និស្សិតជ័យលាភីទៅសិក្សានៅអូស្រ្តាលី ប្ដេជ្ញាចិត្តថា នឹងចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើន

(ភ្នំពេញ)៖ ក្នុងឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ប្រតិភូនិស្សិតជ័យលាភីអាហារូបករណ៍ ចំនួន ១៨រូប ដឹកនាំលោក ផេង គីមហេង មន្ត្រីពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងត្រូវបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យនានា ក្នុងប្រទេសអូស្រ្តាលី បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញ ចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ។

សូមជម្រាបថា និស្សិតជ័យលាភីទាំង ១៨រូបនេះ គឺមកពីក្រសួង ស្ថាប័នចំរុះនានា មានមកពីក្រសួងសុខាភិបាល, ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងអប់រំ យុវជន និងកីឡា, ទីស្ដីការគណៈរដ្ឋមន្ត្រី, អង្គការជាតិ អង្គការអន្តរជាតិ ក្នុងនោះក៏មានមកពីធនាគារជាតិ នៃកម្ពុជា និងធនាគារ មេប៊ែង ផងដែរ ។

និស្សិតជ័យលាភីទាំងអស់នេះ បានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្ត្រាលី ទៅបំពេញវិជ្ជាមានរយៈពេលចាប់ពី១ឆ្នាំរហូតដល់២ឆ្នាំកន្លះ ដើម្បីទទួលបានអនុបណ្ឌិតនៅលើមុខជំនាញជាច្រើន រួមមានជាអាទ៍ នីតិសាធារណៈអន្តរជាតិ ការរចនាទីក្រុង វិស័យបរិស្ថាននិងជីវភាព សន្តិសុខអន្តរជាតិ សហគ្រិនភាពនិងនវានុវត្តន៍ សុខភាពសាធារណៈ ការគ្រប់គ្រងព័ត៌មានវិទ្យា សេដ្ឋកិច្ច ការអប់រំ ឧស្សាហកម្មច្នៃប្រឌិត ការគ្រប់គ្រងការអភិវឌ្ឍផ្នែកបរិស្ថាន។ល។

គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំ បានទទួលការជូនដំណឹងពី AusAID ដែលជាអង្គការរបស់រដ្ឋាភិបាលអូស្រ្តាលីក្នុងការផ្ដល់អាហារូបករណ៍ ហើយក្រសួងអប់រំយុវជន និងកីឡាបានធ្វើសេចក្តីជូនដំណឹងនេះ ដល់គ្រប់ក្រសួង ស្ថាប័នជាសាធារណៈនានា ហើយនិស្សិតមកពីស្ថាប័នមន្ត្រីរាជការ ឬក៏បុគ្គលិកនៃអង្គការផ្សេងៗមានបំណងចង់សិក្សា គឺអាចដាក់ពាក្យសុំ នៅមជ្ឈមណ្ឌលអូស្ត្រាលីសំរាប់ការបណ្តុះបណ្តាល ACE នេះ ហើយបេក្ខជនដែលជាប់ជាស្ថាពរ បើសិនជាភាសាអង់គ្លេសនៅកម្រិត ត្រូវបន្តរៀនភាសាអង់គ្លេសរយៈពេលមួយឆ្នាំហើយចុងក្រោយនេះត្រូវបានបន្ថយមកនៅរយៈពេល ៦ខែ នៅវិទ្យាស្ថានភាសាបរទេស មុននឹងទៅការសិក្សាជំនាញនៃអាហាររូបករណ៍ដែលទទួលបាន ។

នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ពីដំណើរតស៊ូរបស់សម្ដេច ក៏ដូចជាថ្នាក់ដឹកនាំចាស់ៗ ដែលបាននាំមកនូវសុខសន្តិភាព និងការក៏សាងប្រទេសពីបាតដៃទទេរ និងបានរៀបរាប់ពីការលំបាកនានា មិនដូចជាក្មួយៗ ចៅៗជំនាន់ក្រោយដែលអាចទៅសិក្សាអាហារូបករណ៍ងាយស្រួល ដែលជីដូនជីតា ឬ ឪពុកម្ដាយបានឆ្លងកាត់កន្លងមកក្រោយពីកម្ពុជាឆ្លងកាត់ខ្មែរក្រហមនោះ ។

ក្នុងជំនួបរវាង ឪពុកនិងកូន ឬក៏ដូចជាជីតានិងចៅៗ សម្ដេច បានចោទជាសំនួរចំពោះនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ថា មានចំណាប់អារម្មណ៍យ៉ាងណា ចំពោះដំណើរការប្រព្រឹត្តិទៅរបស់រាជរដ្ឋាភិបាលថ្មី អណត្តិទី៧។ ក្រុមនិស្សិត បានសម្ដែងនូវការពេញចិត្តចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងគណរដ្ឋមន្ត្រីវ័យក្មេង ជំនាន់ថ្មី ដែលបានដំណើរការរយៈពេល៨ខែកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះគណៈរដ្ឋមន្ត្រីថ្មី ដែលរក្សាបានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ អតិផរណាស្ថិតនៅក្នុងការគ្រប់គ្រង អត្រាប្ដូរប្រាក់មានស្ថិរភាព អ្វីៗមានដំណើរការល្អប្រសើរ។ ក្រុមនិស្សិតមានជំនឿយ៉ាងមុតមាំ និងសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលថ្មីអណត្តិទី៧។ ជ័យលាភីទាំងអស់ បានប្ដេជ្ញាចិត្តថា បន្ទាប់ពីបញ្ចប់ការសិក្សា នឹងត្រឡប់មកវិញចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើន។

សម្ដេចតេជោ ក៏បានចែករំលែកផងដែរថា ការផ្ទេរអំណាចពីជំនាន់ចាស់ទៅជំនាន់ថ្មីគឺជារឿងដ៏ត្រឹមត្រូវ ហើយការផ្ទេរនៅពេលនេះគឺដើម្បីស្ថិរភាពយូរអង្វែងរបស់កម្ពុជា ដោយរយៈពេល ៨ខែកន្លងទៅនេះ អ្វីៗបានដំណើរការរលូន មិនមានអ្វីដែលគួរអោយព្រួយបារម្មណ៍នោះទេ។

សម្ដេចតេជោ បានផ្ដាំផ្ញើចំពោះក្មួយៗ និងចៅៗដែលជាជ័យលាភីអាហារូបករណ៍ ដោយសង្ឃឹមថា នឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត ជាមួយនឹងការលះបង់របស់ឪពុកម្ដាយ ជីដូនជីតា ដែលបានខិតខំតស៊ូក្រោយថ្ងៃរំដោះមកដល់ពេលនេះ ធ្វើអោយមានសុខសន្តិភាព និងការអភិវឌ្ឍ និងពេលកំពុងបំពេញការសិក្សាត្រូវចាត់ទុកថាជាឪកាសដែលទទួលបាន និងក្រៅពីមុខវិជ្ជាដែលបានកំណត់ ក៏ត្រូវខិតខំសិក្សាលើមុខវិជ្ជាផ្សេងៗទៀតអោយបានច្រើន រៀនច្រើនកាលណាកាន់តែល្អកាលហ្នឹង ។

សម្ដេចតេជោ ប្រធាព្រឹទ្ធសភា បានជូនពរ កូនក្មួយ និងចៅៗ ជ័យលាភីអាហារូបករណ៍ទាំងអស់ សូមទទួលបានជោគជ័យក្នុងសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីបានត្រឡប់មកបម្រើប្រទេសជាតិយើងនៅពេលខាងមុខនេះ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner