សម្តេចប្រធានគណបក្ស ៖ បើនាយករដ្ឋមន្ត្រីដឹកនាំប្រទេសដើរ​ហួសពីបន្ទាត់នយោបាយបក្ស កូនបង្កើតខ្លួនឯង ក៏ដកតំណែងដែរ

កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្សប្រជាជនកម្ពុជា​បានបន្ត​ឆ្លើយតបទៅ​នឹង​ការរិះគន់ទាក់ទង​នឹងឥទ្ធិពលរបស់សម្តេចទៅលើ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី ក៏ដូចជាឥទ្ធិពល​គណបក្ស​ប្រជាជនកម្ពុជា ទៅលើមេដឹក​ជំនាន់ថ្មី ។

ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះ​ឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជា​ប្រធានគណបក្ស សម្តេចបើក​សិទ្ធិពេញទីសម្រាប់ការងារដឹកនាំ របស់គណៈរដ្ឋមន្ត្រីថ្មី តែប្រសិនបើ​នាយករដ្ឋមន្ត្រី​ដឹកនាំប្រទេស ដើរហួសពីបន្ទាត់នយោបាយគណបក្ស កូនបង្កើតខ្លួនឯងក៏ដកតំណែងដែរ ។ សម្ដេចតេជោបន្ត​ថា កុំថា​ឡើយប្រព័ន្ធបោះឆ្នោតសមាមាត្រ សូម្បីតែប្រព័ន្ធឯកត្តនាម ដូចជា​ករណីកូរ៉េខាងត្បូង ការដើរចេញពីបន្ទាត់​នយោបាយគណបក្សដែល​ឈានដល់ប្រធានាធិបតី ប្រកាសច្បាប់អាជ្ញាធរសឹក ក៏គណបក្ស​ខ្លួនឯងបោះ​ឆ្នោតទម្លាក់ប្រធា​នាធិបតីនោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រទេសណាក៏ដោយ ក៏មាន​គណបក្សដែរ ប៉ុន្តែមិនអាចជ្រៀតជ្រែកទៅលើកិច្ចការ​របស់រដ្ឋាភិបាល​ក្នុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សទេ។ នេះជាចំណេះដឹងពី​រដ្ឋបាល​សាធារណៈ ដែលសម្ដេចតេជោ​បង្រៀន​ទៅកាន់ជនបរទេសខ្លះសម្រាប់ការសរសេរ កុំឱ្យអ្នកទាំងនោះ​ចេះ​តែ​សរសេរ​​ពាសណាពាសណី ។

មិនអាចទៅរួចឡើយ ដែលជនបរទេសខាងក្រៅខ្លះចង់ឱ្យសម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាត់ផ្ដាច់ចេញពីសម្ដេច ដែលជាឪពុក ឬគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់​លើការប៉ុនប៉ងបែបនេះថា គណបក្ស​ជាអ្នកអនុម័តគោលនយោបាយ ហើយរាជរដ្ឋាភិបាលត្រូវតែយកគោលនយោបាយទៅអនុវត្តតាម។សម្ដេចតេជោ ក៏បាន​ព្រមាន​ដែរថា ចំពោះធ្វើសកម្មភាពផ្ទុយនឹងរដ្ឋ​ធម្មនុញ្ញ និងគោលនយោបាយរបស់បក្ស ។

សម្ដេចតេជោបានចង្អុលទៅរកការសរសេររបស់ជនបរទេស និងក្រុម​អ្នកសរសេរនៅក្រៅស្រុកមួយចំនួន តែងលើក​ឡើង​នូវពាក្យពេចន៍​មិនគប្បីចំពោះអ្នកបន្តវេទជំនាន់ថ្មី ដែលសំដៅដល់សម្ដចបវរធិបតី ហ៊ុន ម៉ាណែត ថា តែងដើរតាម​ស្រមោល​​របស់ឪពុក ។ សម្ដេច បានចាត់ទុក​ការសរសេរ និងអត្ថាធិប្បាយរបស់អ្នកសរសេរនៅក្រៅស្រុក​គឺជាការ​បង្ហាញ​​ពីភាពល្ងង់ខ្លៅរបស់ខ្លួន ហើយសម្ដេច ក៏បានណែនាំ​ទៅអ្នក​ទាំងនោះ ត្រូវសិក្សាពីប្រព័ន្ធបោះឆ្នោតឱ្យបានច្បាស់ ។

សម្តេចតេជោ ហ៊ុន សែន បានប្រើពាក្យថា «No Way» (គ្មានផ្លូវទេ) ទៅកាន់ជនបរទេសមួយក្ដាប់ដែល​និយមនិយាយពាក្យ «តើនៅ​ពីក្រោយហ៊ុន សែន ជាអ្នកណា» និងពាក្យ «កាលណាហ៊ុន ម៉ាណែត ដើរចេញពី​ស្រមោលឪពុក ឬក្រុមបន្តវេន ពេលណាដើរចេញពីបន្ទាត់​នយោ​បាយរបស់គណបក្សប្រជាជនកម្ពុជា» ៕


ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner