។

កីឡាករ​បាល់ឱប​អាមេរិក Dak Prescott របស់​ក្លិប Dallas Cowboys ស្ថិត​នៅ​លេខ​រៀង​ទី​៤ រក​បាន​១០៧.៥​លាន​ដុល្លារ​។ ភាគ​ច្រើន​នៃ​ចំណូល​របស់ Prescott ​ឆ្នាំ​ទៅ បាន​មក​ពី​​ប្រាក់​រង្វាន់​នៃ​ការ​ស៊ីញេ​កិច្ចសន្យា​ថ្មី​ គឺ​ចំនួន​​​៦៦​លាន​ដុល្លារ​។

កីឡាករ​បាល់​បោះ LeBron James ស្ថិត​នៅ​លេខ​រៀង​ទី​៥ រក​បាន​៩៦.៥​លាន​ដុល្លារ បន្ទាប់​ពី​នាំ​ក្រុម Los Angeles Lakers គ្រង​ជើងឯក NBA​។ ក្នុង​ចំណោម​ទឹក​ប្រាក់នោះ ៦៥​លាន​ដុល្លារ​បាន​មក​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​និង​សកម្មភាព​នានា​ក្រៅ​ទីលាន​ប្រកួត​។

ខ្សែ​ប្រយុទ្ធ Neymar ​របស់ Paris St Germain ស្ថិត​នៅ​លេខ​រៀង​ទី​៦ រក​បាន​៩៥​លាន​ដុល្លារ​។

កំពូល​តារា​វាយ​កូន​បាល់​ស្វ៊ីស Roger Federer រក​បាន​៩០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ ទោះ​បី​ឆ្នាំ​មុន​ម្ចាស់​ជើងឯក Grand Slam ២០​ដង​រូបនេះ​លេង​តែ​១​ពាន​រង្វាន់​ក៏​ដោយ​។

ក្នុង​លំដាប់ Top 10 ដែរ កំពូល​កីឡាករ​ប្រណាំង​រថយន្ត Formula One : Lewis Hamilton រក​បាន​៨២​លាន​ដុល្លារ, កីឡាករ​បាល់​ឱប​អាមេរិក​ Tom Brady របស់ Tampa Bay Buccaneers រក​បាន​៧៦​លាន​ដុល្លារ និង​​តារា​បាល់​បោះ​​អាមេរិក Kevin Durant របស់​ក្លិប Brooklyn Nets ​រក​បាន​៧៥​លាន​ដុល្លារ​ ស្ថិត​នៅ​លំដាប់​ទី​១០​នៃ​អ្នក​កីឡា​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០២០​៕