សម្តេចតេជោ ហ៊ុន សែន ទម្លាយរឿងផែនការធ្វើឃាតសម្ដេចដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះនៅក្រុងតាខ្មៅ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានទម្លាយរឿងមានអ្នករៀបផែនការធ្វើឃាតសម្ដេចដោយវាយប្រហារតាមដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។ ដោយសម្តេចបានហៅការរៀបចំផែនការនេះ គឺជាអំពើភេរវកម្ម និងសូមឱ្យបរទេសប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម។ ការទម្លាយអំពីផែនការធ្វើឃាតសម្តេចនេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖ “… សូមផ្តាំផ្ញើផង ផែនការវ៉ៃដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវ៉ៃដ្រូនចូលតាខ្មៅ។ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ នេះគឺជាអំពើភេរវកម្ម ហើយសូមជនបរទេសប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយ នៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវ៉ៃដ្រូនចូលផ្ទះខ្ញុំ អ្នកឯងកុំស្មានថា ពេលដែលអ្នកឯងបញ្ចេញសារមក និងជូនព័ត៌មានសម្រាប់ផែនការបែបនេះ ផ្នែកខាងនេះមិនដឹង! ហើយគ្រាន់តែចង្អុលបង្ហាញថា បាត់មនុស្សខ្លះចេញពីមូលដ្ឋាន គឺវាទាក់ទងនឹងផែនការភេរវកម្ម”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមឱ្យបរទេសកុំលូកលាន់ទៅលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះកម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខ។ ដោយសម្តេចបានចោទសួរថា ហេតុអីបានជាគេចង់សម្លាប់សម្តេច?។ ដោយសម្តេចតេជោ បានអះអាងថា ការចេញបញ្ជារៀបចំផែនការដ្រូនសម្រាប់វ៉ៃប្រហារ គឺទទួលបានព័ត៌មានជាក់លាក់ និងមានសំឡេងគ្រប់គ្រាន់៕
ដោយ៖ពលជ័យ
រូបភាព៖ឆាណែលតេឡេក្រាមអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-55-49-3-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-55-49-2-1024x682.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-11_11-55-49-5-1024x682.jpg)