Hamas តប Trump ថា ហ្កាហ្សាមិនមែនសម្រាប់លក់ទេ
ហ្គាហ្សា ៖ ហ្កាហ្សាគឺជាផ្នែកសំខាន់មួយនៃទឹកដីប៉ាឡេស្ទីន មិនមែនជាទ្រព្យសម្បត្តិដែលអាចទិញ ឬលក់បានទេ។
នេះគឺជាការអះអាងរបស់ក្រុមហាម៉ាស់កាលពីថ្ងៃចន្ទ ឆ្លើយតបនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា ប្រទេសរបស់លោក នឹងទិញយក ហើយកាន់កាប់តំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Izzat al-Rishq សមាជិកការិយាល័យនយោបាយនៃក្រុមហាម៉ាស់ ក៏បានថ្កោលទោសការលើកឡើងរបស់លោក ត្រាំ ផងដែរ។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនរបស់យើងនឹងរារាំងផែនការផ្លាស់ទីលំនៅ និងការនិរទេសទាំងអស់ ហើយថា
ហ្កាហ្សាគឺជាកម្មសិទ្ធិរបស់ប្រជាជន។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកបានប្តេជ្ញាចិត្តទិញយក និងកាន់កាប់តំបន់ហ្កាហ្សា ហើយថា សហរដ្ឋអាមេរិកក៏អាចនឹងអនុញ្ញាតឱ្យប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ាចូលរួមកសាងតំបន់ដែលហែកហួរដោយសារសង្រ្គាមនេះឡើងវិញផងដែរ៕
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-24-17-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-24-17-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_13-24-18-1024x682.jpg)
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា