សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយផុសផុលស្រុះគ្នា ទើបបង្កើតបានចលនាគាំទ្រ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាផលប្រយោជន៍ជាតិ

(ភ្នំពេញ)៖ ដោយសារការផ្សព្វផ្សាយស្រុះគ្នា បង្កើតចលនាគាំទ្រ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាផលប្រយោជន៍ជាតិយើង ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្ទុះនៃការបំផុសទឹកចិត្ដរបស់យើង ជាពិសេស នៅក្នុងគាំទ្រដល់រាជរដ្ឋាភិបាល ទៅដល់សម្ដេចតេជោ ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេស ដូចជាក់ស្ដែងរឿង ព្រែកជីកហ្វូណន គឺបានបង្កើតជាចលនាជាតិនិយមមួយធំណាស់ ហើយបង្កទៅបាន ដោយសារការផ្សព្វផ្សាយស្រុះគ្នា ប្រើប្រាស់សិទ្ធិ និងប្រើប្រាស់ការបញ្ចេញមតិរួមគ្នា ដើម្បីជំរុញគាំទ្រនូវអ្វី ដែលជាផលប្រយោជន៍ជាតិយើង ។

សម្តេចធិបតី បាន​បន្តថា ការផុលផុសនេះ គឺជាអំណាចទី៤ ដែលជាអំណាចធំណាស់ នៃការប្រមូលផ្ដុំកម្លាំងជាតិ អត់ចាំបាច់ចេញពីបទបញ្ជារាជរដ្ឋាភិបាល, មិនចាំបាច់ ត្រូវការចេញពីតុលាការ ចេញពីច្បាប់នោះទេ តែទឹកចិត្ដការបំផុសនូវចលនានេះ តាមរយៈការចែករំលែកព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលជាអំណាចយើងមើលមិនឃើញ និងមិនមានចែង នៅក្នុងបទដ្ឋាន ប៉ុន្ដែជាការបំផុសមួយដ៏ធំ ។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋខ្មែរ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានគាំទ្រ។ សម្តេច ថា មិនឃើញមានចលនាគាំទ្រណា ដូចការគាំទ្រគម្រោង សាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ ។

គម្រោងព្រែកជីកហ្វូណន-តេជោ តភ្ជាប់ពីទន្លេមេគង្គ ទៅសមុទ្រ គឺជាគម្រោងប្រវត្តិសាស្ត្រថ្មីមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ជូនជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ តាមរយៈការដឹកជញ្ជូនតាមផ្លូវទឹក និងនាវាចរណ៍ ឲ្យកាន់តែមានភាពល្អប្រសើរឡើង ក៏ដូចជាការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា ទៅថ្នាក់តំបន់ និងពិភពលោក ព្រមទាំងអាចជួយរំដោះទឹកជំនន់ នៅតាមខេត្តភាគនិរតី ជាប្រភពផ្គត់ផ្គង់ទឹក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រកបរបរកសិកម្ម វារីវប្បកម្ម និងជួយសម្រួលការដឹកជញ្ជូន កសិផលនានាពីតាមបណ្តាខេត្ត ឲ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយការចំណាយពេលវេលាជាដើម ។

គម្រោងព្រែកជីក តភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្រ របស់កម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង សរុបប្រមាណ១៨០គីឡូម៉ែត្រ គ្រោងចំណាយទុន ប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សា គម្រោងល្អិតល្អន់ ដោយប្រើពេលវេលា ២៦ខែ ។

គម្រោងនេះ ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ក្នុងឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយក៏ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាល នីតិកាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ទាំងសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការ ជីកព្រែកជីកហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍ ផ្នែកសេដ្ឋកិច្ច ជាពិសេសការតភ្ជាប់បណ្តាញដឹកជញ្ជូន តាមផ្លូវទឹក រវាងទន្លេ និងសមុទ្ររបស់កម្ពុជា ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner