សម្តេចធិបតីកោតសរសើរភរិយាថា គាត់នៅតែសាមញ្ញ ទោះបីជាបច្ចុប្បន្នគាត់ជាស្រ្តីទី១ ក៏ដោយ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញមុខការពារ និងថ្លែងកោតសរសើរភរិយាថា ១៨ឆ្នាំហើយតាំងពីស្គាល់គាត់ គាត់នៅតែសាមញ្ញ មិនប្រែប្រួល ទោះបីជាបច្ចុប្បន្ន គាត់ជាស្រ្តីទី១ ក៏ដោយ ។ សម្ដេច ថា លោកជំទាវ គឺជាភរិយាមួយរូប ដែលមិនលូកលាន់ការងារស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ។ដូច្នេះ កុំនិយាយដល់រឿងអន្ដរាគមន៍ តំណែងមន្រ្ដី គឺភរិយារបស់សម្ដេចមិនធ្វើនោះទេ ។

ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃមុន លោកជំទាវសួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថា ជាយួនជនផ្ដាច់ការ និងថា ពុករលួយ សម្ដចតបប្រាប់ លោកជំទាវវិញថា ធ្វើម៉េចបើជាប្រពន្ធនាយករដ្ឋមន្រ្ដី ទៅហើយ ដូច្នេះត្រូវតែប្រឈមនឹងបញ្ហាខ្លះៗ ។

សម្ដេចធិបតី បន្តថា ប្រជាពលរដ្ឋបានឃើញសកម្មភាព របស់លោកជំទាវជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចជា៖ សកម្មភាពកាលជំនានកូវីដ១៩ កិច្ចការសង្គម ជាមួយក្រុមគ្រូពេទ្យ TYDA ការចុះមូលដ្ឋានជួយប្រជាពលរដ្ឋ និងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋជាដើម ពិសេស គឺភាពសាមញ្ញារបស់លោកជំទាវ និងមានភាពរួសរាយរាកទាក់ ទោះបីលោកជំទាវក្លាយជាស្ត្រីទី១ ក៏មិនប្រែប្រួលឡើយ ។

សម្ដេចបានបញ្ជាក់ថា គាត់ជាភរិយាដែលមិនដែលលូកលាន់ ការងារស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿង អន្តរាគមន៍តំណែងមន្ត្រី រឿងពាក់ព័ន្ធជាមួយកិច្ចការងារប្ដី ភរិយារបស់ខ្ញុំ មិនដែលពាក់ព័ន្ធនោះឡើយ តាំងពីខ្ញុំ នៅកាន់អង្គភាពដំបូងមកម្ល៉េះ គឺភរិយារបស់ខ្ញុំ មិនទៅក្បែរតែម្ដង ប្រសិនបើមានកិច្ចការងារ ឬបុណ្យទានផ្សេងៗ ភរិយាខ្ញុំ សុខចិត្តជួយពីចម្ងាយ ដើម្បីកុំឲ្យមានពាក្យ ។

លោកជំទាវ បានបញ្ចប់ការសិក្សាបរិញ្ញាបត្រឱសថសាស្ត្រ នៅសាកលវិទ្យាល័យជាតិសុខាភិបាល និងបានបន្តបរិញ្ញាបត្រជាន់ខ្ពស់ នៅសហរដ្ឋអាមេរិក ជំនាញសុខភាពសាធារណៈ ចប់ទៅ ក៏បន្តថ្នាក់បណ្ឌិត នៅចក្រភពអង់គ្លេស។ ពេលគាត់ត្រឡប់មកវិញ ក្រសួងសុខាភិបាល ក៏សុំឱ្យលោកជំទាវ ធ្វើការជួយក្រសួង បម្រើប្រជាជនដែរ តែលោកជំទាវ មានឆន្ទៈចង់ចុះជួយប្រជាជនដោយផ្ទាល់ នៅមូលដ្ឋានក្នុងលក្ខណៈសាមញ្ញ ហើយមកដល់ម៉ោងនេះ ក៏លោកជំទាវមិនប្រែប្រួលដែរ គឺនៅតែយកចិត្តទុកដាក់ លើសុខភាពសាធារណៈ ពិសេសជាមួយសមាគមពេទ្យ TYDA ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណចំពោះភរិយា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលជួយបម្រើប្រជាជន និងប្រទេសជាតិ ជួយអាយុជីវិតប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ នោះគឺកាលពីអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ទូទាំងប្រទេស ដែលចេញមកជួយការពារគ្រួសាររបស់សម្ដេច នៅពេលមានក្រុមប្រឆាំង ចេះតែយករឿងផ្សេងៗមកវាយប្រហារ ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សម្ដេចថា ក្នុងនាមជាប្ដី គឺត្រូវតែការពារកិត្តិយសភរិយា និងគ្រួសារ មិនឱ្យអ្នកណា មកបំពានបានឡើយ ៕
អត្ថបទ:វណ្ណលុក
រូបភាព: វេង លីមហួត,សួង ពិសិដ្ឋ ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner