រដ្ឋបាលខេត្តមានផែនការសង់ប្រាសាទតម្លៃជាង២លានដុល្លារ នៅកណ្ដាលផ្ទៃបឹងតាកែវ

តាកែវ៖រដ្ឋបាលខេត្តតាកែវមានគម្រោងសាងសង់ប្រាសាទតម្លៃជាង​ពីរ​លានដុល្លារអាមេរិកស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ នៃទីរួមខេត្តតាកែវ​ដើម្បី​ទុកជាទីសកា្ករៈគោរពបូជា និងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ តាមពិតទៅកណ្ដាលបឹងតាកែវ​ដែលជាបេះដូងនៃខេត្តនិរតីប្រទេស​មួយនេះ កន្លងទៅប្រមាណកន្លះសតវត្សរ៍មុននេះធ្លាប់មានប្រាសាទ​មួយរួចមកហើយតែត្រូវបានខូចខាតដោយសង្រ្គាម។

ផែនការសង់ប្រាសាទឡើងវិញនេះ ត្រូវបានលើកយកបង្ហាញក្នុង​កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នៅសាល​ប្រជុំសាលាខេត្ត​កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងមន្រ្តីជំនាញបាន​ពិភាក្សាគ្នានិងឱ្យសិក្សា​លើគម្រោងសាងសង់ប្រាសាទមស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ។

គម្រោងសាងសង់ប្រាសាទនៅកណ្ដាលផ្ទៃបឹងតាកែវ គ្រោងនឹង​ចំណាយ​ប្រមាណជាង ២លានដុល្លារ ។ឯកឧត្តម​អភិបាលខេត្តតាកែវបញ្ជាក់ថា ការចំណាយមិនប្រើប្រាស់ថវិកាជាតិទេ ។តែជាថវិកាដែល​បានមកពីការ​ចូលរួម​របស់​សប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស ។គោលបំណង​នៃ​​ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា និងបម្រើ​ឱ្យវិស័យទេសចរណ៍ផងដែរ។លើសពីនេះទុកជាកេរ្ដិ៍ដំណែលសម្រាប់កូន​ចៅ​ជំនាន់ក្រោយ។

បើតាមឯកឧត្តម វ៉ី សំណាង ក្រៅតែពីគម្រោងសង់ប្រាសាទនៅ​កណ្ដាលបឹង រដ្ឋបាល​ខេត្ត​នឹងរៀបចំផ្លូវក្រវាត់​បឹងតាកែវ អមដោយ​សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងប្រមាណ​ជាង១០គីឡួម៉ែត្រ សម្រាប់ធ្វើជាទីលំហែ និងហាត់ប្រាណផងដែរ៕
ដោយ៖តាកែវ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner